(ប៉េកាំង)៖ ប្រទេសចិននាថ្ងៃចន្ទនេះបានចាប់ផ្តើមបាញ់បង្ហោះ ផ្កាយរណបបញ្ជូនសញ្ញាមួយគ្រឿង ដើម្បីរៀបចំបង្កើតប្រព័ន្ធទំនាក់ទំនងរវាងផែនដី និងយានអវកាស ឆាងអឺ ៤ (Chang’e-4) ដែលត្រូវបានគេគ្រោងនឹងបញ្ជូនទៅកាន់ឋានព្រះច័ន្ទ ដើម្បីធ្វើការសិក្សាស្រាវជ្រាវតំបន់ចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកភពរបស់យើងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។
បើតាមរដ្ឋបាលអវកាសជាតិចិន ហៅកាត់ថា CNSA ផ្កាយរណបខាងលើដែលមានឈ្មោះថា ក្វេកៅ (Queqiao) ត្រូវបានបញ្ជូនទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត ឡុងម៉ាច (Long March-4C) ដែលបានហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបនៃក្រុងស៊ីឆាង (Xichang) ភាគនិរតីប្រទេសចិន កាលពីវេលាម៉ោង ៥៖២៨នាទីព្រឹកថ្ងៃចន្ទនេះ។
អ្នកវិទ្យាសាស្រ្តចិនមានក្តីសង្ឃឹមថា ផ្កាយរណបនេះ Queqiao នឹងបង្កើតជាស្ពានទំនាក់ទំនងមួយ រវាងស្ថានីយគ្រប់គ្រងប្រតិបត្តិការនៅផែនដី និងតំបន់ Far Side of Moon (ផ្នែករបស់ព្រះច័ន្ទដែលយើងមើលពីផែនដីទៅមិនឃើញឡើយ) ជាទីដែលយាន Chang’e-4 ត្រូវគេរំពឹងថានឹងចុះទៅដល់ទីនោះនៅចុងឆ្នាំនេះ។
គួរជម្រាបថា ឈ្មោះ Queqiao របស់ផ្កាយរណបខាងលើ គឺមានន័យថា «ស្ពានល្វាចេក»។ នៅក្នុងរឿងព្រេងចិន សត្វល្វាចេកតែងតែនាំគ្នាប្រើស្លាបរបស់ពួកវា តភ្ជាប់ជាស្ពានមួយ ជារៀងរាល់យប់ទី០៧ នៃខែទី០៧ នៅក្នុងប្រតិទិនច័ន្ទគតិ ដើម្បីអនុញ្ញាតឲ្យនាង Zhi Nu ដែលជាបុត្រីទី ៧ របស់ម្ចាស់ក្សត្រីនៃឋានសួគ៌ ធ្វើដំណើរឆ្លងកាត់ដើម្បីទៅជួបស្វាមីជាទីស្រឡាញ់ ដែលឃ្លាតពីទ្រង់ដោយសារទន្លេ Milky Way។
ចំណុចសំខាន់៖ ដោយសារតែរឿងព្រេងពីបុរាណរាប់ពាន់ឆ្នាំនេះឡើយ ទើបជម្រុញឲ្យវិស័យអវកាសចិនបច្ចុប្បន្ន មានមហិច្ចតាធំក្នុងការកសាងវិមានយ៉ាងពិតប្រាកដមួយ នៅលើឋានព្រះច័ន្ទ។ នេះបើតាមការអះអាងពីរដ្ឋបាលអវកាសជាតិចិន (CNSA)។ ជាក់ស្តែងគំរោងកសាងមូលដ្ឋានមនុស្ស ដើម្បីស្រាវជ្រាវលើព្រះច័ន្ទ ឬក៏អាចនិយាយបានថា ជាការដាក់អាណានិគមលើព្រះច័ន្ទ ដែលប្រទេសនានាមានសិទ្ធិផងដែរ។
វាជារឿងព្រេងនិទានដ៏ល្បីល្បាញមួយនៅប្រទេសចិន ដែលស្ត្រីមួយរូបឈ្មោះ Chang’e (ឆាងអ៊ឺ) បានធ្វើដំណើរទៅរស់នៅឋានព្រះច័ន្ទ ក្រោយពីនាងបានផឹកទឹកផ្តាច់និស្ស័យស្នេហ៍ ទើបនាងអាចក្លាយជាទេពអប្សរ ហោះឡើងទៅរស់នៅក្នុងវិមានមួយលើឋានព្រះច័ន្ទ ដែលអាចស្ថិតនៅក្បែរប្តីរបស់នាង ដែលរស់នៅលើផែនដីនោះជានិច្ច។
ទោះបីជាចិនមានមហិច្ចតាធំជាងនេះ គឺការបញ្ជូនយានទៅភពព្រះអង្គារក៏ដោយ ក៏បេសកកម្មនាំមនុស្សទៅឋានព្រះច័ន្ទ នៅតែជាគោលគំនិតស្នូលដែលត្រូវតែសម្រេចឲ្យបាន។ ខណៈខ្លួនជាមហាអំណាចយោធាលំដាប់ទី ៣ លើលោកទៅហើយនោះ ចិនកាលពីឆ្នាំ២០១៣ ក៏បានក្លាយជាប្រទេសទីបីផងដែរ ដែលបានបញ្ជូនយានរុករកដែលមានឈ្មោះថា Chang’e 3 ទៅចុះចតលើឋានព្រះច័ន្ទប្រកបដោយជោគជ័យ៕