(អាមេរិក)៖ អាចម៍ផ្កាយចម្លែកមួយដុំមានពណ៌ខៀវ ដែលមើលទៅដូចជាអាចម៍ផ្កាយដុះកន្ទុយ និងទំនងជាមូលហេតុនៅពីក្រោយបាតុភូតទេពច្យុត Geminid ដែលកើតឡើងជារៀងរាល់ឆ្នាំនោះ ត្រូវអ្នកវិទ្យាសាស្រ្តបង្ហើបឲ្យដឹងនាពេលនេះថា ធ្លាប់បានហោះមកកៀកផែនដីកាលពីឆ្នាំមុន ដែលជាឱកាសពុំធ្លាប់មាន សម្រាប់ឲ្យតារាវិទូសិក្សាដោយលម្អិតទៅលើដុំអវកាសនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
អ្នកវិទ្យាសាស្រ្តបានរកឃើញថា អាចម៍មួយនោះក៏កាន់តែមានលក្ខណៈចម្លែកជាង អ្វីដែលពួកគេរំពឹងទុកទៅទៀត។ អាចម៍ផ្កាយ 3200 Phaethon គឺជាថ្មអវកាសពិសេសមួយដុំ ដែលមានពណ៌ខៀវយ៉ាងកម្រ និងមានគន្លងគោចរប្លែកពីគេ ដែលធ្វើឲ្យវាធ្វើដំណើរក្នុងចម្ងាយយ៉ាងកៀកទៅនឹងព្រះអាទិត្យ ហើយក្រោយមកក៏ចេញហួសផុតពីគន្លងរបស់ភពអង្គារ (Mars)។ មួយជុំនៃគន្លងគោចររបស់វា ស្មើនឹង ១.៤ឆ្នាំនៅលើផែនដី ហើយគន្លងធ្វើដំណើរប្រភេទនេះ ភាគច្រើនគឺសម្រាប់តែផ្កាយដុះកន្ទុយ (Comet) ឯណោះវិញទេ មិនមែនអាចម៍ផ្កាយ (Asteriod) ឡើយ។
ប៉ុន្តែខណៈវាដើរតួដូចជា Comet រូបរាងរបស់វាមើលទៅ គឺមិនដូចនោះទេ។ នៅពេលដែល Comet ទៅកៀកនឹងព្រះអាទិត្យ ពួកវាតែងបង្កើតចេញពីសំណុំពពកដែលគេហៅថា «Coma» និងដាននៃធូលីក៏ដូចជាឧស្ម័នអវកាស ដែលប្រៀបដូចជាកន្ទុយដ៏វែងមួយ វែងអន្លាយនៅពីក្រោយវា។ ដោយឡែក Phaethon តែងមើលទៅប្រៀបដូចជាចំណុចតូចមួយរសាត់ក្នុងទីអវកាស ដោយមានដានធូលីដ៏តូចឆ្មាៗប៉ុណ្ណោះ។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ អាចម៍ផ្កាយ Phaethon បានធ្វើដំណើរមកកៀកផែនដីជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៤ នៅរយៈចម្ងាយ១០.៣លានគីឡូម៉ែត្រពីផែនដី។ នាពេលនោះអ្នកវិទ្យាសាស្រ្ត ក៏បានឆ្លៀតឱកាសស្វែងយល់ថែមទៀតពីលក្ខណៈ និងប្រភពរបស់អាចម៍ផ្កាយនោះ។
លទ្ធផលមួយក្នុងចំណោមការរកឃើញ ដែលចេញការអង្កេតរបស់អ្នកវិទ្យាសាស្រ្តទៅលើ Phaethon នៅពេលវាហោះកាត់កៀកផែនដី អាចនឹងធ្វើឲ្យទ្រឹស្តីនាពេលបច្ចុប្បន្នអំពីប្រភពរបស់ Phaethon មិនអាចយកជាការបាន។ តារាវិទូរហូតមកទល់ពេលនេះ បានសង្ស័យជាយូរមកហើយថា Phaethon គឺជាបំណែកនៃអាចម៍ផ្កាយពណ៌ខៀវដ៏ធំមួយឈ្មោះថា Pallas។
ក្រៅពីនេះ អ្នកស្រាវជ្រាវបានរកឃើញទៀតថា ផ្ទៃរបស់ Phaethon គឺមានពណ៌ខៀវស្មើៗគ្នា ដែលមានន័យថា ផ្នែកនៃថ្មអវកាសនេះបានទទួលរងការដុតកម្តៅពីព្រះអាទិត្យ ដោយស្មើឥតលម្អៀងកន្លែងណានោះទេ។ ពណ៌ខៀវរបស់ Phaethon គឺជាភស្តុតាងបង្ហាញថា អាចម៍ផ្កាយនេះនៅពេលទៅកៀកព្រះអាទិត្យ អាចបានទទួលរងកម្តៅដល់ទៅ ៨០០អង្សាសេ។
