(អាមេរិក)៖ ព្យុះធូលីនៅភពអង្គារ មិនបានបន្ថយឥទ្ធិពលនោះឡើយ ដោយវាកំពុងតែរីករាលដាលយ៉ាងខ្លាំងក្លា នៅផ្ទៃមួយចំហៀងនៃភពក្រហមនេះតែម្តង ខណៈយានរុករយក Curiosity របស់ NASA ដែលមានវត្តមានលើនោះស្រាប់ កំពុងតែរក្សាសុវត្ថិភាពរបស់ខ្លួន ខណៈយានមួយទៀត ដែលស្ថិតនៅផ្ទៃម្ខាងទៀតរបស់ភពអង្គារ ត្រូវបានព្យុះធូលីយក្ស បោកសន្ធប់រួចហើយ។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Space នៅល្ងាចថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។
បើគិតអំពីទំហំព្យុះធូលីយក្សលើភពអង្គារនេះ ជាផ្ទៃនៅលើភពផែនដីវិញ នោះវានឹងអាចគ្របដណ្តប់ទ្វីបអាមេរិកខាងជើង និងប្រទេសរុស្ស៊ីមួយទាំងមូលតែម្តង ដោយគិតត្រឹមថ្ងៃទី១២ ខែមថុនា ពេលវេលានៅលើផែនដី។ ជាក់ស្តែងយាន Opportunity របស់អង្គការ NASA ត្រូវបានធូលីគ្រប់ដណ្តប់រួចទៅហើយ ដោយផ្ទាំងស្រូបពន្លឺព្រះអាទិត្យនៅលើយាននោះមិនអាចដំណើរការទៀតបានឡើយ ហើយវាត្រូវរង់ចាំការធ្វើប្រតិបត្តិការបោសសម្អាតដោយខ្លួនវាសិន ក្រោយព្យុះស្ងប់ស្ងាត់។
បើតាមទិន្នន័យពីយាន Curiosity ព្យុះធូលីយក្សខាងលើនេះ អាចវិវឌ្ឍន៍រហូតដល់ទំហំ ១៥៤គីឡូម៉ែត្រ នៃអង្កត់ផ្ចិតដែលមានទំហំប៉ុននឹងបឹងយក្ស Gale Crater នៅលើភពអង្គារដែរនោះទៅហើយ។ ប៉ុន្តែយាន Curiosity ដើរដោយថាមពលនុយក្លេអ៊ែរ ដូច្នេះការថយចុះនៃពន្លឺព្រះអាទិត្យ ដោយសារតែព្យុះធូលីនោះ នឹងមិនប៉ះពាល់ដល់យានដែលមានអាយុកាល ០៧ឆ្នាំនេះបានឡើយ។
ទោះបីជាបែបនេះក្តី ក្រុមគ្រប់គ្រងយាន Curiosity ពីលើផែនដី នៅតែកំពុងតាមដានព្យុះខាងលើនេះនៅឡើយ។ លោក Rachel Kronyak សមាជិកក្រុមតាមដានបានអះអាងថា «តាមគណនាអំពីស្ថានភាពនៃព្យុះធូលី យើងត្រូវប្រើកាមេរ៉ា Mastcam ចង្អុលទៅឲ្យចំទិញព្រះអាទិត្យ ហើយចាប់ផ្តើមការគណនាអំពីកម្រិត នៃពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យយើងអាចសន្មត់អំពីជម្រៅនៃពន្លឺអុបទិក ជាលក្ខណៈបញ្ឈរតែម្តង…។ កាមេរ៉ា MastCam នៅលើយាន Curisity មានកែវឡេនចំនួនពីរ គឺមួយសម្រាប់ថតរូបស-ខ្មៅ និងមួយទៀតថតវីដេអូអំពីទេសភាពទូទៅ ដើម្បីយកមកពីការសិក្សាច្រើនប្រភេទ…។»
សម្រាប់យាន Opportunity វិញបានឲ្យសញ្ញាមកកាន់ក្រុមគ្រប់គ្រងលើផែនដី កាលពីថ្ងៃទី១០ ខែមិថុនា ដោយបង្ហាញថា វានៅសល់ថាមពលថ្មខ្លះ សម្រាប់ធ្វើការស្តារប្រព័ន្ធដំណើរការឡើងវិញ នៅក្នុងការស្រូបយកថាមពលព្រះអាទិត្យ និងប្រើម៉ាស៊ីនកម្តៅខ្លួនរបស់វា ដើម្បីចៀសវាងការកក ព្រោះភពអង្គារមានសីតុណ្ហភាពត្រជាក់ដល់ដករាប់រយអង្សាសេនាពេលរាត្រី។
គួរបញ្ជាក់ថា ប្រវត្តិជូរចត់មួយក៏ធ្លាប់បានកើតមានឡើងផងដែរ ដោយយាន Spirit ជាបងប្អូនភ្លោះរបស់យាន Opportunity ដែលបានចុះចតលើភពអង្គារ កាលពីខែមករា ឆ្នាំ២០១៤នោះ បានគាំងដំណើរការជារៀងរហូត ដោយសារតែការជាប់ខ្លួននៅក្នុងខ្សាច់-ធូលីនៃភពអង្គារ រហូតដល់កកមិនអាចរើខ្លួនរួចកាលពីឆ្នាំ២០១០។ ប៉ុន្តែពេលនេះ Opportunity មានសំណាងល្អ ព្រោះវាសល់ថាមពលគ្រប់គ្រាន់ ដើម្បីការពារខ្លួនពីការកក៕