(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ទឹកកកពិតជាមានវត្តមានប្រាកដមែន នៅលើផ្ទៃដីជុំវិញតំបនប៉ូលខាងជើង និងខាងត្បូងរបស់ព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា ដោយមានទឹកកកក្នុងបរិមាណគ្រប់គ្រាន់ នៅលើផ្ទៃដី ទឹកនឹងអាចប្រើប្រាស់ជាប្រភពសម្រាប់ក្រុមអវកាសយានិក ដែលធ្វើដំណើរទៅកាន់ទីនោះនាពេលអនាគត ក្នុងការបំពេញបេសកកម្មរុករក ឬថែមទាំងអាចស្នាក់នៅមួយរយៈនៅលើឋានព្រះច័ន្ទផងដែរ ហើយវាទំនងផ្តល់ភាពអំណោយផលជាជាងប្រភពទឹក ដែលត្រូវបានរកឃើញនៅពីខាងក្រោមផ្ទៃរបស់ព្រះច័ន្ទទៅទៀត។
គួរជម្រាបថា ដូចដែលបានលើកឡើងខាងលើ អ្នកវិទ្យាសាស្រ្តធ្លាប់បានដឹងរួចមកហើយថា តំបន់នៅខាងក្រោមផ្ទៃរបស់ព្រះច័ន្ទគឺមិនមែនស្ងួតហែងទាំងស្រុងនោះឡើយ៕