(អាមេរិក)៖ ការបង្កើតកងទ័ពអវកាស មិនមែនទើបតែលេចឡើងនៅប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែគឺរាប់ទសវត្សរ៍មកហើយ ដែលអ្នកវិភាគមួយចំនួនធ្លាប់បានរំលឹកអំពីវា ដោយពួកគេជឿជាក់ថា នៅថ្ងៃអនាគតមនុស្សប្រាកដជាបង្កើត កងទ័ពទៅគ្រប់គ្រងនៅទីអវកាសពីលើភពផែនដី ហើយប្រទេសដែលអាចដើរផ្លូវនេះមុនគេ គ្មាននរណាក្រៅពីសហរដ្ឋអាមេរិកនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Popular Mechanics នាថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។
ទោះបីជាការបង្កើតនោះវាតូច ឬធំក៏ដោយ តែការចំណាយវិញ គឺប្រាកដណាស់ថា នឹងធំធេងមែនទែនសម្រាប់ប្រទេសដែលហ៊ានចំណាយ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន ដើម្បីគ្រប់គ្រងពិភពលោកពីលើទីអវកាស។ តួយ៉ាងដូចជាអ្វីដែលបានលេចធ្លាយកាលពីពេលថ្មីៗនេះ អំពីបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅការមន្ទីរការពារជាតិបញ្ចកោណ ឲ្យក្រសួងការពារជាតិគិតគូរអំពីការបង្កើត កងកម្លាំងទ័ពនៅទីអវកាស ដាច់ដោយពីទ័ពអាកាសនោះ តើវាពិតជាចាំបាច់ និងជាមធ្យោបាយល្អបំផុត ដើម្បីការពារទីអវកាសមែនឬ?
ឆ្លើយតបនឹងសំនួរនេះ លោក Sean O’Keefe សាស្ត្រាចារ្យជំនាញតាមដានការវិវឌ្ឍនៃវិស័យអវកាស មកពីសាកលវិទ្យាល័យ Syracuse University បានអះអាងថា «បច្ចុប្បន្នប្រទេសមួយចំនួន បានចាប់ផ្តើមបង្កើនឥទ្ធិពលគួរឲ្យភ្ញាក់ផ្អើលរួចទៅហើយ នៅក្នុងការអភិវឌ្ឍវិស័យអវកាស ដែលប៉ុន្មានឆ្នាំមុននេះ វាគ្រាន់តែជារូបភាពប្រឌិតតាមបែបវិទ្យាសាស្ត្រតែប៉ុណ្ណោះ»។ បច្ចុប្បន្នបណ្តាប្រទេសដែលលេចធ្លោ និងកំពុងប្រឹងប្រែងខ្លាំងជាងគេនោះ គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីតែម្តង។
លោក Sean ក៏បានចោទជាសំនួរផងដែរថា តើគោលដៅចម្បងនៃការបង្កើតកងទ័ពអវកាស នៃមន្ទីរបញ្ចកោណអាមេរិក គឺជាអ្វីឲ្យប្រាកដទៅ? ឬក៏តាមការពិត វាគ្រាន់តែជាផ្នែកមួយនៃការបង្កើនឥទ្ធិពលយោធានោះ? ទោះជាយ៉ាងនេះក្តី ការបញ្ជាដោយផ្ទាល់ទៅមន្ទីរបញ្ចកោណ ឲ្យបង្កើតកងទ័ពអវកាសនោះ គឺនឹងក្លាយជាបញ្ហាធំមួយសម្រាប់លោក ដូណាល់ ត្រាំ ព្រោះថាថ្លៃចាយវាយនៅក្នុងដំណើរការនេះ ប្រាកដជាមិនតិចនោះឡើយ ហើយលោកគ្មានអំណាចសម្រេចចិត្តនៅក្នុងរឿងនេះឡើយ ដោយថ្លៃចំណាយត្រូវតែទទួលបានការសម្រេច ដោយសភាអាមេរិកជាមុនសិន។
ហេតុដូច្នេះ គ្រប់គ្នាមានការភ្ញាក់ផ្អើលទៅនឹងគំរោងបង្កើតកងទ័ពអវកាសរបស់អាមេរិក និងប្រទេសមួយចំនួនដូចជាចិន រុស្ស៊ី ឬប្រទេសមានទំនោរប្រឆាំងអាមេរិក ក៏គង់អង្គុយមើលមិនដាក់ភ្នែកដែរ ព្រោះនេះអាចមិនមែនជាគំរោងថ្មីដែលទើបតែបង្កើតឡើងនោះឡើយ តាមរយៈសកម្មភាពប្លែកៗថ្មីៗ ដែលអាមេរិកបានធ្វើកន្លងមក ដូចជាការបាញ់បង្ហោះផ្កាយរណបយោធាអង្កេតការណ៍ និងការបញ្ជូនយន្តហោះអវកាសយោធាកាលពីឆ្នាំមុនទៅទីអវកាសជាដើម គឺអាចឲ្យយើងដឹងមុនបានខ្លះៗរួចមកហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះកងទ័ពអាកាសអាមេរិក (U.S. Air Force) គឺជាអ្នកគ្រប់គ្រងការបញ្ជាទៅលើកិច្ចការពារទីអវកាសអាមេរិកជាបឋម ដែលមានដូចជា ទីបញ្ជាការទ័ពអវកាសដែលមានតួនាទីធ្វើការអង្កេត និងតាមដានលើប្រព័ន្ធផ្កាយរណប និងការបាញ់មីស៊ីលលើផែនដី, អង្កេតការណ៍សម្ងាត់, ដំណើរការប្រព័ន្ធ GPS និងធ្វើទំនាក់ទំនងជាមួយ យន្តហោះចម្បាំងអាមេរិកនានានៅលើផែនដី។
សរុបសេចក្តីមក កងទ័ពអវកាស និងទីបញ្ជាការអវកាសពិតជាសំខាន់ ហើយអាមេរិកមានវាជាយូរណាស់មកហើយ គ្រាន់តែវាស្ថិតនៅក្នុងអាជ្ញាធររបស់កងទ័ពអាកាសប៉ុណ្ណោះ។ ដូច្នេះលោក ដូណាល់ ត្រាំ ចង់ឲ្យកងទ័ពអាកាសនេះ ក្លាយជាកងអង្គភាពទី ៦ (ថែមលើទីកងអង្គភាព ដែលមានស្រាប់ទាំងអស់ ៥) ដើម្បីឲ្យថវិកាជាតិត្រូវបានយកមកប្រើប្រាស់ ក្នុងការអភិវឌ្ឍវាឲ្យកាន់ខ្លាំងក្លា ហើយគោលដៅធំក្នុងរឿងនេះ គ្មានអ្វីក្រៅតែពីការបង្កើនឥទ្ធិពលយោធាអាមេរិក នៅក្នុងការគ្រប់គ្រងថែមមួយជាន់ទៀត មកលើភពផែនដីនោះឡើយ៕