(អាមេរិក)៖ យន្តហោះអវកាសថ្មីបំផុតរបស់ក្រុមហ៊ុន Virgin Galactic បានឡើងនៅលើផ្ទៃអាកាសជាថ្មីម្តងទៀត នៅក្នុងការធ្វើតេស្តហោះហើរលើកទីបី ដោយការសាកល្បងលើកនេះ បានហោះឡើងដល់ស្រទាប់បរិយាកាសខ្ពស់ជាងពេលមុនៗទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨។
យន្តហោះ VSS Unity គឺជាយន្តហោះប្រភេទ SpaceShipTwo ដែលត្រូវបានរចនាឡើង ដើម្បីនាំយកអ្នកដំណើរចំនួន ០៦នាក់ ព្រមទាំងអាកាសយានិក ០២នាក់ ឡើងទៅកាន់ទីអវកាស ជាទីដែលពួកគេអាចទទួលបានបទពិសោធន៍នៃកម្លាំងទំនាញខ្សោយបំផុត សម្រាប់រយៈពេលប្រហែល ០៥នាទី មុនពេលហោះត្រឡប់ចុះមកផែនដីវិញ។
គួរជម្រាបថា ដើម្បីឡើងទៅដល់ទីអវកាស យន្តហោះ VSS Unity ត្រូវប្រើប្រាស់យន្តហោះសណ្តោង WhiteKnightTwo ឬ VMS Eve ដែលនឹងនាំយកវាទៅដល់រយៈកម្ពស់សមរម្យមួយ រួចហើយទើបព្រលែងឲ្យ VSS Unity ហោះហើរដោយខ្លួនឯងផ្ទាល់ទៅទីអវកាស ហើយក្រោយពីបានភ្លក្សរស់ជាតិទំនាញខ្សោយបំផុតនោះ ទើបយន្តហោះនោះចុះមកទុំលើ VMS Eve។
សម្រាប់ការហោះហើរសាកល្បងលើកទីបីនេះ ក្រុមហ៊ុន Virgin Galactic បានអះអាងថា វាគឺជាលើកទីមួយដែលយន្តហោះអវកាសនេះ បានឡើងទៅដល់ស្រទាប់បរិយាកាសផែនដី ដែលគេហៅថា មេសូ (Mesosphere) ដែលមានរយៈកម្ពស់ពីផ្ទៃដីប្រមាណ ៥២គីឡូម៉ែត្រ៕