(ភ្នំពេញ)៖ គ្រប់គ្នាពិតជាមានអារម្មណ៍ខកចិត្តនៅពេលដែលធ្វើការសិក្សា និងស្វែងយល់ព័ត៌មានអវកាស និងវិទ្យាសាស្ត្រយូរៗទៅរហូតទាល់តែដឹងថា ការស្វែងរកភពដែលមានជីវិតរស់នៅ (ភពអេលៀន នៅប្រព័ន្ធព្រះអាទិត្សផ្សេង) ឬរហូតដល់ការធ្វើដំណើរទៅកាន់ទីនោះ គឺជារឿងដែលស្ទើរតែមិនហ៊ានឲ្យយើងគិតនោះ។ ប៉ុន្តែវិធីសាស្ត្រមិនមែនអត់ទាំងអស់នោះទេ ដូច្នេះសូមរក្សាក្តីសង្ឃឹមនេះតទៅមុខទៀត ដោយចាត់ទុកថា ជាកាដូសម្រាប់មនុស្សជំនាន់ក្រោយទៅចុះ។
ជាក់ស្តែងបច្ចេកវិទ្យាសព្វថ្ងៃនេះ កុំថាឡើយនាំមនុស្ស ឬយានទៅកាន់ភពផ្សេង ដោយសូម្បីនាំមនុស្សទៅភពអង្គារនោះ ក៏ជារឿងដែលមិនទាន់អាចកើតឡើងផង។ នេះជាការពិតជាក់ស្តែង ដែលអង្គការ NASA នៅតែអង្គុយឈឺក្បាលនៅឡើយ ចំពោះការរកវិធីសាស្ត្រដែលអាចរក្សាសុវត្ថិភាពមនុស្ស នៅពេលហោះចាកឆ្ងាយពីផែនដី និងនៅពេលដែលមនុស្សត្រូវតស៊ូរស់នៅទីកន្លែង ដែលមិនស្វាគមន៍ជីវិត។
ប៉ុន្តែឧទាហរណ៍ថា វិធីនានាត្រូវបានរកឃើញ ហើយយានក៏មានសមត្ថភាពគ្រប់គ្រានទៀតដូច្នេះតើលទ្ធភាពអ្វីដែលមនុស្សអាចទៅរកភពផ្សេង។ ឧទាហរណ៍ធំមួយទៀត នោះគឺភព Gliese 581b ដែលស្ថិតនៅចម្ងាយ ២០ឆ្នាំពន្លឺពីផែនដី ហើយកែវយឺតអវកាស James Webb អង្កេតដឹងថា ភពនោះមានបរិយាកាសអាចទ្រទ្រង់ជីវិតបាន ដូច្នេះមនុស្សមានបីតំណាក់កាល ដើម្បីធ្វើដំណើរទៅកាន់ទីនោះ និងបន្តពូជពង្សរបស់ខ្លួន៖
១៖ ត្រូវមានយានដែលអាចចាត់ទុកជាកូនភពមួយ៖ យានប្រភេទនេះមនុស្សមួយចំនួនប្រាកដជាធ្លាប់បានឃើញតាមរយៈរូបភាព និងខ្សែភាពយន្តហូលីវូដ នោះគឺជាយានដែលមានអ្វីគ្រប់យ៉ាងទាំងអស់ដូចជា កន្លែងស្នាក់នៅ ហាត់ប្រាណ អុកស៊ីសែន និងការដាំដុះ ឬផលិតអាហារសម្រាប់រយៈពេលរាប់សិបឆ្នាំ។ អាចថាមានលទ្ធភាពក្នុងការផលិតវាឡើងបាន ប៉ុន្តែអ្វីដែលត្រូវបំផុត គឺថវិកាហ្នឹងតែម្តង ព្រោះតម្លៃរាប់រយលានដុល្លារ ហើយត្រូវចំណាយពេលរាប់រយពាន់លានដុល្លារ ហើយត្រូវបញ្ជូនទៅបាត់រហូតបែបនេះ ប្រាកដជាគ្មាននរណាហ៊ានចំណាយឡើយ ប៉ុន្តែក្នុងឧទាហរណ៍ពេលនេះ គឺអាច។
២៖ មនុស្សត្រូវត្រៀមខ្លួនសម្រាប់ធ្វើដំណើរដល់ឆ្លងសតវត្សរ៍៖ អាចថា ដើម្បីបន្តពូជពង្សមនុស្ស គឺមិនមែនជារឿងដែលគ្មានការលះបង់នោះឡើយ។ មានយានហើយ មានការធានាសុវត្ថិភាពហើយ និងមានការដោះដូរសម្រាប់សមាជិកគ្រួសារនៅលើភពផែនដីហើយ អ្នកទាំងឡាយដែលត្រូវជិះយានបន្តទៅភពឧទាហរណ៍ Gliese 581b នោះត្រូវតែជាគូស្នេហ៍ ឬអ្នកស្មោះស្ម័គ្ររួមរស់ជាមួយគ្នាបង្កកូនចៅនៅលើយាន ដែលមានអ្វីៗគ្រប់យ៉ាងនោះ រួចបង្រៀនកូនចៅពួកគេឲ្យយល់ដឹង អំពីបេសកកម្មដ៏អស្ចារ្យ នៃមនុស្សជាតិលើផែនដីនោះ។
៣៖ នៅពេលបេសកកម្មតំណាក់កាលទី ១ បានសម្រេចហើយនោះ យើងក៏ត្រូវប្រាកដច្បាស់ថា មនុស្សនៅលើផែនដី និងទទួលបានព័ត៌មាននេះ ហើយចូលរួមត្រេកអរ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ដើម្បីបន្តបេសកកម្មរាប់សតវត្សរ៍ ទៅកាន់ទីនោះបន្ថែមទៀត។ ការលះបង់ដ៏ធំធេងនេះ នឹងត្រូវចង់ចាំដោយមនុស្សជាតិគ្រប់រូបនៅលើភពផែនដី ស្ថិតនៅក្នុងគោលដៅរក្សាពូជពង្សមនុស្ស ដែលមិនអាចរស់នៅរហូតនោះឡើយនៅលើភពផែនដី។
គួរបញ្ជាក់ថា តំណាក់កាលទាំងបីខាងលើនេះ គឺសុទ្ធសឹងតែស្ថិតនៅក្នុងការស្រមៃរបស់អ្នកវិទ្យាសាស្ត្រមួយចំនួនរួចទៅហើយ គ្រាន់តែវាជារៀបចំគម្រោងទុកជាមុនប៉ុណ្ណោះ ដោយមិនទាន់មានឱកាស ធ្វើឲ្យចេញជារូបរាងបាន។ លោកអ្នកប្រាកដជាដឹងច្បាស់ថា លទ្ធភាពរបស់មនុស្ស គឺគ្មានដែនកំណត់នោះទេ ប៉ុន្តែថវិកា និងទស្សនវិស័យដូចគ្នាវិញ គឺមានដែនកំណត់ ប៉ុន្តែអ្វីមួយដែលអាចនិយាយបានថា មនុស្សគ្រប់រូបមានដូចគ្នានោះ គឺការចង់បន្តជីវិតរស់នៅរហូត និងមិនចង់ស្លាប់ផុតពូជនោះឡើយ ហេតុដូច្នេះទើបការសិក្សាស្រាវជ្រាវនានា នៅតែបន្តទៅមុខដើម្បីបំពេញតាមមហិច្ឆតានេះ៕
អត្ថបទ៖ Cambo Space (លោក ឥន្ទ វុត្ថា) ១៥, កក្កដា, ២០១៨