(ម៉ូស្គូ)៖ ក្តីព្រួយបារម្ភថ្មីមួយបានលេចឡើងហើយ ដោយគំរោងកសាងស្ថានីយ៍ច្រកទ្វារអវកាសឋានព្រះច័ន្ទ ឬ Lunar Deep Space Gateway អាចនឹងត្រូវរុស្ស៊ីប្រកាសលុបចោល ដោយកាលពីឆ្នាំមុនមហាអំណាចអវកាសលេខ ២ នៅលើសកលលោកមួយនេះ បានយល់ព្រមសហការជាមួយអង្គការ NASA របស់អាមេរិកក្នុងការបង្កើតវាឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Express នារសៀលថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
ការព្រមានខាងលើនេះ ត្រូវបានធ្វើឡើងដោយប្រធានអង្គការអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin ជាការឆ្លើយតបទៅនឹងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងនយោបាយយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិកកំពុងបង្កឡើង មិនថាតែជាមួយរុស្ស៊ីនោះឡើយ គឺទៅលើប្រទេសណាក៏ដោយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទីក្រុងម៉ូស្គូ ហើយក្នុងនោះក៏មានមហាយក្សចិន ដែលទើបបានទទួលរងទណ្ឌកម្មក្តៅៗផងដែរ។
សហរដ្ឋអាមេរិកទើបតែបញ្ចេញទណ្ឌកម្មប្រឆាំងប្រទេសចិន និងត្រៀមទណ្ឌកម្មទុកដាក់បន្ថែមលើទីក្រុងម៉ូស្គូទៀត ដោយសារតែចិនបានទិញសព្វាវុធជាច្រើន ដូចជាយន្តហោះចម្បាំង និងប្រព័ន្ធការពារមីស៊ីល S-400 ដ៏មានអានុភាព ដែលផ្ទុយទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិកកន្លងមក។ ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះ គឺប្រទេសរុស្ស៊ីមិនអាចទទួលយកបាននោះឡើយ ដោយវាត្រូវបានទីក្រុងម៉ូស្គូចាត់ទុកថា ជាទណ្ឌកម្មដែលគ្មានហេតុផលទាល់តែសោះ និងមានចេតនាបង្អាក់ដល់ពាណិជ្ជកម្មលក់សព្វាវុធដែលរុស្ស៊ីតែងតែធ្វើឡើងដោយស្របច្បាប់អន្តរជាតិ។
ហេតុដូច្នេះទើបរដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមធ្វើការគិតគូរ និងពិចារណាក្នុងការកាត់ផ្តាច់ទំនាក់ទំនងសំខាន់ៗមួយចំនួនជាមួយអាមេរិក ជាការសងសឹកទៅនឹងទង្វើដែលអាមេរិកបានបង្កឡើង ហើយក្នុងនោះស្ថានីយអវកាសច្រកទ្វារឋានព្រះច័ន្ទ Lunar Orbital Space Gateway ដែលរុស្ស៊ីបានព្រមព្រៀងរួមគ្នាកសាងជាមួយអាមេរិក ក៏នឹងត្រូវលុបចោលផងដែរ ដោយទុកឲ្យអាមេរិក កសាងវាតែឯងចុះ។
លោក Dmitry Rogozin បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «រុស្ស៊ីប្រហែលជាងាកមកយកពេលវេលា និងធនធាន ដើម្បីអភិវឌ្ឍន៍គំរោងនានារបស់ខ្លួនឯងវិញ។ សហព័ន្ធរុស្ស៊ី មិនអាចទ្រាំទ្រក្នុងការដើរតួរងលើកម្មវិធីខាងលើនេះបានឡើយ»។ ការបញ្ជាក់របស់ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីពេលនេះ គឺបានកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីដដែលបានអះអាងថា ខ្លួននឹងឈប់ដឹកអវកាសយានិកអាមេរិក ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិទៀតហើយ ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខនេះតទៅ។
គួរបញ្ជាក់ថា ទោះបីជាលោក Dmirty Rogozin បានព្រមានដូចខាងលើនេះក្តី ប៉ុន្តែនាប៉ុន្មានម៉ោងក្រោយមក ទីភ្នាក់ងារអវកាស Roscosmos បានបញ្ជាក់ជំហរប្រាប់អ្នកសារព័ត៌មានបន្ថែមវិញថា «រុស្ស៊ីមិនទាន់មានផែនការភ្លាមៗ ក្នុងការសម្រេចចិត្តដកខ្លួនចេញពីគំរោងកសាងស្ថានីយអវកាសច្រកទ្វារឋានព្រះច័ន្ទនោះឡើយ»។ តាមរយៈសារព័ត៌មាន TASS បានឲ្យដឹងថា អង្គការ NASA និង Roscosmos បានព្រមព្រៀងគ្នាកាលពីខែកញ្ញា ឆ្នាំ២០១៧ ថានឹងរួមគ្នាកសាងស្ថានី Lunar Orbital Space Gateways ឲ្យបាននៅអំឡុងទសវត្សរ៍ ២០២០។
រំលឹកបន្ថែម៖ ស្ថានីយច្រកទ្វារអវកាសឋានព្រះច័ន្ទ គឺជាគំរោងដ៏ធំមហិមាមួយ កើតចេញក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលវាបានមកពីការលុបចោលគំរោងទៅកាន់ភពអង្គារ ដែលពីដំបូងឡើយគេបានគ្រោងធ្វើឡើងនៅឆ្នាំ២០៣០។ លោក ដូណាល់ ត្រាំ បានបង្កើតពាក្យស្លោកថា «ត្រឡប់ទៅឋានព្រះច័ន្ទវិញ ឬ Back to the Moon» ក្នុងន័យបង្កើតស្ថានីយអវកាសស្រាវជ្រាវនៅជុំវិញព្រះច័ន្ទ និងនៅលើផ្ទៃព្រះច័ន្ទ រួមសឹមប្រើវាជាកន្លែងសំចត សម្រាប់ត្រៀមធ្វើដំណើរទៅកន្លែងឆ្ងាយដូចជាភពអង្គារជាដើម៕