(អាមេរិក)៖ ជីវិតភពផ្សេងមិនមែនជាអ្វីមួយ ដែលសុខៗរត់មករកយើង ឬចេញសញ្ញាឲ្យយើងឃើញច្បាស់ក្រឡែតនោះឡើយ ដោយមនុស្សយើងត្រូវតែប្រឹងប្រែងបន្ថែមទៀត បើសិនជាចង់រកពួកគេឲ្យឆាប់ឃើញ។ ដោយហេតុនេះហើយ ទើបបច្ចេកវិទ្យាគ្រប់ជំពូកត្រូវបានបង្កើត និងគ្រោងនឹងបង្កើតឡើង ក្នុងនោះក៏មាន «AI» ឬដែលយើងហៅថា «បញ្ញាសិប្បនិមិត្ត» ផងដែរ កំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍដោយក្រុមការងារ នៃអង្គការអវកាសនាំមុខគេលើពិភពលោក NASA។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាយប់ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។
ពិតប្រាកដណាស់ មនុស្សភាគច្រើនប្រាកដជាធ្លាប់ឮអំពីបច្ចេកវិទ្យា AI ដែលកំពុងតែវាយលុកខ្លាំងនៅពិភពបច្ចេកវិទ្យា ហើយក្នុងនោះលោកអ្នកមួយចំនួនប្រាកដជាធ្លាប់ភ្លក្សរសជាតិវាខ្លះៗហើយដែរ តាមរយៈ AI នៅលើស្មាតហ្វូនមួយចំនួន ដែលវាបង្ហាញថា ភាពឆ្លាតវៃសិប្បនិមិត្តពិតជាសំខាន់ណាស់ នៅក្នុងបំពេញតួនាទី ក្នុងកាលៈទេសៈមួយដែលលំបាកបំផុត នៅពេលរាងកាយមនុស្សមិនអាចធ្វើការបាន ឬដើម្បីកុំយើងចំណាយពេលគិតច្រើន។
មានមនុស្សមួយចំនួនមានការព្រួយបារម្ភ ក្រោយពីលឺថា អង្គការ NASA ត្រៀមបង្កើតស្ថានីយមួយដើម្បីបំពាក់នូវបច្ចេកវិទ្យា AI ក្នុងការតាមអង្កេតភពអេលៀន Exoplanets។ ពួកគេគិតថា តាមពិតទៅស្ថានីយ AI ដែលគ្រោងនឹងបង្កើតនោះ អាចនឹងត្រូវប្រើប្រាស់ដើម្បីតាមដានសកម្មភាពមនុស្សទៅវិញទេ ជាជាងដើម្បីអង្កេតភពផ្សេងៗនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលត្រូវបានកែវយឺតអវកាសធំៗផ្តល់សញ្ញាសង្ស័យថា អាចមានជីវិតរស់នៅទីនោះក្នុងទម្រង់ណាមួយ។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក Arnold Schwarzenegger ជាអតីតអភិបាលរដ្ឋតិចសាស់ និងជាតារាហូលីវូដជើងចាស់ដ៏ល្បីល្បាញនោះ បានបកស្រាយថា វាមិនមែនជាបច្ចេកវិទ្យា AI ដើម្បីប្រមាញ់មនុស្សនោះទេ ព្រោះមនុស្សជាអ្នកបង្កើត និងមានអំណាចបញ្ជាលើម៉ាស៊ីននេះ ដូច្នេះសូមកុំមានការព្រួយបារម្ភ។ ជាក់ស្តែងមិនមែនមានតែមនុស្សទូទៅឡើយ ដែលបានលើកឡើងពីការព្រួយបារម្ភកន្លង។
តួយ៉ាងដូចជាម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk និងរូបវិទូដ៏ល្បីល្បាញ គឺលោក Stephen Hawking ដែលបានទទួលមរណៈភាពទៅហើយនោះ ក៏ធ្លាប់បង្ហាញការរិះគន់ និងព្រួយបារម្ភចំពោះការប្រឹងអភិវឌ្ឍន៍ AI ដោយបណ្តាប្រទេសមួយចំនួនជាពិសេស គឺអង្គការ NASA នៃសហរដ្ឋអាមេរិកនោះផងដែរ។ ការព្រួយបារម្ភនោះ គឺសំដៅទៅលើ AI ដែលស្ថិតក្នុងចេតនាគ្រប់គ្រងផែនដីកាន់តែខ្លាំងក្លាជាងមុន ជាពិសេសក្នុងវិស័យយោធាតែម្តង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ លោក Stephen Hawking ធ្លាប់បង្ហាញការព្រួយបារម្ភថា ការប្រកួតប្រជែងផ្នែក AI គឺនឹងក្លាយជាទីអវសាននៃពូជពង្សមនុស្សលោក។ ប៉ុន្មានសប្តាហ៍ក្រោយពីការលើកឡើងរបស់ លោក Stephen Hawking លោក Elon Musk ក៏បានបង្ហាញនូវឯកសារមួយ ដោយចង់ស្រាយបំភ្លឺថា ការស្រាវជ្រាវលើបច្ចេកវិទ្យា AI នឹងបង្កើតនូវភាពផ្តាច់ការដ៏អសីលធម៌មួយ ដែលនឹងក្លាយជាអ្វីដែលយើងមិនអាចគេចបាន៕