(ភ្នំពេញ)៖ ខ្ញុំចាំបានកាលខ្ញុំរៀនថ្នាក់ទី ៩ នៅឆ្នាំ២០០២-២០០៣ នាសាលាវិទ្យាល័យហ៊ុនសែនតាខ្មៅ ដោយកាលណោះខ្ញុំបានប្រកែកឡើងតឹងសសៃកជាមួយសិស្សស្រីម្នាក់ដែលរៀនថ្នាក់ជាមួយខ្ញុំ ហើយនាងតែងតែរៀនបានលេខ១ទៀត។ កាលណោះខ្ញុំបានប្រាប់នាងថា ព្រះអាទិត្យធំជាងផែនដី តែនាងបាននិយាយប្រកែកមកវិញថា «ហ្ហែងមើលម៉េចឃើញព្រះអាទិត្យធំជាងផែនដី? មិនឃើញទេអី នៅលើមេឃតូចមួយហ្នឹង! វាគ្មានទៅធំជាងផែនដីឯណាកើតទេ…»។
ជាការពិតខ្ញុំទុកចិត្ត និងជឿជាក់លើការគិតរបស់ខ្ញុំ ព្រោះខ្ញុំបានអាចសៀវភៅមួយដែល និយាយចំចំណុចដែលព្រះអាទិត្យធំជាងផែនដីរាប់លានដង ប៉ុន្តែតើឲ្យខ្ញុំពន្យល់នាងបែបណា បើគ្រាន់តែថាព្រះអាទិត្យធំជាងផែនដី ក៏នាងប្រកែកដាច់ខាតថា នាងមិនជឿផង ចុះទម្រាំតែខ្ញុំប្រាប់ថា ព្រះអាទិត្យធំជាងផែនដីរហូតដល់រាប់លានដងទៀតនោះ សិស្សស្រីលេខ១ប្រចាំថ្នាក់រូបនេះ ប្រាកដជាគិតថាខ្ញុំឆ្កួតជាមិនខាន។ ខ្ញុំក៏ធ្លាប់ឃើញរូបភាពពីបុរាណដែលបង្ហាញ ផែនដីជាចំណុចកណ្តាលនៃចក្រវាឡផងដែរ។
ខ្ញុំនិយាយពីប្រវត្តិនេះ មិនមែនចង់មើលងាយ ឬសើចចំអកចំពោះមិត្តភក្តិខ្ញុំខាងលើនេះឡើយ ប៉ុន្តែបងប្អូនដែលរៀនមុនខ្ញុំឬជំនាន់ដូចខ្ញុំលើសខ្វះឆ្នាំគ្នាប៉ុន្មានឆ្នាំ ពិតជាយល់អំពីរឿងនេះ (សម្រាប់អ្នកស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រ ភូមិវិទ្យា រូបវិទ្យា ប្រវត្តិវិទ្យា និងផែនដីវិទ្យា) ព្រោះពួកគេអាចផ្សាភ្ជាប់បានច្រើនទៅនឹងបរិស្ថាន ធម្មជាតិ និងការប្រែប្រួលនៃអ្វីៗជុំវិញខ្លួនយើងទាំងអស់។ ជាការពិតការសិក្សាកាលណោះ អាចថាត្រឹមតែអានទន្ទិញមេរៀន ទ្រឹស្តីចម្លែកៗ និងទស្សនារូបភាពស-ខ្មៅប៉ុណ្ណោះ ឬត្រឹមឃើញក្របសៀវភៅ ដែលលោកគ្រូអ្នកគ្រូខ្លះលោកមិនបានពន្យល់លម្អិតនោះឡើយ។
