(អាមេរិក)៖ បន្ទាប់ពីក្រុមជំនាញដ៏ធំមួយរបស់អង្គការ NASA បានចំណាយពេលវេលា និងថវិកាសរុប ៨០០លានដុល្លារ ដើម្បីកសាងយានអវកាស OSIRIS-REx នោះ ពួកគេពេលនេះក៏កំពុងតែប្រយ័ត្នប្រយែងបំផុតដែរ ក្នុងការធ្វើយ៉ាងណាឲ្យយាននេះ អាចទៅដល់អាចម៍ផ្កាយ Bennu ដោយសុវត្ថិភាព និងមិនបុកទង្គិចជាមួយដុំថ្មអវកាសណាមួយជាយថាហេតុនោះឡើយ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាយប់ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់របស់ក្រុមគ្រប់គ្រងបេសកកម្ម OSIRIS-REx យាននេះនៅសល់តែជិត ១លានគីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងទៅដល់អាចម៍ផ្កាយ Bennu ហើយ ដោយពេលនេះក្រុមការងារទាំងមូលកំពុងតែប្រយ័ត្នប្រយែងបំផុត ព្រោះបើធ្វេសប្រហែសតែបន្តិច យើងអាចបាត់បង់វាទៅតែម្តង។ រឿងធំៗបំផុតពីរដែល NASA កំពុងព្រួយបារម្ភ នោះគឺកម្ទេចធូលីអាចចូលក្នុងយាន និងមួយទៀត គឺយាន OSIRIS-REx អាចប៉ះទង្គិចជាមួយដុំថ្មអវកាសតូចៗ (ព្រះច័ន្ទ) របស់អាចម៍ផ្កាយ Bennu។
សម្រាប់ពេលវេលាជាក់លាក់នោះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែបើតាមក្រុមជំនាញ OSIRIS-REx និងចាប់ផ្តើមរៀបចំគន្លងគោចរជុំវិញ Bennu ដើម្បីធ្វើជាផ្កាយរណបអង្កេតជុំវិញអាចម៍ផ្កាយនោះតែម្តង នៅអំឡុងខែធ្នូ ចុងឆ្នាំ២០១៨ ហើយវានឹងត្រូវហោះហើរយ៉ាងហោចណាស់ពី ៤០ ទៅ ៥០គីឡូម៉ែត្រពី Bennu ដើម្បីធ្វើការសិក្សាអំពីលក្ខណៈទូទៅ នៃអាចម៍ផ្កាយដែលមានមុខកាត់ជាង ៤០០ម៉ែត្រនេះ។
គួរបញ្ជាក់ថា អាចម៍ផ្កាយ Bennu ត្រូវបានរកឃើញកាលពីខែកញ្ញា ឆ្នាំ១៩៩៩ និងមានគន្លងគោចរព័ទ្ធជុំវិញព្រះអាទិត្យដូចជាភពផែនដីដែរ ប៉ុន្តែមួយឆ្នាំរបស់វា គឺមានរយៈពេល ៤៣៨ថ្ងៃ បើធៀបនឹងភពផែនដី ៣៦៥ថ្ងៃ។ បេសកកម្មកាន់តែគួរឲ្យចាប់អារម្មណ៍ នៅឆ្នាំក្រោយនេះ OSIRIS-REx នឹងហោះពីលើ Bennu ក្នុងរយៈកម្ពស់តែ ៥គីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីធ្វើការផ្តិតរូបភាព និងសិក្សាឲ្យកាន់តែស៊ីជម្រៅ។
យានខាងលើ ដែលមានតម្លៃ៨០០លានដុល្លារ និងមានឈ្មោះពេញថា Origins, Spectral Interpretation, Resource Identification, Security, Regolith Exploer ដ៏វែងនោះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ចេញពីរដ្ឋផ្លូរីដា។ ប្រសិនអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុកទាំងអស់ យាន OSIRIS-REx នឹងទៅដល់គោលដៅនៅដើមខែធ្នូចុងឆ្នាំនេះ រួចធ្វើការសិក្សាស្រាវជ្រាវលើអាចម៍ផ្កាយ Bennu ពីចម្ងាយសម្រាប់មួយរយៈពេល ហើយនឹងចូលទៅកៀកដើម្បីប្រមូលយកគំរូតាងពីផ្ទៃនៃដុំថ្មអវកាសនេះ នៅខែកក្កដា ឆ្នាំ២០២០។ គំរូតាងដែលប្រមូលបានទាំងប៉ុន្មាន ក្រោយមកនឹងត្រូវបញ្ជូនមកកាន់ផែនដី តាមរយៈយានកាប់ស៊ុល (Capsule) ពិសេសមួយនៅខែកញ្ញា ឆ្នាំ២០២៣។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុកទាំងអស់ យានស្រាវជ្រាវនេះ នឹងធ្វើការសិក្សាទៅលើ Bennu ពីគន្លងរបស់វាសម្រាប់រយៈពេលជាង ០២ឆ្នាំ តាមរយៈការប្រមូលយកទិន្នន័យជាច្រើន។ OSIRIS-REx ក៏នឹងត្រូវចុះទៅយកគំរូតាងរបស់អាចម៍ផ្កាយផងដែរ មុនពេលចាកចេញពី Bennu វិញនៅខែមីនា ឆ្នាំ២០២១ ហើយគំរូតាងនោះនឹងត្រូវបញ្ជូនចុះមកផែនដីតាមយាន Capsule ពិសេសមួយនៅខែកញ្ញា ឆ្នាំ២០២៣៕