(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា កែវយឺតអវកាស Hubble បានជួបប្រទះបញ្ហាផ្នែកកាមេរ៉ាសាជាថ្មីម្តងទៀតហើយ ខណៈក្រុមអ្នកជំនាញរបស់ NASA កំពុងតែសិក្សាលើបញ្ហានេះ និងរៀបចំផែនការដើម្បីជួសជុលវាឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មានវិទ្យាសាស្រ្ត និងអវកាស Space នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
NASA បានឲ្យដឹងថា កាមេរ៉ាសម្រាប់ការអង្កេត Advanced Camera for Surveys របស់កែវយឺត Hubble បានជួបបញ្ហា Error កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយនាពេលនេះក្រុមការងារជំនាញ កំពុងស្វះស្វែងកំណត់ដើមចមនៃបញ្ហា ដើម្បីបង្កើតផែនការជួសជុលវាឡើងវិញ។
ទោះជាបែបនេះក្តី វាពុំបានបង្កភាពរាំងស្ទះធំដុំដល់ថ្នាក់មិនអាចឲ្យ Hubble ធ្វើការសិក្សាពីចក្រវាឡបានទៀតនោះឡើយ។ កែវយឺតអវកាសដែលមានអាយុកាលជិត ២៩ឆ្នាំហើយនេះ នៅមានប្រភេទកាមេរ៉ា ០៣គ្រាប់សំខាន់ៗផ្សេងទៀតរួមមាន Wide Field Camera 3, Comsic Origins Spectrograph, និង Space Telescope Imaging Spectrograph។
កាមេរ៉ា Advanced Camera for Surveys ត្រូវបានបំពាក់នៅលើកែវយឺត Hubble កាលពីខែមីនា ឆ្នាំ២០០២។ វាធ្លាប់បានរលត់ដំណើរការម្តងកាលពីឆ្នាំ២០០៧ ប៉ុន្តែត្រូវបានជួសជុលឡើងវិញ ដោយអវកាសយានិកមួយក្រុមកាលពីឆ្នាំ២០០៩ ក្នុងអំឡុងបេសកកម្ម STS-125 របស់អង្គការ NASA ដែលជាបេសកកម្មផ្តល់សេវាថែទាំដោយផ្ទាល់ចុងក្រោយបំផុតសម្រាប់ Hubble។
ប៉ុន្មានខែកន្លងទៅនេះ Hubble បានជួបបញ្ហា Error ជាបន្តបន្ទាប់។ នៅខែមករា ឆ្នាំ២០១៩ កាមេរ៉ា Wide Field Camera 3 របស់វាបានគាំងដំណើរ ខណៈកាលពីឆ្នាំមុនប្រព័ន្ធតម្រង់ទិសដៅ និងទប់លំនឹង (Gyroscope) ដ៏សំខាន់មួយមិនអាចធ្វើប្រតិបត្តិការបានស្ទើរតែពេញមួយខែតុលា ឆ្នាំ២០១៨។
គួរជម្រាបថា កែវយឺតអវកាស Hubble គឺជាបេសកកម្មរួមគ្នារវាង NASA និង ទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ វាត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាស កាលពីខែមេសា ឆ្នាំ១៩៩០ ដើម្បីបំពេញបេសកកម្មត្រឹម ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានបន្តដំណើរការរហូតមកដល់បច្ចុប្បន្ននេះ និងអាចបន្តទៅពេលខាងមុខទៀត៕