(អាមេរិក)៖ តើយើងទាំងអស់គ្នាមានធ្លាប់ឆ្ងល់ទេថា តើចក្រវាឡនឹងបន្តពង្រីកខ្លួនជារៀងរហូត ឬក៏នៅថ្ងៃណាមួយនឹងរួមខ្លួនមកវិញក្លាយទៅជាចំណុចតូចមួយប៉ុណ្ណោះ។ សិក្សាមួយចេញផ្សាយកាលពីខែមិថុនាកន្លងទៅ បានលើកឡើងថា ការបន្តពង្រីកខ្លួនជារៀងរហូតរបស់ចក្រវាឡ គឺមិនអាចទៅរួចឡើយ។
ប៉ុន្តែបើតាមការសិក្សាថ្មីមួយកាលពីដើមខែនេះវិញ បានបង្ហាញពីភាពចន្លោះប្រហោងក្នុងលទ្ធផលសិក្សានោះ ដែលមានន័យថា ការដែលចក្រវាឡអាចវាទទីលាតសន្ធឹងទៅមុខរហូតនោះ ពុំទាន់និយាយបានទាំងស្រុងមិនអាចទៅរួចនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
ចក្រវាឡរបស់យើងត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា ពោរពេញទៅដោយកម្លាំងធំធេងម៉្យាង ដែលមើលមិនឃើញ និងទំនងជាមានលក្ខណៈប្រឆាំងនឹងកម្លាំងទំនាញ ដែលគេហៅថា ថាមពលងងឹត ឬ Dark Energy ហើយកម្លាំងអាថ៌កំបាំងនេះ ហាក់ដូចជាកំពុងរុញច្រានចក្រវាឡរបស់យើងឲ្យរីកទំហំធំឡើងៗជាលំដាប់។
ប៉ុន្តែកាលពីខែមិថុនាកន្លងទៅ អ្នកវិទ្យាសាស្រ្តមួយក្រុមបានចេញរបាយការណ៍សិក្សាមួយ ដែលលើកឡើងថា ថាមពល Dark Energy គឺមានការប្រែប្រួលរបស់វា ដែលមានន័យថា ចក្រវាឡនឹងមិនរីកខ្លួនជារៀងរហូតឡើយ ប៉ុន្តែនាថ្ងៃណាមួយនោះនឹងរួមមាឌមកវិញនៅត្រឹមទំហំជាចំណុចតូចមួយ ដូចមុនពេលដែលមហាព្រឹត្តិការណ៍បន្ទុះ Big Bang កាលពី ១៣.៧ពាន់លានឆ្នាំ កើតឡើងដូច្នោះឯង។
យ៉ាងណាមិញ ក្រុមរូបវិទូដទៃទៀតបានរកឃើញមានបញ្ហាជាច្រើននៅក្នុងទឹ្រស្តីខាងលើ ហើយស្នើឲ្យមានការគិតគូរឡើងវិញ ចំពោះការសន្និដ្ឋានបែបនេះ។ រហូតមកដល់ដើមខែតុលា ការសិក្សាថ្មីមួយបានលើកឡើងថា ទឹ្រស្តីដែលរកឃើញកាលពីខែមិថុនា គឺមិនអាចនោះទេ ដោយសារតេវាមិនអាចពន្យល់បកស្រាយ ពីភាគល្អិតម៉្យាងដែលគេហៅថា Higgs Boson បាន ព្រោះថាអ្នកវិទ្យាសាស្រ្តដឹងយ៉ាងប្រាកដថា ភាគល្អិតនេះមានមែន តាមរយៈម៉ាស៊ីនដែលមានសមត្ថភាពអាចចាប់យកភាគល្អិតដ៏មានអានុភាពមួយ នៅព្រំដែនបារាំង និងស្វីស៕