(អាមេរិក)៖ សម្រាប់រយៈពេលរាប់ទសវត្សរ៍ មនុស្សលោកយើងបានតាមស្វែងរកវត្តមាន នៃសញ្ញាជិវិតឆ្លាតវៃនៅក្នុងទីអវកាស ប៉ុន្តែរហូតមកទល់ពេលនេះ ផ្ទៃមេឃនៅតែមានភាពស្ងប់ស្ងាត់ដដែល។ យ៉ាងណាមិញ បើតាមការសិក្សាថ្មី គឺមកពីពួកយើងមិនទាន់បានប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពនៅឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ដូចយើងបានដឹងហើយថា នៅក្នុងខ្សែភាពយន្តជាច្រើន កាឡាក់ស៊ីពោពេញទៅដោយទម្រង់នៃជីវិតឆ្លាតវៃ ដែលធ្វើដំណើរឆ្លងកាត់ទីអវកាស ដោយប្រើប្រាស់យានអវកាសធំៗ និងមានបង្ហាញសញ្ញានៃវត្តមានរបស់ពួកគេ ដោយស្តែងៗតែម្តង។ ក្នុងជីវិតពិតវិញ កម្មវិធីរុរកអេលៀនដូចជា Search for Extraterrestrial Intelligence (SETI) មិនធ្លាប់បានប្រទះឃើញរលកសញ្ញាណាមួយ គួរឲ្យកត់សម្គាល់ ពីទម្រង់ជីវិតផ្សេងទៀតនោះឡើយ។
តេឡេស្កូបប្រភេទចាប់យករលកវិទ្យុសញ្ញា (Radio Wave) ត្រូវអ្នកវិទ្យាសាស្រ្ត មើលឃើញថា ជាឧបករណ៍ដ៏សាកសម សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការរុករកបែបនេះ ដោយសារតែ Radio Wave អាចធ្វើដំណើរយ៉ាងងាយកាត់ទីអវកាស។ ប៉ុន្តែបើតាមការសិក្សាថ្មី ទំហំនៃផ្ទៃមេឃដែលអ្នកស្រាវជ្រាវ បានស្វែងរករលកសញ្ញាបែបនេះ គឺមិនធំធេងដូចការស្មាននោះឡើយ។
ទន្ទឹមនេះ ការរុករកនាពេលបច្ចុប្បន្នរបស់កម្មវិធី SETI ក៏កំពុងផ្តោតទៅលើរលកសញ្ញាបែបអុបទិចផងដែរ ដោយយោងលើការសន្និដ្ឋានថា ពួកអេលៀនអាចបញ្ចេញកម្លាំងឡាស៊ែរអុបទិច ដ៏ខ្លាំងទៅក្នុងចក្រវាឡ ក្នុងទម្រង់ជាសញ្ញា ឬក៏ជាមធ្យោបាយដើម្បីរុញច្រានយានអវកាសធំៗ។
យ៉ាងណាមិញ ទោះបីជាយើងបានរុករករលកសញ្ញាទាំងបែប Optical ឬ Radio Wave ដោយហ្មត់ចត់ក៏ដោយក្តី ផ្ទៃមេឃដែលមាវត្តមានពួកវាក៏អាចធានាបានថា ទំហំធំធេងនោះដែរ ពីព្រោះថាក្នុងដំណើរប្រវត្តិសាស្រ្តរបស់ពួកគេ អេលៀនឆ្លាតវៃប្រហែលជាបានជួបប្រទះបាតុភូតចម្លែកៗជាច្រើន ដែលមនុស្សលោកមិនធ្លាប់ជួប ហើយបាតុភូតខ្លះក្នុងចំណោមនោះ អាចមានប្រយោជន៍ក្នុងការបង្កើតចេញជារលកសញ្ញាផ្សេងៗដែលយើងកំពុងព្យាយាមចាប់យក។
ក្រោពីនេះ ក៏អាចនៅមានគោលការណ៍រូបវិទ្យាជាច្រើនផ្សេងទៀត ដែលយើងមិនទាន់អាចបកស្រាយ ឬយល់បានស៊ីជម្រៅនោះដែរ ដូច្នេះហើយចូរគិតមើលថា ប្រសិនបើអ្នកព្យាយាមធ្វើការទាក់ទងជាមួយមនុស្សសម័យបុរេប្រវត្តិ ដោយប្រើប្រាស់អាយកូម តើអ្នកនឹងទទួលបានការឆ្លើយតបដែរ ឬអត់។ ដូច្នេះបើយើងប្រើការគិតនេះទៅលើអេលៀន នោះវាក៏អាចមិនខុសគ្នានោះដែរ
សរុបសេចក្តីមក ការស្វែងរកអេលៀនរបស់កម្មវិធី SETI សព្វថ្ងៃនេះ គឺប្រៀបដូចជាការសង្កេតមើលទឹកសមុទ្រមួយកែវ ហើយសន្និដ្ឋានថា វាអត់មានត្រីនោះទេនៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយ។ ប៉ុន្តែបើសិនជាយើង អាចពង្រីកទឹកមួយកែវ ទៅជាទឹកស្រះ ឬបឹង ឬក៏អាចឈានដល់សមុទ្រនោះ ចម្លើយយ៉ាងងាយ គឺគ្មាននរណាមួយជឿថា «សមុទ្រគ្មានត្រីនោះឡើយ»។ ដូច្នេះវាមានន័យថា ការប្រឹងប្រែងរបស់មនុស្សលោកបច្ចុប្បន្ន នៅមិនទាន់ដល់កម្រិត៕