(អាមេរិក)៖ កាលពីខែសីហា ឆ្នាំ២០១២ យានអវកាស Voyager 1 បានក្លាយជាឧបករណ៍ដំបូងគេ ដែលបានឆ្លងផុតដែនសីមារបស់ប្រព័ន្ធព្រះអាទិត្យ ចូលទៅកាន់តំបន់ Interstellar Space (អន្តរអវកាស ឬទីអវកាសសកល) ខណៈនាពេលថ្មីៗនេះ យានភ្លោះរបស់វា Voyager 2 ក៏កំពុងធ្វើដំណើរជិតដល់ច្រកឆ្លងចេញពីប្រព័ន្ធព្រះអាទិត្យនេះផងដែរ។
យានអវកាស Voyager-1 និង យានអវកាស Voyager-2 ត្រូវបានបាញ់បង្ហោះពីផែនដីនៅឆ្នាំ១៩៧៧ ពោលគឺកាលពី ៤១ឆ្នាំមុន។ គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ យាន Voyager 1 ស្ថិតនៅចម្ងាយ ២១.៦ពាន់លានគីឡូម៉ែត្រ (ស្មើនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ ១៤៤ដង) ខណៈ Voyager 2 ស្ថិតនៅចម្ងាយ១៧.៨ពាន់លានគីឡូម៉ែត្រ (ស្មើនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ ១១៩ដង)។
នៅពេល Voyager 1 ត្រូវ NASA ប្រកាសថា បានចេញផុតដែនសីមាហ៊ុមព័ទ្ធរបស់ព្រះអាទិត្យ គឺវាស្ថិតនៅចម្ងាយជិត ១៩ពាន់លានគីឡូម៉ែត្រពីផែនដី។ ចម្ងាយរវាងព្រះអាទិត្យ និងផែនដីគឺ១៥០លានគីឡូម៉ែត្រ។ យាននេះគឺគ្រឿងយន្តដំបូងគេបង្អស់ដែលផលិតលើផែនដី ដែលបានទម្លុះរនាំង Heliosphere ដែលជាច្រកចេញពីប្រព័ន្ធព្រះអាទិត្យយើងនេះតែម្តង។
យាន Voyager 1 មានល្បឿនធ្វើដំណើរ ៦១,២០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺប្រហែលជិត ១៧គីឡូម៉ែត្រក្នុងមួយវិនាទី រីឯ Voyager 2 ធ្វើដំណើរក្នុងល្បឿន ៥៥,៣៤៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ដើម្បីធ្វើការទាក់ទងពីផែនដីទៅយាន Voyager 1 តាមរលកវិទ្យុសញ្ញា គឺត្រូវការពេលវេលា ១៩ម៉ោង ៥៤នាទី និង ៣០វិនាទី ខណៈការទាក់ទងទៅកាន់ Voyager 2 ចំណាយពេល ១៦ម៉ោង ២៤នាទី និង ៤២វិនាទី។
ខណៈទិន្នន័យពីយានទាំងពីរ ត្រូវគេរំពឹងថា នឹងបន្តបញ្ជូនមកកាន់ផែនដី សម្រាប់រយៈពេលពី ០២ឆ្នាំ ទៅ ០៣ឆ្នាំទៀត NASA គ្រោងនឹងចាប់ផ្តើមបិទដំណើរឧបករណ៍នានារបស់ពួកវា ប្រហែលជានៅឆ្នាំ២០២០ ហើយពេលណាមួយនៅចន្លោះឆ្នាំ២០២៥ និង២០៣០ ថាមពល Plutonium នៅលើយានភ្លោះទាំងពីរនឹងអស់។
ប្រាកដណាស់ ទោះជាបែបនោះក៏ដោយ យាន Voyager 1 និង Voyager 2 នឹងនៅតែបន្តរសាត់ទៅមុខ តាមគន្លងធ្វើដំណើររបស់ពួកវាដដែល ដោយពុំមានគោលដៅពិតប្រាកដឡើយ ពីព្រោះថាចំណុចសំខាន់សម្រាប់បេសកកម្ម Voyager នេះ គឺបន្ទះឌីសពណ៌មាស Golden Record ដែលបំពាក់នៅលើយានទាំងពីរ។ តើបន្ទះឌីសពណ៌មាសនោះមានអ្វីពិសេសខ្លះទៅ?
ជាការពិត បន្ទះឌីសទាំងនេះមានផ្ទុកនូវសារស្វាគមន៍ តន្រ្តី និងសំឡេងផ្សេងៗលើភពផែនដី រួមជាមួយរូបភាព ផែនទីភពផែនដី និងព័ត៌មានវិទ្យាសាស្រ្តនានា ដែលត្រូវបានត្រៀមរៀបចំទុក ក្នុងករណីដែលយានទាំងពីរគ្រឿង ត្រូវបានប្រទះឃើញដោយជីវិតឆ្លាតវៃណាមួយ នៅក្នុងទីអវកាសដ៏សែនឆ្ងាយ។ ទង្វើបែបនេះក៏ត្រូវបានអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ គឺលោក Stephen Hawking បានព្រមានជាច្រើនដងផងដែរ កាលលោកនៅមានជីវិត៕