(បារាំង)៖ បើតាមអ្នកវិទ្យាសាស្រ្តជនជាតិបារាំងមួយរូប ប្រហោងខ្មៅអាចមានផ្ទុកភពដល់ទៅមួយលាននៅក្បែរវា ហើយភពទាំងនោះអាចមានលទ្ធភាពកើតមាននូវទម្រង់ជីវិត ដូចអ្វីដែលយើងបានសិក្សា និងយល់ដឹងថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅយប់ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
ដោយហេតុតែជីវិតស្ទើរតែមានវត្តមាន នៅរាល់កន្លែងដែលមានទឹករាវនៅលើភពផែនដី ក្រុមអ្នកវិទ្យាសាស្រ្ត តែងតែវាយតម្លៃថា ភពមួយអាចមានលទ្ធភាពទ្រទ្រង់ជីវិតបាន ប្រសិនបើវាធ្វើគោចរនៅក្នុងតំបន់ ដែលទឹករាវអាចមានវត្តមាននៅលើផ្ទៃរបស់វា។ សម្រាប់តំបន់អាចទ្រង់ទ្រង់ជីវិតបាន ដែលគេហៅថា Habitable Zone របស់ព្រះអាទិត្យយើងវិញ គឺមានផ្ទុកភពតែមួយប៉ុណ្ណោះឈ្មោះថា ផែនដីនេះឯង ប៉ុន្តែរឿងនេះអាចមានភាពខុសគ្នា សម្រាប់ប្រព័ន្ធផ្កាយដទៃៗទៀត។ តួយ៉ាងផ្កាយ TRAPPIST-1 អាចភពដូចផែនដីដល់ទៅ ០៣ភព ដែលស្ថិតនៅក្នុងតំបន់ Habitable Zone របស់វា។
លោក Sean Raymond គឺជាអ្នកវិទ្យាសាស្រ្តមកពីប្រទេសបារាំង ដែលធ្វើការសិក្សាស្រាវជ្រាវទៅលើទម្រង់ និងដំណើរវិវត្តន៍របស់ប្រព័ន្ធភព ហើយថ្មីៗនេះ លោកបានដាក់គោលដៅដើម្បីស្វែងរកចំនួនភព ដែលអាចធ្វើគោចរនៅជុំវិញប្រហោងខ្មៅមួយបាន។
បច្ចុប្បន្ននេះ ប្រភេទប្រហោងខ្មៅចំនួន ០២ ដែលអ្នកវិទ្យាសាស្រ្តស្គាល់ច្បាស់បំផុតជាងគេ។ ទីមួយគឺប្រហោងខ្មៅបែប Stellar-mass ដែលមានម៉ាស ឬទម្ងន់ប្រហាក់ប្រហែលនឹងព្រះអាទិត្យ ពីរទៅបីរួមបញ្ចូលគ្នា និងកើតឡើងចេញពីផ្កាយយក្សមួយ បានអស់អាយុទៅហើយផ្ទុះជាបន្ទុះសូភើណូវ៉ា។ មួយទៀត គឺប្រហោងខ្មៅយក្ស ដែលគេហៅថា Supermassive Black Hole គឺមានម៉ាសធ្ងន់ជាងម៉ាសព្រះអាទិត្យ ដល់ទៅរាប់លាន ឬរាប់ពាន់លានដងឯណោះ ហើយត្រូវគេជឿជាក់ថា ប្រហោងខ្មៅប្រភេទនេះ កំពុងពួនសំងំនៅតំបន់កណ្តាលនៃកាឡាក់ស៊ីធំៗភាគច្រើន។
ប្រហោងខ្មៅ ជាទូទៅមានសភាពហាប់ណែនខ្លាំង ដោយប្រហោងខ្មៅមួយ ដែលមានម៉ាសស្មើនឹងព្រះអាទិត្យ គឺមានមុខកាត់តែ ០៦លានគីឡូម៉ែត្រប៉ុណ្ណោះ។ ម៉្យាងវិញទៀត ប្រហោងខ្មៅយក្ស Sagittarius A* ដែលត្រូវគេជឿថា នៅកណ្តាលកាឡាក់ស៊ី Milky Way របស់យើងនោះ និងមានម៉ាសប្រហែលស្មើនឹងម៉ាសព្រះអាទិត្យ ០៤លានដងនោះ គឺមានមុខកាត់ប្រវែង ២៣.៦លានគីឡូម៉ែត្រ ឬស្មើនឹង ៤០ភាគរយនៃទំហំរបស់គន្លងដែលភពពុធ (Mercury) គោចរជុំវិញព្រះអាទិត្យ។
ជុំវិញការស្រមៃអំពីជីវិតនៅជុំវិញប្រហោងខ្មៅ លោក Raymond បានលើកឡើងថា «ភាគច្រើនមានគេឆ្ងល់ថា តើនឹងមានការប្រែប្រួលបែបណា ប្រសិនបើព្រះអាទិត្យ ត្រូវបានជំនួសដោយប្រហោងខ្មៅ ដែលមានម៉ាសស្មើគ្នា។ ចម្លើយនោះគឺថា បើនិយាយអំពីគន្លងរបស់ភព គឺពុំមានការផ្លាស់ប្តូរអ្វីឡើយ។ យ៉ាងណាមិញ វាច្បាស់ណាស់ថា ជីវិតនៅលើផែនដី នឹងជួបបញ្ហាលំបាក ដូចជាកង្វះពន្លឺ និងកម្តៅជាដើម»។
