(អាមេរិក)៖ ថ្ងៃសៅរ៍សប្តាហ៍នេះ គឺជាទិវាអាចម៍ផ្កាយអន្តរជាតិ ដែលជាឱកាសក្រុមអ្នកស្រាវជ្រាវ មកពីគ្រប់ទិសទីនៅជុំវិញពិភពលោក ធ្វើការជួបជុំគ្នាដើម្បីពិភាក្សាអំពីឥទ្ធិពលគ្រោះថ្នាក់ នៃបំណែកអាចម៍ផ្កាយមកលើផែនដី និងអំពីមធ្យោបាយដែលយើងអាចធ្វើបាន ដើម្បីបង្ការ និងទប់ស្កាត់ការគំរាមកំហែងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។
គ្រឹះស្ថាននៅជុំវិញពិភពលោកកំពុងរៀបចំព្រឹត្តិការណ៍ ដើម្បីបង្កើនការយល់ដឹងអំពីអាចម៍ផ្កាយ។ បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA និងស្ថាប័នអវកាសឯទៀតៗ ទោះបីជាពួកយើងប្រហែលជាមិនត្រូវការកើតទុក្ខ ឬឈឺក្បាល អំពីការដែលអាចម៍ផ្កាយយក្ស ដូចទៅនឹងអាចម៍ផ្កាយដែលបានផ្តាច់ជីវិតសត្វដាយណូស័រឲ្យផុតពូជពីផ្ទៃផែនដី នាពេលអនាគតដ៏ខ្លីខាងមុខក៏ដោយក្តី បំណែកថ្មអវកាសទាំងនេះ នៅតែអាចបង្កការគំរាមកំហែងក្នុងកម្រិតណាមួយបានដដែល។
តួយ៉ាងអាចម៍ផ្កាយទំហំធំល្មមមួយប៉ុណ្ណោះ ដែលបានផ្ទុះឡើងលើផ្ទៃមេឃនៃក្រុង ឈែលយ៉ាប៊ីនក៍ (Chelyabinsk) ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៣ បានបង្កឲ្យមនុស្សជាង ១,២០០នាក់រងរបួស ទោះបីជាពុំមែនរងរបួសដោយផ្ទាល់ពីអាចម៍ផ្កាយនេះក៏ដោយ ហើយកម្លាំងផ្ទុះរបស់វា បានបង្កការបំផ្លាញដល់អគារនានា ដែលនៅចម្ងាយរហូតដល់ ៩៣គីឡូម៉ែត្រ ពីទីតាំងផ្ទុះឯណោះ។
មួយវិញទៀត កាលពីខែមេសាកន្លងទៅ អាចម៍ផ្កាយទំហំធំជាងអាចម៍ផ្កាយរុស្ស៊ីខាងលើនេះពីរដង និងធំប្រហែលអាចម៍ផ្កាយ ទុងហ្គូស្កា (Tunguska) ដែលជាប់កំណត់ត្រា ជាអាចម៍ផ្កាយដ៏អាក្រក់មួយធ្លាក់មកបុកចំផែនដីនោះ បានធ្វើហោះឆាបកៀកនឹងផែនដី ខុសពីធម្មតាថែមទៀត។
ថ្មីៗនេះទីភ្នាក់ងារអវកាស NASA បានប៉ាន់ស្មានថា មានថ្មអវកាសជិតផែនដីដែលគេហៅថា NEO ប្រហែល ១០លានដុំ មានទំហំប្រហាក់ប្រហែលនឹងអាចម៍ផ្កាយ ដែលផ្ទុះនៅក្រុង Chelyabinsk ប៉ុន្តែ NEO តូចៗទាំងនេះ គឺមានផលលំបាកខ្លាំងក្នុងការប្រទះឃើញ ឲ្យបានមុនពេលវាចូលមកដល់ក្បែរបរិយាកាសផែនដី។
ទោះបីជាបែបនេះក្តី វាជាសំណាងល្អដែរដែលអង្គការ NASA បានឲ្យដឹងថាជាង ៩៥ភាគរយ នៃអាចម៍ផ្កាយទាំងអស់ ដែលមានទំហំធំល្មមគ្រប់គ្រាន់ ដើម្បីបង្កគ្រោះមហន្តរាយទ្រង់ទ្រាយធំទូទាំងពិភពលោក គឺគ្មានថ្មមួយដុំណាបង្កការគំរាមកំហែងដល់ផែនដីនោះឡើយ។ ប៉ុន្តែក្រុមតារាវិទូជឿជាក់ថាពួកគេបានរកឃើញតែមួយភាគបីប៉ុណ្ណោះ នៃអាចម៍ផ្កាយដែលស្ថិតនៅក្នុងបរិវេណជុំវិញផែនដី មានមុខកាត់ប្រវែងយ៉ាងតិច ១៤០ម៉ែត្រ ដែលជាទំហំធំគ្រប់គ្រាន់ ដើម្បីកម្ទេចរដ្ឋតូចមួយឲ្យបាត់ស្រមោលបាន៕