(វ៉ាស៊ីនតោន)៖ ការងាកចង្កូតរបស់អង្គការ NASA ទៅតាមរដ្ឋាភិបាលអាណត្តិថ្មីនោះ ពេលនេះបានទទួលការរិះគន់ហើយ ពីសំណាក់អ្នកវិទ្យាសាស្ត្រ និងជាអវកាសយានិកជើងចាស់មួយរូបរបស់អង្គការអវកាស ដែលតែងនាំមុខគេនៅលើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ Space News នាយប់ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអវកាស នៅក្នុងសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន អវយានិកជើងចាស់ លោក Terry Virts បានធ្វើការរិះគន់ចំៗតែម្តង ចំពោះផែនការកសាងស្ថានីយច្រកទ្វារអវកាសនៅឋានព្រះច័ន្ទ Lunar Orbital Platform-Gateway) ដែលនឹងត្រូវប្រើប្រាស់ដើម្បីធ្វើជាមន្ទីរពិសោធន៍ផង និងជាច្រកទ្វារសម្រាប់អវកាយានិកធ្វើការសំចត ដើម្បីត្រៀមធ្វើដំណើរបន្តទៅកាន់ទីអវកាសឆ្ងាយ និងភពអង្គារជាដើមផង។
ក្រៅពីការរិះគន់នោះ លោក Terry បានអំពាវនាវឲ្យរដ្ឋបាលអាមេរិក ដែលកំពុងតែដឹកនាំដោយលោក ដូណាល់ ត្រាំ នោះធ្វើការពិចារណាឡើងវិញផងដែរ អំពីគំរោងខាងលើនេះ ដើម្បីកុំឲ្យវាហួសពេល។ ហេតុផលនោះ គឺអវកាសយានិកជើងចាស់រូបនេះបានបកស្រាយថា ស្ថានីយច្រកទ្វារអវកាសនៅក្បែរឋានព្រះច័ន្ទ គឺមិនមានប្រយោជន៍អ្វីសម្រាប់ការធ្វើដំណើរនៅទីអវកាស របស់មនុស្សទៅថ្ងៃអនាគតនោះឡើយ ហើយបើនិយាយជារួមទៅ គឺវាមិនខុសអ្វីពីការបង្កើតស្ថានីយអវកាសថែមមួយទៀតនោះឡើយ។
លោក Terry ថ្លែងយ៉ាងដូច្នេះថា «វាជាការបង្កើតស្ថានីយអវកាស (ISS) មួយទៀតទៅវិញទេ… នេះជាបទពិសោធន៍ ដែលខ្ញុំនិងសហសេវិករបស់ខ្ញុំ បានធ្វើការជជែកដេញដោលរួចមកហើយ អំពី ISS នោះ… ច្រកទ្វារនៅឋានព្រះច័ន្ទ ត្រឹមតែធ្វើឲ្យយើងដើរទៅមុខកាន់តែយឺត ហើយថែមទាំងត្រូវចំណាយពេល និងដុល្លារដោយឥតប្រយោជន៍ ខុសពីគោលដៅដែលយើងចង់ស្រាវជ្រាវផ្ទៃព្រះច័ន្ទដោយផ្ទាល់ និងការហោះទៅភពអង្គារនោះទៅទៀត»។
ជាការឆ្លើយតបនឹងការអំពាវនាវនេះ លោក Jim Bridenstine ប្រធានអង្គការ NASA ដែលទើបឡើងកាន់តំណែងថ្មីៗ បានគូសបញ្ជាក់ថា «ស្ថានីយច្រកទ្វារអវកាសឋានព្រះច័ន្ទ គឺពិតជានឹងដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព នៃវត្តមានមនុស្សនៅលើឋានព្រះច័ន្ទ ព្រោះវាជាឱកាសដែលអង្គការ NASA ធ្វើការស្រាវជ្រាវផ្នែកជាច្រើនទៀតនៃព្រះច័ន្ទ ដែលមិនធ្លាប់មានពីមុនមក តាមរយៈកិច្ចសហការជាមួយដៃគូនានា…»។
គួរបញ្ជាក់ថា លោក Terry តំណាងឲ្យអវកាសយានិករួមអាជីពរបស់លោកមួយចំនួនទៀត បានចេញមុខអំពាវនាវឲ្យរដ្ឋបាលអាមេរិក ធ្វើការគិតគូរឡើងវិញ ដោយគួរលុបចោលគំរោង Gateway នៅឋានព្រះច័ន្ទនោះវិញ និងជំនួសនូវផែនការកាលពីមុន នោះគឺការប្រឹងប្រែអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីឲ្យមនុស្សអាចចុះទៅស្រាវជ្រាវដោយផ្ទាល់លើផ្ទៃព្រះច័ន្ទតែម្តង។
រំលឹកព័ត៌មាន៖ អង្គការ NASA បានបញ្ជាក់ថា ស្ថានីយអវកាសដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងគ្រោងយកទៅដាក់ឲ្យគោចរជុំវិញព្រះច័ន្ទនោះ នឹងត្រូវសម្រេចជាផ្លូវការនៅឆ្នាំ២០២៥ (មិនមែននៅអំឡុងទសវត្សរ៍ ២០២០ ឬឆ្នាំ២០២០-២០២៩ ដែលមិនច្បាស់ថា ឆ្នាំណាឲ្យប្រាកដទៀតនោះឡើយ) ដោយវាស្ថិតនៅក្នុងគោលដៅធំៗចំនួនពីរ នោះគឺទី ១៖ ដើម្បីសិក្សាបន្ថែមអំពីសក្តានុពលនានា ដែលមាននៅលើឋានព្រះច័ន្ទ ជាពិសេសគឺស្រទាប់ព្រះច័ន្ទ ព្រមទាំងទឹកនៅក្នុងនោះផងដែរ។ ទី ២៖ រក្សាស្ថានីយអវកាសនេះ គឺជាកន្លែងឈប់សំចតដ៏សំខាន់មួយសម្រាប់ក្រុមអវកាយានិក ដើម្បីរៀបចំខ្លួនឆ្ពោះដំណើរទៅភពអង្គារ ដែលគ្រោងធ្វើឡើងនៅទសវត្សរ៍ ២០៣០។
បើតាម NASA ស្ថានីយ Gateway ដែលមានឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជាកន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារនៅកៀកនឹងព្រះច័ន្ទប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រដល់បេសកកម្មជាច្រើនផ្សេងទៀតផងដែរ ទៅកាន់ឋានព្រះច័ន្ទ និងសូម្បីតែទៅកាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗដទៃទៀត ហើយក្រុមអ្នកវិទ្យាសាស្រ្ត អាចប្រើប្រាស់ឧបករណ៍ដ៏សម្បូរបែប និងទំនើបៗនៅក្នុងស្ថានីយ ដើម្បីសិក្សាតាមដានមើលភពផែនដី និងព្រះអាទិត្យព្រមពេលជាមួយគ្នាថែមទៀត៕