(អូស្រ្តាលី)៖ ក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសអូស្រ្តាលី បានប្រកាសឲ្យដឹងពីការរកឃើញ នៃបាតុភូតសន្ទុះដ៏មានថាមពលខ្ពស់ដែលគេហៅថា Fast Radio Burst ឬ FRB ចំនួន ១៩ថ្មីទៀត ដោយរបកគំហើញនេះប្រហែលជាអាចជួយ បង្កើនការស្វែងយល់អំពីបាតុភូតអាថ៌កំបាំងនានា ដែលមកពីលំហអវកាសដ៏ជ្រៅទាំងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
បាតុភូតសន្ទុះថាមពលខាងលើ ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅឆ្នាំ២០០៧។ សម្រាប់រយៈពេលមួយនេះឆ្នាំ FRB សរុបចំនួន ២០ ហើយត្រូវបានរកឃើញ ដោយក្នុងនោះក៏មាន FRB ដែលនៅកៀកនឹងផែនដី និងបញ្ចេញពន្លឺខ្លាំងជាងគេបំផុតផងដែរ។ បាតុភូត FRB គឺជាការបញ្ចេញពន្លឺនៃរលកថាមពលនៅពាសពេញផ្ទៃមេឃ ដែលមានរយៈពេលយ៉ាងខ្លី (មីលីវិនាទី) ហើយប្រភពថា តើពួកវាកកើតឡើងដោយសារអ្វីនោះ នៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។
ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានយល់ឃើញថា ពួកវាចេញមកពីលំហអវកាសយ៉ាងឆ្ងាយពីយើង និងអាចផ្ទុកថាមពលស្មើនឹងថាមពលដែល បញ្ចេញដោយព្រះអាទិត្យក្នុងរយៈពេល ៨០ឆ្នាំឯណោះ ហើយ FRB ក៏ធ្វើដំណើរក្នុងចម្ងាយរាប់ពាន់លានឆ្នាំ និងឆ្លងកាត់សំណុំឧស្ម័នអវកាសម្តងម្កាលផងដែរ៕