(ស្វីស)៖ ភពទាំង ៧ ដែលកំពុងគោចរនៅជុំវិញផ្កាយ TRAPPIST-1 ភាគច្រើនគឺជាប្រភេទភពថ្ម ហើយខ្លះអាចនឹងលទ្ធភាពផ្ទុកទឹករាវច្រើនជាងផែនដីថែមទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញឲ្យឃើញ ពីលក្ខណៈកាន់តែលម្អិតជាងរាល់ដង នៃភពនៅក្នុងប្រព័ន្ធផ្កាយដ៏តូចចង្អៀតនេះ។ លទ្ធផលនៃការសិក្សានេះបានឲ្យដឹងថា ភពមួយចំនួនអាចទឹករាវរហូតដល់ប្រមាណ ០៥ភាគរយ នៃម៉ាស់សរុបរបស់ពួកវា ពោលគិតទៅគឺច្រើនជាងទឹក នៅក្នុងមហាសមុទ្ររបស់ផែនដីដល់ទៅ ២៥០ដង ឯណោះ។ ម៉្យាងវិញទៀត ភពទាំងអស់នៅក្នុងប្រព័ន្ធ TRAPPIST-1 គឺមានលក្ខណៈស្រដៀងនឹងផែនដីអ៊ីចឹងដែរ ដោយពួកវាមានស្នូលរឹង និងហ៊ុមព័ទ្ធជុំវិញដោយបរិយាកាស។
គួរជម្រាបថា កាលពីឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្តនៅមជ្ឈមណ្ឌល TRAPPIST ក្នុងប្រទេសឈីលី បានរកឃើញភពចំនួន ០៤ នៅជុំវិញផ្កាយដែលមានពន្លឺទន់ខ្សោយមួយឈ្មោះថា TRAPPIST-1។ ក្រោយមកមិនដល់មួយឆ្នាំផង ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសថា របកគំហើញនៃភពបន្ថែមទៀត សរុបទាំងអស់រហូតដល់សរុប ០៧ភពឯណោះ។
ភពអេលៀនទាំងអស់នេះ ធ្វើគោចរជុំវិញតំបន់អាចទ្រទ្រង់ជីវិតបាន (Habitable) នៃផ្កាយរបស់ពួកវា ពោលគឺជាតំបន់ដែលអាចអនុញ្ញាតឲ្យទឹកស្ថិតក្នុងទម្រង់រាយ នៅលើផ្ទៃដីបាន។ ប្រព័ន្ធផ្កាយ TRAPPIST-1 នេះគឺជាក្តីសង្ឃឹមថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រក្នុងការសិក្សា ជាពិសេសគឺនៅក្រោយកែវយឺតអវកាសឆ្លុះភពអេលៀន James Webb បាញ់បង្ហោះនៅក្នុងខែមីនា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រព័ន្ធ TRAPPIST-1 មានចំនួនភពថ្មច្រើនជាងគេបង្អស់ ដែលត្រូវបានរកឃើញថា ស្ថិតក្នុងតំបន់ Habitable Zone (អាចឲ្យមានទឹក និងបរិយាកាសទ្រទ្រង់ជីវិត) នៃផ្កាយតែមួយដួងប៉ុណ្ណោះ ហើយស្ថិតនៅចម្ងាយត្រឹម ៤០ឆ្នាំពន្លឺពីផែនដី (មួយឆ្នាំពន្លឺស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។
ទោះបីជាគ្មានសង្ឃឹមថា អាចបញ្ជូនមនុស្ស ឬសូម្បីតែយានទៅដល់ទីនោះក្តី ប៉ុន្តែការសិក្សាដឹងអំពី TRAPPIST-1 និងភពទាំង ៧ នៃប្រព័ន្ធនេះ គឺជាផលប្រយោជន៍ធំធេង នៅក្នុងការសិក្សាអំពីភពអេលៀន ជាពិសេសប្រសិនបើ James Webb អង្កេតដឹងថា រូបធាតុនានាក្នុងបរិយាកាសនៃភពណាមួយ នៃប្រព័ន្ធ TRAPPIST អាចទ្រទ្រង់ជីវិតបាននោះ វានឹងក្លាយជារឿងដែលបង្កការរំជើបរំជួល ក្នុងពិភពអវកាសជាក់ជាមិនខាន៕