(ភ្នំពេញ)៖ ប្រិយមិត្ត Cambo Space មួយចំនួនប្រហែលជាធ្លាប់បានដឹងរួចមកហើយ ប៉ុន្តែសម្រាប់អ្នកមិនទាន់បានលឺ ឬដឹងនៅឡើយនោះ សំនួរថ្មីនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង។ ភពសៅរ៍ជាភពធំជាងគេទីពីរនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលវាធំជាងផែនដីយើងដល់ទៅជិតពាន់ដងឯណោះ ប៉ុន្តែហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រអះអាងថា ភពឧស្ម័នយក្សនេះអាចអណ្តែតខ្លួនលើទឹកបាន?
សម្រាប់មូលហេតុគឺងាយយល់ជាទីបំផុត ដោយសារតែភពសៅរ៍ត្រូវបានផ្សំឡើង ដោយមានស្នូលតូចជាវត្ថុរឹងរុំព័ទ្ធដោយស្រទាប់ឧស្ម័នដូចជា អាម៉ូញាក់ និងមេតាន ហើយក៏មានទឹកតិចតួចផងដែរ។ សម្រាប់ស្រទាប់ក្រៅរបស់ភពនេះវិញ គឺសុទ្ធសឹងតែជាឧស្ម័នអេល្យូម និងអ៊ីដ្រូសែន ដែលឧស្ម័នភាគច្រើនរបស់វាទាំងនេះ គឺមានម៉ាស់មាឌ (ដង់ស៊ីតេ) ទាបជាងទឹក។ ដូច្នេះបើមានមហាសមុទ្រធំណាមួយ យើងអាចបណ្តែតភពសៅរ៍នៅលើនោះបាន។
ដោយសារតែវាស្រាលជាងទឹក ដូច្នេះវាអាចអណ្ដែតលើទឹកបាន មិនខុសពីវត្ថុជាច្រើនលើផែនដីដែលអាចអណ្តែតលើទឹកនោះឡើយ។ គ្មានភពផ្សេងណាមួយ នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលអាចធ្វើដូច្នេះបានឡើយ ព្រោះភពទាំងនោះមានដង់ស៊ីតេធ្ងន់ ជាងទឹក។ ភពសៅរ៍មានដង់ស៊ីតេទាបជាងភពណាៗទាំងអស់ ដែលនេះមានន័យថា វាមិនមែនមានទម្ងន់ធ្ងន់ដូចទំហំខ្លួនរបស់វា ដូចជាភពដទៃទៀតនោះទេ។
លក្ខណៈបន្ថែម៖ ភពសៅរ៍មានមុខកាត់ ១១៦,៤៦៤គីឡូម៉ែត្រ ដូច្នេះវាអាចផ្ទុកវត្ថុប៉ុនភពផែនដីបានរហូតដល់ទៅ ៧៦០ ឯណោះ។ ភពមានលេខរៀងទី ៦ ពីព្រះអាទិត្យនេះគឺមានគម្លាតពីព្រះអាទិត្យ ១.៤៣៣ពាន់លានគីឡូម៉ែត្រ និងប្រើពេល ២៩ឆ្នាំផែនដី ទើបគោចរបានមួយជុំព្រះអាទិត្យ ខណៈភពព្រហស្បតិ៍ត្រូវការពេល ១២ឆ្នាំ និងភពអង្គារត្រូវការ ៦៨៧ថ្ងៃផែនដី។
ចំណុចចុងក្រោយ គឺភពសៅរ៍ជាភពមានព្រះច័ន្ទច្រើនបំផុតលំដាប់ទីពីរ ដោយមានព្រះច័ន្ទសរុប ៥៣ (បើមិនរាប់ដុំថ្មធំៗមួយចំនួន ដែលស្ថិតនៅក្នុងខ្សែក្រវាត់ភព) ហើយមួយថ្ងៃនៅលើភពនេះ គឺមានរយៈពេល ១០ម៉ោង និង ៤២នាទី។ ព្រះច័ន្ទដែលស្ថិតនៅក្នុងគោលដៅស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ គឺ Titan និង Enceladus៕
ប្រែសម្រួល៖ Wikipedia
រៀបរៀងដោយ៖ Cambo Space (លោក៖ ឥន្ទ វុត្ថា)