(អាមេរិក)៖ ទីបំផុតតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរទៅទស្សនាកម្សាន្តនៅទីអវកាស តាមរយៈក្រុមហ៊ុនអវកាស Blue Origin របស់កំពូលមហាសេដ្ឋីលើពិភពលោក គឺលោក Jeff Bezos នោះ ត្រូវបានគេបង្ហើបឲ្យដឹងថា ថ្លៃចន្លោះពី ០២សែន ទៅ ០៣សែនដុល្លារក្នុងមួយលើក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ TelesurTV នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
កាលពីខែមិថុនាកន្លងទៅ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Blue Origin ដែលបង្កើតឡើងដោយលោក Bezos ជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតលើលោក កាលពីឆ្នាំ២០០០ បានឲ្យដឹងម្តងរួចទៅហើយថា ក្រុមហ៊ុនបានគ្រោងនឹងធ្វើតេស្តហោះហើរដឹកអ្នកដំណើរនៅលើយានឈ្មោះថា New Shepard នាពេលឆាប់ៗ ហើយចាប់ផ្តើមលក់សំបុត្រនៅឆ្នាំក្រោយ ប៉ុន្តែកាលនោះពុំមានការបញ្ជាក់ពីតម្លៃថា ថ្លៃដល់កម្រិតណាឡើយ។
ដោយឡែកនៅពាក់កណ្តាលខែកក្កដានេះ មានការបង្ហើបប្រាប់ពីបុគ្គលិកមួយចំនួននៅ Blue Origin ថា ក្រុមហ៊ុនអវកាសឯកជននេះ នឹងចាប់ផ្តើមលក់សំបុត្រក្នុងចន្លោះតម្លៃពី ២០០,០០០ដុល្លារ ទៅ ៣០០,០០០ដុល្លារ ឬអាចនិយាយបានថា តម្លៃទាបបំផុត០២សែនដុល្លារ។
គួរជម្រាបថា យាន New Shepard ត្រូវបានរចនាឡើង ដើម្បីហោះហើរក៏ដូចជាដឹកជញ្ជូនអ្នកដំណើរចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិឡើងទៅកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលវាគ្រប់គ្រាន់សម្រាប់ឲ្យយើងអាចបានស្គាល់ថា អ្វីទៅជាភាពពុំមានទំនាញ ឬទម្ងន់ (ក្បែរ Zero Gravity) ហើយអាចមើលឃើញពីរាងកោងមូល នៃភពរបស់យើងបាន មុនពេលយាននោះត្រឡប់ចុះមកផែនដីវិញ ដោយប្រើប្រាស់ឆ័ត្រយោង។
New Shepard មានបង្អួចសម្រាប់ទស្សនាទេសភាពធំខ្ពស់ចំនួន ០៦ ដែល Blue Origin បានអះអាងថា ខ្ពស់ជាងបង្អួចរបស់យន្តហោះ Boeing 747 ដ៏ទៅជិត ០៣ដងឯណោះ។ នាពេលកន្លងមកនេះ យាន New Shepard ធ្លាប់បានឆ្លងកាត់ការធ្វើតេស្តហោះហើរ និងចុះចតចំនួន ០៨ដង ប៉ុន្តែការសាកល្បងទាំងអស់នោះ ពុំមានការចូលរួមពីអ្នកដំណើរឡើយ។
គួរជម្រាបផងដែរ បច្ចុប្បន្នលោក Bezos គឺជាបុគ្គលមានជាងគេបង្អស់លើលោក ជាមួយទ្រព្យសម្បត្តិប្រមាណ ១១២ពាន់លានដុល្លារ៕