(ប៉េកាំង)៖ ចិនកំពុងគ្រោងនឹងបាញ់បង្ហោះព្រះច័ន្ទសិប្បនិម្មិតមួយឡើង ទៅកាន់ទីអវកាសនៅឆ្នាំ២០២០ ក្រោមគោលបំណងយកវាធ្វើជាប្រភពផ្តល់ពន្លឺជំនួសឲ្យបង្គោលភ្លើងនៅតាមផ្លូវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយអង់គ្លេស Express នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
បើតាមនាយកវិទ្យាស្ថានស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្តផ្នែកអវកាសចិន CASC លោក វូ ឈុនហ្វេង (Wu Chunfeng) គឺនៅសល់តែពីរឆ្នាំទៀតប៉ុណ្ណោះ ចិននឹងបញ្ជូនផ្កាយរណបសម្រាប់ធ្វើជាប្រភពពន្លឺមួយគ្រឿង ឡើងទៅកាន់ទីអវកាស។ ឧបករណ៍ដែលប្រៀបដូចជាព្រះច័ន្ទសិប្បនិម្មិតនេះ ត្រូវបានរចនាឡើងដើម្បីបំភ្លឺដល់តំបន់មានមុខកាត់ទំហំពី ១០គីឡូម៉ែត្រ ទៅ ៨០គីឡូម៉ែត្រ ដោយវានឹងដើរតួនាទីជាប្រភពពន្លឺបន្ទាប់បន្សំ បន្ថែមពីលើរស្មីរបស់ព្រះច័ន្ទនាពេលរាត្រី។
ថាមពលបំភ្លឺផែនដីរបស់ផ្កាយរណបខាងលើ នឹងមានកម្រិតខ្លាំងជាងពន្លឺដែលជះមកពីព្រះច័ន្ទពិត ដល់ទៅ ០៨ដងឯណោះ ដែលវាគ្រប់គ្រាន់ដើម្បីជំនួយពន្លឺបង្គោលភ្លើងនៅតាមដងផ្លូវបាន ខណៈព្រះច័ន្ទសិប្បនិម្មិតនោះ នឹងបញ្ចេញពីលើពន្លឺរបស់វាទៅលើទីក្រុង Chengdu ដែលស្ថិតនៅភាគនិរតីប្រទេសចិន ដោយសារតែទីនោះពន្លឺអគ្គិសនីបំភ្លឺផ្លូវនៅពេលរាត្រី គឺមានការខ្វះខាត។
សម្រាប់គំនិតនៃការបង្កើតព្រះច័ន្ទសិប្បនិម្មិតនេះ បានមកពីវិចិត្រករជនជាតិបារាំងម្នាក់ ដែលបានស្រមើស្រមៃពីការព្យួរកញ្ចក់មួយខ្សែនៅលើផែនដី ដើម្បីឲ្យចាំងផ្លាតពន្លឺព្រះអាទិត្យ មកលើដងផ្លូវក្នុងទីក្រុងប៉ារីសពេញមួយឆ្នាំៗ។ ទោះបីជាបែបនេះក្តី ការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន ក៏ត្រូវបានធ្វើឡើងផងដែរ រួមជាមួយនឹងការចំណាយ ដែលពេលខ្លះគឺអាចលើសការចំណាយបំពាក់អគ្គិសនីតាមដងផ្លូវទៀត៕