(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យអាមេរិក MIT បានរកឃើញកញ្ចុំកាឡាក់ស៊ីនៅជុំវិញប្រហោងខ្មៅយក្សដ៏សកម្មមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅរសៀលថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
ដោយស្ថិតនៅចម្ងាយ២.៤ពាន់លានឆ្នាំពន្លឺពីផែនដី កញ្ចុំកាឡាក់ស៊ីខាងលើ មានផ្ទុកនូវកាឡាក់ស៊ីដល់ទៅចំនួនរាប់រយឯណោះ ដែលនៅហ៊ុមព័ទ្ធជុំវិញប្រហោងដ៏សកម្មខ្លាំងមួយ គេហៅថា Quasar។ Quasar មាននៅចំកណ្តាលនេះ មានឈ្មោះសម្គាល់ថា PKS1353-341 គឺមានពន្លឺខ្លាំងមែន រហូតធ្វើឲ្យកញ្ចុំកាឡាក់ស៊ីដែលនៅជុំវិញវានេះ ត្រូវបានមើលរំលងនាពេលកន្លងមក។
គួរជម្រាបថា Quasar ខាងលើ ត្រូវអ្នកវិទ្យាសាស្រ្តអះអាងថា មានពន្លឺភ្លឺជាងព្រះអាទិត្យដល់ទៅ៤៦ពាន់លានដង ដោយសារប្រហោងខ្មៅនេះ កំពុងស្រូបយកវត្ថុនានានៅក្បែរវា ហើយបញ្ចេញថាមពលដ៏ច្រើនលើសលុប៕ (១ឆ្នាំពន្លឺស្មើ៩.៦ទ្រីលានគីឡូម៉ែត្រ)