(អាមេរិក)៖ ភពសុក្រ (Venus) នាយប់ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចអាមេរិក) បានបង្ហាញខ្លួននៅលើផ្ទៃមេឃនាពេលរាត្រី ជាមួយនឹងព្រះច័ន្ទ ដោយភព និងព្រះច័ន្ទនេះ មើលទៅឃើញនៅចម្ងាយតែប៉ុន្មានសង់ទីម៉ែត្រពីគ្នាប៉ុណ្ណោះ បើយើងសំឡឹងមើលទៅលើផ្ទៃមេឃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទសប្តាហ៍មុន Venus ក៏បានរះបង្ហាញខ្លួនលើផ្ទៃមេឃក្បែរផ្កាយមួយដួងឈ្មោះ Regulus ផងដែរ ដែលជាតារាភ្លឺបំផុត នៅក្នុងកញ្ចុំផ្កាយ Leo។ យ៉ាងណាមិញ ទោះបីជាមើលពីផែនដីទៅ វាហាក់ដូចជាវត្ថុទាំងពីរ កំពុងស្ថិតនៅលើគន្លងគោចរដែលនឹងប៉ះទង្គិចគ្នាក៏ដោយ ប៉ុន្តែវាពុំមែនជាការពិតជាក់ស្តែងឡើយ ដោយសារតែព្រះច័ន្ទស្ថិតនៅចម្ងាយចំណុចកៀកបំផុតនឹងផែនដី គឺប្រមាណ ៣៦០,៥០០គីឡូម៉ែត្រ ខណៈភពសុក្រនៅឆ្ងាយជាងនេះ ៤០០ដងឯណោះ ឆ្ងាយជាងព្រះច័ន្ទ។
គួរបញ្ជាក់ថា ភពសុក្រ គឺជាភពទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានពន្លឺភ្លឺជាងគេនាយប់លំដាប់លេខ ២ បន្ទាប់ពីព្រះច័ន្ទ។ ភពនេះមានទំហំតូចជាងផែនដីបន្តិចប៉ុណ្ណោះ ប៉ុន្តែដោយសារតែវាស្រោបដោយពពកក្រាស់ជាប់ជានិច្ច ដូច្នេះពេលពន្លឺព្រះអាទិត្យចាំងចំ លើវានោះពន្លឺនៃភពទាំងមូលងាយនឹងជះចេញទៅទីអវកាស ឲ្យអ្នកនៅផែនដីទស្សនាបានយ៉ាងពេញភ្នែក។ វាត្រូវបានមនុស្សបុរាណឲ្យឈ្មោះថា ផ្កាយព្រឹក ផ្កាយល្ងាច ឬផ្កាយចោរផងដែរ៕