(អាមេរិក)៖ ទីបំផុត Kepler ជិតដល់ដំណាក់កាលចុងក្រោយមែនទែនហើយ ខណៈកែវយឺតអវកាសឆ្លុះភពដ៏ជំនាញរបស់អង្គការ NASA មួយនេះកាន់តែបាត់បង់សមត្ថភាពធ្វើប្រតិបត្តិការ ហើយបើតាមការបង្ហើបឲ្យដឹងពី NASA នាពេលថ្មីៗនេះ បេសកកម្ម Kepler អាចនឹងត្រូវបញ្ចប់នៅខែតុលានេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅយប់ថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
បើតាម NASA ប្រព័ន្ធមួយចំនួន កំពុងបង្កបញ្ហាដល់កែវយឺតអវកាស ដែលមានអាយុកាលជិត ១ទសវត្សរ៍នេះ។ ទិន្នន័យថ្មីបានបង្ហាញថា Kepler កំពុងមានការលំបាកជាខ្លាំង ក្នុងតម្រង់ឆ្លុះមើលផ្ទៃមេឃឲ្យចំគោលដៅ ស្របពេលដែលបរិមាណ នៃឥន្ទនៈរបស់វាកាន់តែតិចទៅៗ។
ក្រុមការងារបេសកកម្ម បានសម្រេចបិទប្រព័ន្ធដំណើរការរបស់ Kepler ជាបណ្តោះអាសន្នសិន ហើយនឹងដាស់វាឲ្យដឹងខ្លួនវិញនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ជាពេលដែលគេរំពឹងថា វានឹងបាញ់បញ្ចូនសំណុំទិន្នន័យថ្មីបន្ថែមទៀត ត្រឡប់មកផែនដីវិញ តែយោងលើស្ថានការណ៍វិវឌ្ឍន៍បែបនេះ NASA មិនអាចដឹងច្បាស់ទេថា តើដំណើរការនេះនឹងជោគជ័យដែរ ឬយ៉ាងណានោះ។ ទោះបីជាបែបនេះក្តី ប្រសិនបើជោគជ័យ NASA នឹងបន្តឲ្យកែវយឺត Kepler ប្រមែប្រមូលទិន្នន័យទៀត តាមតែអាចប្រព្រឹត្តទៅបានរហូតដល់ទីបញ្ចប់។
គិតមកទល់ពេលនេះ Kepler បានស្ថិតក្នុងសភាជិតអស់ឥន្ទនៈប្រមាណ ០៦ខែមកហើយ។ ម៉្យាងវិញទៀត កែវយឺតអវកាសនេះពុំមានផ្ទុកគំនូសរង្វាស់ជាក់លាក់សម្រាប់តំណាងឲ្យបរិមាណនៃឥន្ទនៈរបស់វាឡើយ ដូច្នេះហើយអ្នកវិទ្យាសាស្រ្តមិនអាចស្មានត្រូវថា តើវានៅសល់ចំនួនឥន្ទនៈ ឬក៏រយៈពេលធ្វើប្រតិបត្តិការប៉ុន្មានទៀតនោះទេ។
គួរជម្រាបថា ចាប់តាំងតែពីត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩ Kepler បានរកឃើញវត្តមានភពអេលៀន Exoplanet ចំនួនច្រើនជាង ២,៦០០ភព ដែលស្មើនឹងពីរភាគបីនៃចំនួន Exoplanet សរុបដែលអ្នកវិទ្យាសាស្រ្តបានរកឃើញមកទល់សព្វថ្ងៃនេះ។ យ៉ាងណាមិញ បើអត់ពី Kepler ក៏មិនមានបញ្ហានោះដែរ ព្រោះថាកែវយឺតអវកាសមានមុខងារដូចគ្នានេះ ត្រូវបានបាញ់បញ្ជូនឡើងទីអវកាសរួចស្រេចទៅហើយដោយវាមានឈ្មោះថា TESS។
នាពេលថ្មីៗនេះ TESS ទើបតែបានរកឃើញភពអេលៀនថ្មីៗចំនួន ០២ បន្ទាប់ពីវាទើបចាប់ផ្តើមប្រតិបត្តិការជាផ្លូវការប៉ុណ្ណោះ ខណៈអ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមខ្ពស់ថា កែវយឺតអវកាសនេះនឹងអាចរកឃើញ Exoplanet បានចំនួនរហូតដល់ ១០,០០០ ក្នុងអំឡុងបេសកកម្មរយៈពេល ០២ឆ្នាំរបស់វា នៅក្នុងទីអវកាស៕