(អាមេរិក)៖ ការសិក្សាដ៏ថ្មីសន្លាងមួយទៀតហើយ ត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ជីវិតអេលៀននៅភពផ្សេងទៀត ទំនងជាអាចមានពណ៌ស្វាយ ដែលខុសពីផែនដីយើងដែលគ្របដណ្តប់ដោយពណ៌ខៀវ និងបៃតងចំរុះគ្នានាពេលបច្ចុប្បន្ន ប៉ុន្តែជីវិតដំបូងៗក៏អាចមានពណ៌ស្វាយផងដែរ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាយប់ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងថា ជីវិតភពអេលៀនអាចមានពណ៌ដូចផ្កាឡាវិនដ័រខាងលើនេះ គឺធ្វើឡើងដោយអ្នកសិក្សាផ្នែកជីវៈសាស្ត្រ Shiladitya DasSarma នៃសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក និងអ្នកស្រាវជ្រាវឈ្មោះ Edward Schwieterman នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វរញ៉ា។ អ្នកទាំងពីរបានស្វែងយល់ដូចគ្នាថា មុនពេលរុក្ខជាតិបៃតងចាប់ផ្តើមស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ ពពួកអូកានិចពណ៌ស្វាយដំបូងៗ ក៏បានចាប់ផ្តើមប្រើវិធីដូចគ្នានេះដែរ ហើយពពួកអេលៀនរឹតតែមិនខុសគ្នាទៀត។
បន្ថែមពីខាងលើនេះ អ្នកស្រាវជ្រាវខាងលើនេះ ក៏បានអះអាងថែមទៀតដែរថា ជីវិតនៅលើផែនដីដំបូងៗ គឺអាចត្រូវបានគ្របដណ្តប់ដោយពណ៌ស្វាយ ដែលមានលក្ខណៈដូចស្រទាប់ផ្កាឡាវិនដ័រ។ ការហ៊ានសន្និដ្ឋានបែបនេះ ក៏ព្រោះតែក្រុមតារាវិទូកន្លងមក ធ្លាប់បានរកឃើញភពផ្សេងថ្មីៗមួយចំនួន ហើយក្រុមតារាវិទូបានព្យាយាមកំណត់ពណ៌នៃភពទាំងនោះ តាមរយៈការសិក្សាពន្លឺដែលចាំងចេញពីពួកវា។ វាក៏ជាវិធីមួយនៅក្នុងការស្វែងរកពិភពបៃតងនៅក្នុងទីអវកាសផងដែរ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ គួរតែចាប់ផ្តើមរុករកពិភពដែលមានពណ៌ស្វាយវិញ ដែលត្រូវបានចាត់ទុកជាកំណកកើតដំបូងនៃជីវិត។
សម្រាប់គំនិតដែលថា ផែនដីពីដើមឡើយអាចមានពណ៌បៃតងនេះ គឺមិនមែនជារឿងថ្មីពេលនោះឡើយ ដោយលោក DasSarma និងក្រុមការងាររបស់លោក ក៏ធ្លាប់បានលើកឡើងពីទ្រឹស្តីនេះម្តងដែរកាលពីឆ្នាំ២០០៧។ ការគិតកាណណោះ គឺបែបនេះ៖ «រុក្ខជាតិនានាធ្វើការសំយោគខ្លួនឯងដោយប្រើប្រាស់ក្លរ៉ូភីល ដើម្បីបំលែងយកថាមពលពីព្រះអាទិត្យ ប៉ុន្តែពួកវាមិនបានស្រូបយកពន្លឺបៃតងនោះឡើយ។ វាជាការរាំងស្ទះមួយ ពីព្រោះពន្លឺបៃតងពីព្រះអាទិត្យ គឺសំបូរហូរហៀរណាស់។ ការលើកឡើងរបស់លោក DasSarma នោះប្រហែលជាចង់សំដៅលើពណ៌ផ្សេងទៀតនៃពន្លឺ ដែលរុក្ខជាតិកាលពីបានស្រូបយកមក ដើម្បីធ្វើរស្មីសំយោគ (ចេញជារុក្ខជាតិ ឬជីវិតពណ៌ស្វាយ) ខ្លួនឯងតែម្តង»។
គួរបញ្ជាក់ថា ក្រុមអ្នកសិក្សាខាងលើនេះបានព្យាយាមស្វែងរកអំណះអំណាង និងការពិសោធន៍បែបជីវៈសាស្ត្រជាច្រើន អំពីការបំលែងពណ៌នៃរុក្ខជាតិ និងជីវិត តាមរយៈការធ្វើរស្មីសំយោគជាមួយថាមពលព្រះអាទិត្យ ជាពិសេសគឺនៅពេលភពណាមួយ ចាប់ផ្តើមមានជីវិតអេលៀនកកើតឡើងដំបូងៗ។ ពួកគេបានអះអាងថា ដំណើរនៃការបំលែងពណ៌ស្វាយរបស់ផ្កាឡាវិនដ័រ និងផ្កាមួយចំនួនទៀតលើផែនដី គឺអាចនឹងដូចទៅនឹងអ្វីដែលជីវិតអេលៀននៅភពផ្សេង ដែលបានបំលែងជាមួយរស្មីព្រះអាទិត្យរបស់ពួកគេដែរ។ យ៉ាងណាក៏ដោយ លទ្ធផលខាងលើនេះ គឺកំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ៕