(អាមេរិក)៖ ផ្ទុយពីការសិក្សាកាលពីមុនៗ សូម្បីនៅលើភពអេលៀនដែលគ្របដណ្តប់ដោយផ្ទៃទឹកក៏ដោយ ទម្រង់ជីវិតទំនងជាមានលទ្ធភាពមានវត្តមានសម្រាប់រយៈពេលដ៏យូរអង្វែងមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ការសិក្សាស្រាវជ្រាវនានាកាលពីមុន បានឲ្យដឹងថា ភពទឹកទាំងនេះ អាចនឹងពុំអំណោយផលសម្រាប់ទម្រង់ជីវិតនោះឡើយ ដោយសារតែពួកវាមិនអនុញ្ញាតឲ្យមានវដ្តរ៉ែនិងឧស្ម័ន ដែលមានតួនាទីផ្តល់ស្ថិរភាពដល់បរិយាកាសនៅលើផែនដីនោះទេ។ យ៉ាងណាមិញ ការសិក្សាថ្មីមួយ បានរកឃើញដូច្នេះវិញថា ភពគ្រប់ដណ្តប់ដោយផ្ទៃទឹក អាចទ្រទ្រង់ជីវិតសម្រាប់រយៈពេលដ៏យូរមួយ ក្រោយពីការចាប់កំណើតរបស់វា ប៉ុន្តែថាតើយូរអង្វែងប៉ុណ្ណានោះ គឺអាស្រ័យទៅលើភពនីមួយៗ។
គួរជម្រាបថា ក្នុងអំឡុង០២ទសវត្សរ៍ចុងក្រោយនេះ អ្នកវិទ្យាសាស្រ្ត បានរកឃើញភពអេលៀនរាប់ពាន់ ហើយក្នុងនោះចំនួនភពថ្មនិងស្ថិតក្នុងតំបន់ទ្រទ្រង់ជីវិតបាន (អាចឲ្យទឹកស្ថិតក្នុងទម្រង់រាវនៅលើផ្ទៃរបស់ភព) ពីផ្កាយមេរបស់ពួកវា ក៏មានច្រើនគួរសមផងដែរ។ តែអ្នកវិទ្យាសាស្រ្តនៅតែមានភាពស្រពិចស្រពិលនៅឡើយ ដោយសារមនុស្សលោកយើងតាំងពីដើមមក ស្គាល់ភពតែមួយប៉ុណ្ណោះដែលមានផ្ទុកជីវិតគឺផែនដីនេះឯង៕