(អាមេរិក)៖ ដោយសារតែយានអង្កេតភពព្រហស្បតិ៍ Juno នៅតែអាចដំណើរការទៅយ៉ាងល្អនោះ ទើបទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្រេចបន្ថែមពេលវេលាបំពេញបេសកកម្មរបស់វា រយៈពេលបីឆ្នាំទៅមុខទៀត គឺទៅដល់ខែកក្កដា ឆ្នាំ២០២១ ឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Space ដែលត្រូវបានដកស្រង់នៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
បេសកកម្មនៃយានអង្កេត Juno មានទំហំជាទឹកប្រាក់ ១.១ពាន់លានដុល្លារ ត្រូវបានបាញ់បង្ហោះ និងធ្វើដំណើរទៅដល់ភពព្រហស្បតិ៍ កាលពីពាក់កណ្តាលឆ្នាំ២០១៦ ហើយការសម្រេចបង្កើនពេលវេលា នៃការបំពេញបេសសកម្មនៅភពព្រហស្បតិ៍នេះ ត្រូវបានក្រុមគ្រប់គ្រងយាន Juno អះអាងថា វាប្រៀបបីដូចជាការបន្ថែមថាមពល ឲ្យពួកយើងធ្វើការសិក្សាបន្តទៀត ដើម្បីទទួលបានរបកគំហើញដ៏អស្ចារ្យបន្ថែម អំពីភពឧស្ម័នយក្សធំជាងគេលេខ ១ ប្រចាំប្រព័ន្ធព្រះអាទិត្យយើងនេះ។
ថ្វីត្បិតតែយាន Juno ត្រូវពន្យារពេលបំពេញបេសកកម្ម ទៅដល់ខែកក្កដា ឆ្នាំ២០២១ ក៏ពិតមែន ប៉ុន្តែយាននេះត្រូវការពេលរហូតដល់ទៅឆ្នាំ២០២២ ដើម្បីអនុញ្ញាតឲ្យក្រុមគ្រប់គ្រងបេសកកម្មរបស់វានៅលើផែនដី អាចធ្វើការវិភាគអំពីទិន្នន័យនានា ដែលទទួលបានពីវាសិន ទើបធ្វើការបិទបញ្ចប់បេសកកម្មទាំងស្រុង ត្រូវធ្វើឡើងជាក្រោយ។
ជុំវិញបញ្ហា Juno នេះដែរ លោក Thomas Zurbuchen សហប្រធានរដ្ឋបាល សម្រាប់ការដឹកនាំបេសកកម្មវិទ្យាសាស្ត្ររបស់ NASA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានឲ្យដឹងថា «ជាមួយនឹងជំនួយបន្ថែមខាងលើនេះ Juno អាចនឹងធ្វើការបកស្រាយសំនួរដែលជាចម្ងល់ជាយូរណាស់មកហើយបន្ថែមទៀត ដែលទាក់ទងនឹងភពព្រហស្បតិ៍។ បន្ថែមពីនេះ វានឹងធ្វើការបកស្រាយនូវចំណោទផ្នែកវិទ្យាសាស្ត្រ ដែលបានចោទឡើងដោយក្រុមអ្នកស្រាវជ្រាវ ជាយូរណាស់មកហើយ។»
បើតាមអត្ថន័យដែល លោក Thomas បានលើកឡើង ការបន្ថែមពេលវេលាឲ្យ Juno ធ្វើការគោចរកៀកជុំវិញភពព្រហស្បតិ៍ទៀតនោះ វានឹងអាចឲ្យយាននេះ ធ្វើការអង្កេតបានគ្រប់ជ្រុងជ្រោយអំពីបម្រែបម្រួល នៃភពឧស្ម័នយក្សដ៏អស្ចារ្យនេះច្រើនឡើងៗ ដូចជាចលនាព្យុះ និងការប្រែប្រួលពពកឧស្ម័នទាំងនៅតំបន់អេក្វាទ័រ និងប៉ូលទាំងពីររបស់ភព តួយ៉ាងដូចជារូបភាពនានាដែល Juno បានបង្ហាញកន្លងមកដូច្នោះឯង ដែលសុទ្ធសឹងតែជារូបភាពដ៏អស្ចារ្យ និងមិនធ្លាប់បានឃើញពីមុនមកនោះឡើយ។
គួររំលឹកថា យាន Juno ត្រូវបានបាញ់បង្ហោះកាលពីខែសីហា ឆ្នាំ២០១១ និងបានទៅដល់ភពព្រហស្បតិ៍ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ តួនាទីគោលនៃ Juno គឺធ្វើការសិក្សាអំពីកម្លាំងទំនាញ និងដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍ ក៏ដូចជាបរិយាកាសដ៏ក្រាស់បំផុតរបស់វាផងដែរ។ លទ្ធផលទាំងនេះនឹងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា ដើម្បីរកឲ្យឃើញពីរបៀបចាប់កំណើតនៃភពយក្សនេះ និងការវិវឌ្ឍខ្លួនក្លាយជាភពដែលមានកម្លាំងខ្លាំងអស្ចារ្យគួរឲ្យងឿងឆ្ងល់៕