(ភ្នំពេញ)៖ ភពផែនដីគឺជាទីជម្រកផង និងជាកន្លែងផ្តល់កំណត់ដល់ជីវិតនានាផង ដែលគួរណាស់ទទួលបានការពារ និងអភិរក្សពីមនុស្សលោក ប៉ុន្តែអ្វីហាក់ផ្ទុយស្រឡះពីការចង់បាន។ ទោះបីជាបែបនេះបាតុភូតធម្មជាតិជាច្រើន នៅតែបន្តកើតមានឡើងលើផែនដី ដែលជាឥទ្ធិពលនៃផែនដីផ្ទាល់ និងវត្ថុអវកាសមកពីខាងក្រៅ ដែលនៅសេសសល់ពីការបង្កើតប្រព័ន្ធព្រះអាទិត្យ រាប់ពាន់លានឆ្នាំមកហើយ។
ថ្ងៃនេះ Cambo Space សូមលើយកចំណេះដឹងថ្មីមួយទៀតថា ទាក់ទងទៅនឹងទម្ងន់នៃភពផែនដី ដោយសំនួរមួយនេះធ្លាប់មានការចោទសួរជាច្រើនមកហើយនោះគឺ តើភពផែនដីយើងកំពុងថយទម្ងន់ ឬឡើងទម្ងន់ក្នុងមួយឆ្នាំ? មុននឹងឆ្លើយសំនួរនេះយើងត្រូវធ្វើការយល់ដឹងពីទម្ងន់នៃភពផែនដីយើងសិន នោះគឺផែនដីបច្ចុប្បន្ននេះមានទម្ងន់ 5.972 × 10^24 kg ឬ ៥.៩៧២គីឡូក្រាម គុណនឹង ១០ ស្វ័យគុណ ២៤។
១៖ ផែនដីបាត់បង់ទម្ងន់៖ អ្នកវិទ្យាសាស្ត្រអះអាងថា ផែនដីបានបាត់បង់ទម្ងន់យ៉ាងហោចណាស់ ៩៥,០០០តោនក្នុងមួយឆ្នាំ ដែលសុទ្ធសឹងជាបរិយាកាសផែនដី ដែលត្រូវបានព្យុះព្រះអាទិត្យ ឬកម្លាំងងងឹតនៃទីអវកាសរុញច្រានឲ្យខ្ទាតចេញពីភពផែនដី។ ឃើញចំណុចនេះអ្នកប្រាកដជាគិតថា ផែនដីមួយឆ្នាំៗកំពុងថមថយទម្ងន់ ប៉ុន្តែសូមអានចំណុចទី ២ សិនសឹមកាត់សេចក្តី។
២៖ ផែនដីកើនឡើងទម្ងន់៖ អ្នកវិទ្យាសាស្ត្រអះអាងថា យ៉ាងហោចណាស់អាចម៍ផ្កាយ ឬកម្ទេចកម្ទីអវកាស (ដុំថ្ម ឬធូលីអវកាស) សរុបទម្ងន់ជាង ៤០,០០០គីឡូក្រាម បានធ្លាក់មកលើផ្ទៃផែនដីជារៀងរាល់ឆ្នាំ ដែលក្នុងន័យនេះអ្នកអាចគិតថា ផែនដីកំពុងកើនឡើងទម្ងន់បន្ថែមជារៀងរាល់ឆ្នាំ។ ប៉ុន្តែចូលចងចាំថា មិនមែនចេះតែមានអាចម៍ផ្កាយតូចៗ ឬធូលីធ្លាក់ចុះមកបានជារៀងរហូតនោះឡើយ។
ដូច្នេះសរុបសេចក្តីមក បើយើងបូកដកចំនួនគីឡូក្រាមដែលផែនដីបាត់បង់ និងទទួលបានជារៀងរាល់ឆ្នាំនោះ យើងអាចសន្មត់បានថា ភពផែនដីរបស់យើងបានថយចុះទម្ងន់រាប់ម៉ឺនគីឡូក្រាមទៅក្នុងទីអវកាសក្នុងមួយឆ្នាំៗ ប៉ុន្តែធៀបចំនួនបាត់បង់នេះ ទៅនឹងទម្ងន់នៃភពផែនដីទាំងមូល ការបាត់បង់នេះគឺស្ទើរតែអាចនិយាយបានថា ទោះបីជារាប់ពាន់លានឆ្នាំទៀត ក៏មិនអាចឲ្យផែនដីប្រែជាតូចគួរឲ្យកត់សម្គាល់នោះដែរ៕