(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញនូវរូបភាពមួយសន្លឹក ដែលបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យថ្មីមួយ នៃចិញ្ចៀនឬខ្សែក្រវាត់របស់ភពសៅរ៍ (Saturn) ដែលជាលក្ខណៈសម្គាល់ពិសេសប្រចាំភពឧស្ម័នយក្សមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
រូបភាពខាងលើ ត្រូវបានផ្តិតយកដោយយានអវកាស Cassini នៅមុនពេលដែលវាបានបញ្ចប់បេសកកម្មរបស់ខ្លួន តាមរយៈការទម្លាក់ខ្លួនកម្ទេចចោលទៅក្នុងភពសៅរ៍ កាលពីឆ្នាំមុន។ រូបភាពដ៏អស្ចារ្យមួយសន្លឹកនេះ រួមផ្សំឡើងចេញពីរូបភាពជាច្រើនសន្លឹកផ្សេងទៀត ដែល Cassini ថតបានតាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៧ម្ល៉េះ នៅចម្ងាយប្រហែល៧២៥,០០០គីឡូម៉ែត្រពីភពសៅរ៍។
គួរជម្រាបថា បើតាមអង្គការ NASA កម្ទេចកម្ទីរនៃទឹកកក ដែលបង្កើតចេញជាខ្សែក្រវាត់របស់ Saturn ស្ថិតក្នុងទំហំខុសៗគ្នា ដោយរួមមានតាំងពីតូចៗប៉ុនគ្រាប់ខ្សាច់ រហូតដល់ធំៗប៉ុនភ្នំ ហើយវាវាស្ថិតនៅចម្ងាយ២៨២,០០០គីឡូម៉ែត្រពីភពសៅរ៍ និងមានកម្រាស់ស្តើងខ្លាំង ដោយកន្លែងភាគច្រើនមានកម្រាស់ត្រឹម១០ម៉ែត្រប៉ុណ្ណោះ៕