(អាមេរិក)៖ កែវយឺតអវកាសមួយទៀត ដែលត្រូវបានបាញ់បង្ហោះតាំងតែពីឆ្នាំ១៩៩៩ នោះបានគាំងដំណើរការ និងលោតចូលមុខងារ Safe Mode កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមក ដោយអង្គការ NASA បានព្យាយាមជួសជុលតាមរយៈប្រព័ន្ធកុំព្យូទ័រ ដើម្បីឲ្យវាអាចដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
យោងតាមការបញ្ជាក់ព័ត៌មានផ្លូវការ ពីក្រុមការងារគ្រប់គ្រងកែវយឺតអវកាស ចាន់ត្រា (Chandra X-Ray Space Telescope) បានឲ្យដឹងថា «គ្រប់មុខងារទាំងអស់ និងឧបករណ៍នានានៅលើកែវយឺត ចាន់ត្រា បានដំណើរការឡើងវិញដោយសុវត្ថិភាពហើយ»។ បញ្ហានៃការគាំងដំណើរប៉ុន្មានលើកជាប់ៗគ្នាខាងលើនេះ គឺកំពុងស្ថិតនៅក្នុងការអង្កេត ប៉ុន្តែក្រុមជំនាញអាចសន្និដ្ឋានបានខ្លះៗថា វាអាចត្រូវបានបង្កឡើងដោយប្រព័ន្ធទប់លំនឹង និងបញ្ជាទិសដៅ (Gyroscopes) មានបញ្ហា។
កែវយឺតអវកាស Chandra ត្រូវបានបាញ់បង្ហោះដោយអង្គការ NASA កាលពីឆ្នាំ១៩៩៩ ដោយវាមានតួនាទីក្នុងការអង្កេតចក្រវាឡ ដើម្បីស្វែងរកពន្លឺដ៏មានឥទ្ធិពលនានា ដែលជះចេញក្នុងទីអវកាស នឹងមកធ្វើដំណើរមកកាន់ផែនដី តាមរយៈប្រព័ន្ធ X-Ray ដែលមានបំពាក់លើតួកែវយឺតអវកាសនោះ។ កែវយឺតនេះហើយ គឺជាអ្នកសិក្សាអំពីដំណឹងអេលៀនរហូតដល់ទៅ ៧០ភាគរយ នៃដំណឹងអេលៀនដែលយើងបានដឹងដល់សព្វថ្ងៃនេះ ប៉ុន្តែអ្នកតាមដានមួយចំនួន ប្រហែលជាមិនធ្លាប់ឮឈ្មោះវានោះឡើយ។
សម្រាប់ប្រព័ន្ធ Gyroscopes ដែលជួបបញ្ហានោះ គឺជាប្រព័ន្ធសម្រាប់ទប់លំនឹង និងធ្វើឲ្យកែវយឺតអាចបញ្ជាប្តូរទិសដៅយ៉ាងត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះកែវយឺត Chandra បានវិលទៅរកស្ថានភាពល្អប្រសើរវិញហើយ ខណៈបញ្ហា Gyroscopes ដូចគ្នានេះ ក៏ធ្លាប់បានកើតមានឡើងទៅលើកែវយឺតអវកាស Hubble ផងដែរកាលពីសប្តាហ៍មុន ដែលបាននាំឲ្យវាលោតទៅកាន់មុខងារ Safe Mode ដើម្បីរក្សាសុវត្ថិភាព។
គួរបញ្ជាក់ថា ក្រៅពីផ្កាយរណប Hubble, Kepler និង Chandra ដែលមានបញ្ហា ព្រមទាំងមានសភាពចាស់ទ្រុឌទ្រោមនេះ យានអវកាស Dawn របស់អង្គការ NASA ដែលបានទៅដល់ភពបម្រុង Ceres និង Vesta នៅតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយចន្លោះភពព្រហស្បតិ៍ និងភពអង្គារ ក៏ជិតអស់ឥន្ធនៈទ្រទ្រង់វាផងដែរ ដោយយ៉ាងហោចណាស់ គឺវានឹងអស់អំឡុងខែតុលានេះ។ Dawn គឺជាយានតែមួយគត់ហោះទៅពីផែនដី ដែលបានឃើញភពបម្រុង (ភពមិនគ្រប់លក្ខណៈ) ទាំងពីរ និងធ្វើការសិក្សាអ្វីៗជាច្រើននៅទីនោះ៕