(អាមេរិក)៖ ទិន្នន័យចុងក្រោយពីបេសកកម្ម Planck របស់អឺរ៉ុប ដែលបានបង្កើតឡើងយ៉ាងលម្អិតនូវផែនទី នៃពន្លឺដ៏ចំណាស់របស់ចក្រវាឡ ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ បានបញ្ជាក់ថា រូបធាតុងងឹងដែលគេហៅថា Dark Matter និងថាមពលងងឹតដែលគេហៅ Dark Energy ទោះបីជាចម្លែក និងពិបាកក្នុងការពន្យល់ក៏ដោយ គឺទំនងជាមានវត្តមាន ដូចការសន្និដ្ឋានកន្លងមកប្រាកដមែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារអវកាសអឺរ៉ុប លទ្ធផលបញ្ជាក់ខាងលើ គឺជាកេរ្តិ៍តំណែលដ៏សំខាន់ជាងគេបំផុត ដែលបានបន្សល់ទុកពីយានស្រាវជ្រាវ Planck។ ដូចទៅនឹងបេសកកម្មចំនួន ០២ ផ្សេងទៀតរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលធ្វើឡើងនៅមុនវា Planck បានសិក្សាទៅលើរលកវិទ្យុសកម្មដែលគេហៅថា Cosmic Microwave Background ឬ CMB។
CMB បានចាប់ផ្តើមសាយភាយនៅពាសពេញចក្រវាឡ នៅប្រមាណ ៣៨០,០០០ឆ្នាំ ក្រោយពីមហាព្រឹត្តិការណ៍បន្ទុះ Big Bang ពោលគឺមិនយូរប៉ុន្មាននោះឡើយ ដែលផ្កាយដំបូងៗបានចាប់ផ្តើមរះឡើង ហើយការសង្កេតទៅលើពន្លឺនេះ អាចលាតត្រដាងនូវអាថ៌កំបាំងសំខាន់ៗ អំពីសម័យកាលដំបូងរបស់ចក្រវាឡ។
គួរជម្រាបថា បើតាមម៉ូដែលដែលបង្កើតឡើង ចេញពីលទ្ធផលស្រាវជ្រាវខាងលើ ចក្រវាឡរួមផ្សំឡើងពីរូបធាតុធម្មតា (Normal Matter) ដែលយើងអាចមើល និងប៉ះបាន ព្រមទាំងប្រភេទរូបធាតុងងឹងដ៏ត្រជាក់ (Dark Matter) ដែលមិនស្រូប ឬបំផ្លាតពន្លឺនោះឡើយ ដូច្នេះហើយការរុករកចង់ឲ្យឃើញវាដោយផ្ទាល់ គឺពុំអាចទៅរួចនោះទេ។ ចំណែកឯមួយទៀត គឺថាមពលងងឹត (Dark Energy) ជាថាមពលអាថ៌កំបាំង ដែលហាក់កំពុងដើរតួជាកម្លាំងចលករក្នុងការជំរុញល្បឿន នៃការពង្រីកវិសាលភាពរបស់ចក្រវាឡ។
ក្នុងចំណោមវត្ថុទាំង ០៣ នេះ Normal Matter មានបរិមាណតិចជាងគេ គឺមិនដល់ ០៥ភាគរយឡើយ នៃថាមពល និងម៉ាស់ចក្រវាឡទាំងមូល។ មកទល់ពេលនេះ វានៅតែមិនទាន់ច្បាស់មួយរយភាគរយនៅឡើយទេថា Dark Matter និង Dark Energy គឺជាអ្វីឲ្យប្រាកដ ខណៈដែលពួកវាកំពុងបន្តបង្កើតការងឿងឆ្ងល់ចំពោះតារាវិទូ ប៉ុន្តែការសិក្សានឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីធ្វើការបកស្រាយ និងបញ្ជាក់អំពីវត្តមានរបស់ពួកវា៕