ដូច្នេះងាកមកកាន់មិត្តខ្ញុំវិញ មិនមែនមានន័យថា នាងមិនសមជាប់លេខ១ នៅក្នុងថ្នាក់នោះទេ ប៉ុន្តែនាងពូកែត្រង់មុខវិជ្ជាដែលរដ្ឋលើកស្ទួយដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាខ្មែរជាដើម ហេតុដូច្នេះទើបនាងក៏ដូចជាសិស្សមួយភាគធំទៀតដែលខ្ញុំហ៊ានថា គឺមិនបានចាប់អារម្មណ៍រឿងនេះឡើយ ដោយសារតែវាមិនបានពិន្ទុច្រើនឬអាចថា ពួកគេនៅក្មេងជ្រុលពេកក្នុងការស្វែងយល់។
ខ្ញុំមិនដែលតវ៉ា ឬតាមពន្យល់រកខុសត្រូវនោះឡើយពីអ្នកដែលមិនយល់ ប៉ុន្តែក្នុងចិត្តនៅតែឆ្ងល់និងស្វែងរកចម្លើយជានិច្ចថា តើអ្វីទៅភ្លឺៗនៅលើមេឃពេលយប់? តើហេតុអ្វីមានយប់និងថ្ងៃ? ហេតុអ្វីនៅតំបន់ប៉ូលត្រជាក់? ហេតុអ្វីបានជាផែនដីវិល? និងជាពិសេសគឺសំនួរថា បើមនុស្សយើងមានលទ្ធភាពរុលចូលទៅទីអវកាស តើយើងនឹងឃើញអ្វីទៅ ឬមានរនាំងខណ្ឌយើងមិនឲ្យធ្វើដំណើរទៅមុខ ឬទេ? សំនួរជាច្រើនទៀត ត្រូវបានបកស្រាយ ប៉ុន្តែចំណេះដឹងថ្មីៗបំផុត គឺជាការជម្រុញឲ្យខ្ញុំបង្កើត Cambo Space ឡើងនៅឆ្នាំ២០១៥។
ចំណេះដឹងទាំងអស់នោះ គឺទាក់ទងនឹងការរុករកភពអេលៀន ប្រហោងខ្មៅ ការបាញ់បង្ហោះយានស្រាវជ្រាវទីកន្លែងនានាក្នុងប្រព័ន្ធព្រះអាទិត្យ ជាពិសេសគឺភពអង្គារ និងការប្រកួតប្រជែងគ្នាពីសំណាក់បណ្តាប្រទេស ដែលមានសក្តានុពល ឬយើងអាចនិយាយបានថា ជាមហាអំណាចអវកាស។ ខ្ញុំខ្លួនឯងរំភើប ខ្ញុំខ្លួនឯងទើបតែបានដឹង ហើយខ្ញុំខ្លួនឯងជាអ្នកចង់បង្កើតស្ថាប័នដ៏តូចមួយនេះឡើង ដើម្បីឲ្យគ្រប់គ្នាបានដឹង និងសិក្សាជាមួយខ្ញុំដែរ ព្រោះខ្ញុំក៏កំពុងស្រាវជ្រាវដូចគ្នា។
សរុបសេចក្តីមកសំនួរកាលពីនៅក្មេងៗ ឬចម្លើយដែលខ្ញុំទទួលបានទាំងពិត និងមិនពិតពីអ្នកដែលត្រូវបានខ្ញុំសួរ គឺខ្ញុំស្ទើរតែភ្លេចអស់ទៅហើយ ប៉ុន្តែអ្វីដែលខ្ញុំចាំ គឺជាអ្វីដែលខ្ញុំបានព្យាយាមបកប្រែ ស្រាវជ្រាវ សិក្សា និងចែករំលែងបងប្អូនរយៈពេល៣ឆ្នាំមកនេះ។ វាមិនអស្ចារ្យអ្វីឡើយ ប៉ុន្តែដោយសារតែតម្លៃដែលបងប្អូនផ្តល់ឲ្យ ពាក្យសរសើរចេញពីចិត្តបងប្អូន និងការចង់ដឹងបន្ថែមរបស់ខ្លួនខ្ញុំផ្ទាល់ ចំណេះដឹងដែលប្រទេសជឿនលឿនគេដឹង និងផ្តល់តម្លៃបំផុតនេះ ជនជាតិខ្មែរដ៏ក្រីក្រ ក៏អាចដឹងទាន់សម័យកាលដូចគេដែរ៕