(ភ្នំពេញ)៖ ខុសពីភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ដែលត្រូវបានមនុស្សលោកលើភពផែនដីជាអ្នកដាក់ឈ្មោះឲ្យក្រោយពីការអង្កេត និងរកឃើញនារាប់រយរាប់ពាន់ឆ្នាំកន្លងមកនេះ ប៉ុន្តែដែនដីដែលយើងទាំងអស់គ្នាកំពុងស្ថិតនៅរាល់ថ្ងៃនេះ តើយើងមានដឹងទេថា នរណាជាអ្នកដាក់ឈ្មោះឲ្យនោះ? (ក្នុងចំណុចនេះ គឺយើងចង់សំដៅទៅលើឈ្មោះថា Earth ជាភាសាអង់គ្លេស មិនមែនផែនដីជាភាសាខ្មែរនោះឡើយ)។
ជាការពិតចម្លើយគឺស្ថិតនៅក្នុងភាពស្រពិចស្រពិលខ្លាំងនៅឡើយ ព្រោះតាមរយៈការស្រាវជ្រាវពីក្រុមអ្នកប្រវត្តិវិទូកន្លងមកនេះ គឺគេមិនទាន់អាចដឹងថា តើឈ្មោះថា Earth នេះនរណាជាអ្នកដាក់ឈ្មោះឲ្យ ឬក៏អាយុកាលនេះឈ្មោះថា Earth នោះឡើយ ប៉ុន្តែសម្រាប់ភាសាដំបូងៗ ដែលពាក្យនេះត្រូវបានកម្លាយមកនោះ គឺគេអាចដឹងបាន។
ឈ្មោះថា «ផែនដី ឬ Earth» នេះគឺចេញមកពីពាក្យក្នុង ភាសាអង់គ្លេស និងអាល្លឺម៉ង់ «’eor(th)e/ertha’ and ‘erde’» ដែលមានន័យថា ផ្ទៃដី (Ground)។ ប៉ុន្តែអ្នកបង្កើតឈ្មោះនេះពុំត្រូវបានគេដឹងនោះឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទាក់ទិននឹងឈ្មោះរបស់ភពនេះគឺថា Earth ជាភពតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមិនមានឈ្មោះតាមអាទិទេពរបស់ក្រិច ឬក៏រ៉ូមាំងដូចជា ពុធ (Mercury), សុក្រ (Venus), អង្គារ (Mars), ព្រហស្បតិ៍ (Jupiter), សៅរ៍ (Saturn), អ៊ុយរ៉ាណុស (Uranus) និងណិបទូន (Neptune) ជាដើម។
គួរបញ្ជាក់ថា ថ្វីត្បិតតែឈ្មោះ Earth ឬផែនដីមិនត្រូវបានដឹងពីប្រភពដើមមែន ប៉ុន្តែវាច្បាស់ណាស់ថា គឺកើតចេញពីពាក្យប្រមូលផ្តុំ ដើម្បីសម្គាល់អំពីភាពធំធេងណាមួយ ដែលគ្មានកោះត្រើយ នៅក្នុងទស្សនរបស់មនុស្សពីបុរាណ និងជាតិសាសន៍និមួយៗ។ ឧទាហរណ៍ដូចជាឈ្មោះខ្មែរយើងហៅថា «ផែនដី» នោះគឺការផ្សំគ្នារវាងពាក្យ ផែន (បន្ទះ) បូកនិងពាក្យដី ដែលចង់សំដៅទៅលើផ្ទៃដីដ៏ធំធេងដែលមនុស្សម្នា សត្វ និងរុក្ខជាតិកំពុងតាំងនៅ៕