(អាមេរិក)៖ ការសិក្សាថ្មីមួយបានឲ្យដឹងថា ធូលីពេជ្រគឺជារូបធាតុដែលបង្កឲ្យមានការបញ្ចេញពន្លឺដ៏ចម្លែក ដែលមានប្រភពមកពីតំបន់មួយចំនួន នៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នាពេលកន្លងទៅនេះក្រុមតារាវិទូបានដឹងថា ភាគល្អិតដ៏តូចមួយប្រភេទ បាននិងកំពុងបង្កើតបាតុភូតពន្លឺនេះ ដែលគេហៅថា AME ប៉ុន្តែពួកគេមិនអាចកំណត់រកកត្តាបង្កពិតប្រាកដឡើយ ទាល់តែមកដល់ពេលនេះ ទើបមានការសន្និដ្ឋានតាមរយៈលទ្ធផលសិក្សាថ្មី ហើយវាពិតជាបង្កការភ្ញាក់ផ្អើលខ្លាំងណាស់។
នៅក្នុងការសិក្សាថ្មីខាងលើ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់តេឡេស្កូបនៅលើផែនដី ដើម្បីស្វែងរកពន្លឺ AME នៅក្នុងប្រព័ន្ធផ្កាយវ័យក្មេងចំនួន ១៤ នៅទូទាំងកាឡាក់ស៊ី Milky Way។ ពួកគេបានប្រទះឃើញការបញ្ចេញពន្លឺ នៅក្នុងប្រព័ន្ធផ្កាយចំនួន ០៣ ក្នុងចំណោមនោះ ដែលមានប្រភពចេញពីមកចង្កោមធូលី និងឧស្ម័នរបស់ភពនៅជុំវិញផ្កាយទាំងនោះ ហើយក្នុងនៅសំណុំធូលី និងឧស្ម័នទាំងអស់នោះ គេបានរកឃើញនូវវត្តមានត្បូងពេជ្រតូចៗជាច្រើន ដែលយើងអាចហៅថា «ធូលីពេជ្រ ឬពពកធូលីពេជ្រ»។
គួរជម្រាបថា លទ្ធផលនៃការសិក្សាថ្មីនេះ អាចជួយក្រុមតារាវិទូបានយ៉ាងច្រើន ក្នុងការស្វែងយល់ពីការកកើតដំបូងនៃចក្រវាឡ ដែលពោពេញដោយកាឡាក់ស៊ី ផ្កាយ និងភពរាប់មិនអស់នេះ៕