ទាក់ទិននឹងបាតុភូតទេពច្យុត Geminid ដែលតែងកើតមានជារៀងរាល់ខែធ្នូវិញ គឺជាបាតុភូតទេពច្យុតតែមួយគត់ ដែលទំនងជាមានប្រភពមកពីវត្ថុផ្សេងក្រៅពី Comet។ Comet គឺជាថ្មអវកាសដ៏ត្រជាក់ដែលមានផ្ទុកទឹកកក ថ្ម ធូលី និងឧស្ម័ន ហើយនៅពេលដែលវានៅកៀកព្រះអាទិត្យ រូបធាតុទាំងនេះមួយចំនួននឹងហួត ហើយបំណែកតូចៗរបស់វានឹងប្រេះរបូតចេញ ដែលជាហេតុបង្កឲ្យមានដាននៃកម្ទេចកម្ទីររូបធាតុរបស់ Comet នៅក្នុងទីអវកាស ខណៈនៅពេលផែនដីគោចរកាត់ដានកម្ទេចកម្ទីរទាំងនោះ ពួកយើងក៏បានមើលឃើញបាតុភូតទេពច្យុត។
ចំណែក Asteroid ដូចជា Phaethon វិញគឺជាថ្មអវកាសដែលរឹង និងពុំមានប្រតិកម្មដូចជា Comet នៅពេលពួកវាទៅកៀកព្រះអាទិត្យឡើយ ហើយអ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ច្បាស់នោះទេថា តើ Phaethon បានបង្កើតបាតុភូតទេពច្យុត Geminid យ៉ាងដូចម្តេច។ ខណៈដែលរូបធាតុខ្លះៗអាចជ្រុះចេញពីផ្ទៃរបស់ Phaethon ក៏ដោយ ប៉ុន្តែគឺមិនគ្រប់គ្រាន់សម្រាប់ការកើតមាននៃបាតុភូតទេពច្យុត Geminid នោះទេ។
មុនពេលរកឃើញ Phaethon កាលពីឆ្នាំ១៩៨៣ អ្នកស្រាវជ្រាវពុំដឹងថា ទេពច្យុត Geminid មកពីខាងណានោះទេ ប៉ុន្តែក្រោយពីបានតាមដានឃើញថា គន្លងគោចររបស់ Phaethon គឺត្រូវគ្នាជាមួយដានកម្ទេចកម្ទីរ ដែលបង្កឡើងដោយបាតុភូតទេពច្យុតប្រចាំឆ្នាំនេះ តារាវិទូក៏បានកំណត់ថា Phaethon ច្បាស់ជាប្រភពនៃបាតុភូតទេពច្យុតនេះ។
ជុំវិញចម្ងល់នៅពីការកកើតឡើង នៃទេពច្យុត Geminid អ្នកវិទ្យាសាស្រ្តបានលើកឡើងលទ្ធភាពមួយចំនួន ក្នុងនោះរួមមានការសង្ស័យថា Phaethon អាចបុកគ្នាជាមួយវត្ថុមួយផ្សេងទៀតក្នុងទីអវកាស ហើយបាតុភូតទេពច្យុត Geminid កើតចេញពីហេតុការណ៍ប៉ះទង្គិចគ្នានោះ។ រីឯមួយទៀត គឺ Phaethon អាច Comet ដែលផុតពូជ ឬជា Comet ដែលបានវិវត្តន៍ខ្លួនទៅជា Asteriod ក្នុងអំឡុងពេលដ៏យូរមួយ។
គួរជម្រាបថា លទ្ធផលនៃការសិក្សាថ្មីនេះ នឹងផ្តល់អត្ថប្រយោជន៍ សម្រាប់អ្នកវិទ្យាសាស្រ្តនៃទីភ្នាក់ងារអវកាសជប៉ុន JAXA ដែលកំពុងតែរៀបចំគម្រោងបេសកកម្មមួយឆ្ពោះទៅកាន់ Phaethon។ បេសកកម្មនោះមានឈ្មោះថា DESTINY+ ដែលនឹងត្រូវបញ្ជូនឡើងទៅទីអវកាសនៅឆ្នាំ២០២២ ដើម្បីទៅសិក្សាលើអាចម៍ផ្កាយ Phaethon និងថ្មអវកាសដទៃទៀត ដែលនៅក្បែរផែនដី៕