(អាមេរិក)៖ ក្រុមអវកាសយានិកជនជាតិអាមេរិកនិយាយថា ប្រហោងខ្មៅចំនួន ២ ដែលត្រូវបានរកឃើញនៅក្នុងចង្កោមផ្កាយចំណាស់មួយ នៅក្នុងកាឡាក់ស៊ីយើង ប្រហែលជាត្រូវការការពិនិត្យ និងពិចារណាឡើងវិញក្នុងការស្វែងរកចំណេះដឹងរបស់យើង ទៅលើចង្កោមផ្កាយនេះកាលពីមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក ដែលត្រូវបានដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមអវកាសយានិកបានសិក្សាអំពីចង្កោមផ្កាយរាងមូល ដែលត្រូវបានគេហៅថា Messier 22 ហើយមានចម្ងាយច្រើនជាង ១០,០០០ឆ្នាំពន្លឺពីភពផែនដី ដែលក្រុមអវកាសយានិកសង្ឃឹមថា នឹងអាចរកឃើញភស្តុតាងរបស់ប្រហោងខ្មៅ ដែលមានទំរង់ដ៏កម្រមួយនៅចំកណ្តាលរបស់ចង្កោមផ្កាយនោះ។ ជាមួយគ្នានេះដែរ វាត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តហៅថា «ប្រហោងខ្មៅដែលមានម៉ាស់ថ្នាក់កណ្តាល ហើយ វាមានទំហំធំជាងម៉ាស់របស់ព្រះអាទិត្យពី ២ដង ទៅ ៣ដងប៉ុណ្ណោះ ក៏ប៉ុន្តែតូចជាងប្រហោងខ្មៅដ៏ធំមហិមា ដែលស្ថិតនៅក្នុងស្នូលនៃកាឡាក់ស៊ីយើងឆ្ងាយណាស់។
លោក Laura Chomiuk មកពីមហាវិទ្យាល័យនៃរដ្ឋ Michigan សហរដ្ឋអាមេរិក និង ជាមន្ទីរពិសោធន៍រលកវិទ្យុអវកាសជាតិបាននិយាយថា «ពួកយើងមិនបានរកឃើញនូវអ្វី ដែលយើងកំពុងតែស្វែងរកនោះទេ ផ្ទុយទៅវិញពួកយើងបែរជាបានរកឃើញអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត នោះគឺប្រហោងខ្មៅតូច ២។ មូលហេតុដែលពួកយើងភ្ញាក់ផ្អើល នោះគឺទ្រឹស្តីភាគច្រើនបាននិយាយថា នៅក្នុងចង្កោមផ្កាយ Messier 22 អាចមានប្រហោងខ្មៅតែមួយប៉ុណ្ណោះ»។
មួយវិញទៀត ទ្រឹស្តីកន្លងមកបាននិយាយថា ប្រហោងខ្មៅដែលមានចំនួនលើសពីមួយ មិនគួរកើតមាននៅក្នុងចង្កោមផ្កាយរាងមូល ដែលមានអាយុកាល ១២ពាន់លានឆ្នាំនោះឡើយ។ ទោះបីជាបែបនេះក្តី ក្រុមតារាវិទូ និងអវកាសយានិក កំពុងព្យាយាមសិក្សាបន្ថែម ដើម្បីបានដឹងពីគម្លាតនៃប្រហោងខ្មៅទាំងពីរ និងឥទ្ធិពលរបស់វានៅក្នុងកញ្ចុំផ្កាយ Messier 22៕