(ម៉ូស្គូ)៖ អ្នកស្រាវជ្រាវនៅតំបន់អឌ្ឍគោលខាងជើង បាននិងកំពុងតាមដានអាចម៍ផ្កាយដុះកន្ទុយពណ៌បៃតងមួយ ដែលបញ្ចេញពន្លឺកាន់តែខ្លាំងទៅៗ ស្របពេលដែលវាកំពុងឆ្ពោះទៅក្បែរព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ទំហំនៃដុំពពកធូលី-ឧស្ម័នរបស់អាចម៍ផ្កាយដុះកន្ទុយខាងលើ ត្រូវគេជឿជាក់ថា មានទំហំយ៉ាងហោចណាស់ធំជាងពីរដង ធៀបជាមួយទំហំរបស់ភពព្រហស្បតិ៍ (Jupiter) ដែលជាភពធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ The Incredible Hulk ដែលជាឈ្មោះក្រៅគេដាក់ឲ្យអាចម៍ផ្កាយនោះ ដោយសារតែទំហំយក្សរបស់វា ត្រូវបានប្រទះឃើញជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយវាត្រូវបានហ៊ុមព័ទ្ធដោយបណ្តុំធូលី និងឧស្ម័នអវកាសប្រវែង ២៦០,០០០គីឡូម៉ែត្រ ដែលទទួលថាមពលពីព្យុះព្រះអាទិត្យ។ ដោយមានឈ្មោះផ្លូវការថា PanSTARRS អាចម៍ផ្កាយដុះកន្ទុយនេះ ត្រូវគេរំពឹងថា នឹងខិតមកជិតផែនដីបំផុតនៅថ្ងៃទី០៧ ខែសីហា ស្អែកនេះហើយ។
ចម្ងាយកៀកបំផុតដែលអាចម៍ផ្កាយ The Incredible Hulk នឹងធ្វើដំណើរឆ្លងកាត់ផែនដីគឺប្រហែល ១១៣.៤លានគីឡូម៉ែត្រ ប៉ុន្តែបណ្តុំពពកឧស្ម័ននិងធូលីអវកាសដ៏ធំសម្បើមរបស់វា អាចបង្កការរំខានមួយចំនួននៅក្នុងបរិយាកាសផែនដីបាន។
គួរជម្រាបថា បើតាមតារាវិទូអាចម៍ផ្កាយដុះកន្ទុយខាងលើ នឹងខិតទៅក្បែរព្រះអាទិត្យបំផុតនៅថ្ងៃទី១៦ ខែសីហា ហើយនាពេលនោះវានឹងពិបាករកមើលជាខ្លាំង នៅអំឡុងពាក់កណ្តាលខែសីហា។ ចំណែកពេលវេលាដ៏ប្រសើរបំផុតដើម្បីចាំមើលផ្កាយដុះកន្ទុយពណ៌បៃតងនេះ នៅតំបន់អឌ្ឍគោលខាងជើងនៃផែនដី នាថ្ងៃទី០៧ និង០៨ ខែសីហា៕