(អាមេរិក)៖ ភពពុធ (Mercury) នឹងបង្ហាញខ្លួនពាក់កណ្តាល នាព្រឹកថ្ងៃអង្គារសប្តាហ៍នេះ នៅភាគខាងកើតសហរដ្ឋអាមេរិក ដែលយើងត្រូវការកែវយឺត ឬតេឡេស្កូបតូចមួយប៉ុណ្ណោះ ដើម្បីបានឃើញទិដ្ឋភាពវាមួយចំណិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
ភពពុធមានដំណាក់កាលដូចទៅនឹងព្រះច័ន្ទរបស់ផែនដី គឺវាមានពេលត្រូវបង្ហាញខ្លួនចាប់ពីលក្ខណៈចំណិតៗ រហូតដល់ពេញទាំងស្រុង ដោយនៅវេលាព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក ស្មើនឹងអំឡុងវេលាយប់នៅកម្ពុជាថ្ងៃអង្គារនេះ) ភពពុធនឹងស្ថិតនៅក្នុងលក្ខណៈ Dichotomy ដែលមានន័យថាពាក់កណ្តាលនៃផ្ទៃរបស់វា ដែលបែរមករកផែនដី នឹងត្រូវបញ្ចេញពន្លឺដោយចំណាំងពីពន្លឺព្រះអាទិត្យ។
គួរជម្រាបថា ព្រឹត្តិការណ៍នេះ នឹងកើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Mercury បានគោចរឃ្លាតឆ្ងាយពីភាគខាងលិច នៃទិសព្រះអាទិត្យបំផុត (បើយើងអង្កេតលើផ្ទៃមេឃ)។ ដោយសារតែភពពុធស្ថិតនៅកៀកនឹងព្រះអាទិត្យ វាជារឿងលំបាកមួយដើម្បីអាចមើលឃើញភពនេះ រំលងពន្លឺចែងចាំងនៃផ្កាយរបស់យើង។ ប្រការហេតុនេះហើយ ទើប Mercury មានរហស្សនាមថា «Elusive Planet (ភពដែលពិបាកស្វែងរក)» ដោយប្រសិនណា Mercury ឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ នោះវានឹងកាន់តែងាយស្រួលក្នុងការមើលឃើញ៕