ដោយឡែកប្រសិនបើព្រះអាទិត្យ មានដៃគូដែលជាប្រហោងខ្មៅមានម៉ាសស្មើគ្នា ធ្វើគោចរនៅក្បែរវាវិញនោះ… ឧទាហរណ៍ថានៅចម្ងាយ ១៥លានគីឡូម៉ែត្រ គន្លងរបស់ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង នឹងមិនប្រែប្រួលខ្លាំងឡើយ ដោយគ្រាន់តែកម្លាំងទំនាញរវាងព្រះអាទិត្យ និងប្រហោងខ្មៅដែលជាគូនឹងវា នឹងបណ្តាលឲ្យភពនានា វិលឆាប់បានមួយជុំព្រះអាទិត្យលឿនជាងមុនបន្តិចប៉ុណ្ណោះ។ តួយ៉ាងមួយឆ្នាំរបស់ផែនដី ត្រូវបានថយចុះពី ៣៦៥ថ្ងៃ មកនៅត្រឹម ២៥៨ថ្ងៃជាដើម។
ក្រៅពីករណីដូចខាងលើ លោក Raymond ក៏បានធ្វើការគណនាអំពីចំនួនភព ដែលអាចទ្រទ្រង់ជីវិត ដែលប្រហែលជាមានលទ្ធភាពស្ថិតនៅជុំវិញប្រហោងខ្មៅយក្ស (Supermassive Black Hole) ដែលមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យ ០១លានដងផងដែរ ដោយវានឹងមានមុខកាត់ ឬទំហំប្រហាក់ប្រហែលនឹងព្រះអាទិត្យ។
គួរជម្រាបថា នៅជុំវិញព្រះអាទិត្យ គន្លងដែលភពនានាធ្វើដំណើរអាចទៅនៅផ្តុំកៀកគ្នាបាន ដរាបណាឥទ្ធិពលនៃកម្លាំងទំនាញរបស់ពួកវាមិនទាន់ដល់ដំណាក់កាលខ្លាំង កម្លាំងទំនាញរបស់ព្រះអាទិត្យ ដែលអាចឈានទៅរកការបង្កអស្ថិរភាព នៃគន្លងគោចរ។ លោក Raymond បានគូសបញ្ជាក់ថា ភពមានម៉ាសស្មើផែនដីចំនួនតែ ០៦ប៉ុណ្ណោះ ដែលអាចនៅក្នុងគន្លងរួមផ្តុំមានស្ថិរភាព នៅក្នុងតំបន់ Habitable Zone របស់ព្រះអាទិត្យបាន។
ផ្ទុយមកវិញ ឥទ្ធិពលនៃទំនាញរបស់ Supermassive Black Hole មានកម្លាំងខ្លាំងខុសពីធម្មតា អាចងាយនឹងជម្នះលើកម្លាំងទំនាញរបស់ភព។ ប្រសិនបើព្រះអាទិត្យ ត្រូវបានជំនួសដោយប្រហោងខ្មៅ មានម៉ាសស្មើនឹងម៉ាសរបស់ផ្កាយមួយលានវិញនោះ ភពមានម៉ាសប៉ុនផែនដីចំនួន ៥៥០ភព អាចប្រមូលផ្តុំគ្នានៅលើគន្លងមួយ ក្នុងតំបន់ Habitable Zone បាន។
វិធីមួយដើម្បីបង្កើតតំបន់ Habitable Zone នៅជុំវិញប្រហោងខ្មៅយក្សនេះ គឺត្រូវមានក្រុមផ្កាយនៅចន្លោះខ្លួនវា និងភពនានារបស់វា។ បើតាមករណីខាងលើ ចង្កោមផ្កាយដូចព្រះអាទិត្យចំនួន ០៩ដួង នៅចម្ងាយ ៧៥លានគីឡូម៉ែត្រពីប្រហោងខ្មៅ មានម៉ាសស្មើព្រះអាទិត្យ ០១លានដួងនឹងធ្វើឲ្យភពដូចផែនដីទាំង ៥៥០ទាំងនោះ អាចទ្រទ្រង់ជីវិតបាន។
គួរជម្រាបថា យោងតាមលទ្ធផលខាងលើ លោក Raymond បានធ្វើការគណនាបន្ថែមថា ភពមានម៉ាសប៉ុនផែនដីចំនួន ០១លាន អាចធ្វើគោចរនៅក្នុងតំបន់ Habitable Zone លើគន្លងចំនួន ៤០០ខ្សែខុសគ្នា ហើយគន្លងនីមួយៗមានផ្ទុកភពចំនួន ២,៥០០ភព ដែលមានឃ្លាតពីគ្នា នៅចម្ងាយដូចចម្ងាយពីផែនដីទៅព្រះច័ន្ទ៕