ជោគជ័យ​ជា​ស្ថាពរ! យាន Crew Dragon ទម្លាក់​ខ្លួនចូល​មហាសមុទ្រ ក្រោយ​ស្ថិត​នៅ​ស្ថានីយអវកាស​០៦ថ្ងៃ (រូបភាពខាងក្នុង)

(វ៉ាស៊ីនតោន)៖ ទីបំផុតយាន Crew Dragon របស់ក្រុមហ៊ុន SpaceX បានត្រឡប់ចុះមកដល់ភពផែនដីវិញដោយជោគជ័យ ក្រោយពីវាបាន​​ចំណាយពេល០៦ថ្ងៃ​ នៅឯស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Independent នៅយប់​ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។

នាព្រឹកថ្ងៃសុក្រ (ពេលវេលានៅ​ភាគខាងកើត​សហរដ្ឋអាមេរិក) ​ក្រោយ​ពីត្រឡប់ចូលមកក្នុង​បរិយាកាសផែនដីវិញ យាន Crew Dragon ឬ Dragon 2 បាន​ប្រើឆ័ត្រយោងទម្លាក់​ខ្លួនវាចុះមកប៉ះផ្ទៃទឹក​ នៃ​មហាសមុទ្រ​អាត្លង់ទិក​​ដោយសុវត្ថិភាព ជាមួយអវកាសយានិក​ជ័រម្នាក់​ឈ្មោះ​ថា Ripley នៅក្បែរឆ្នេរនៃរដ្ឋផ្លូរីដា។ ការធ្វើតេស្ត​ខាងលើនេះ បានចាប់ផ្តើមកាលពី​ថ្ងៃសៅរ៍សប្តាហ៍មុន ហើយយាន​អវកាស Crew Dragon បាន​ទៅដល់​​ស្ថានីយ ISS កាលពី​ថ្ងៃអាទិត្យ។

គួរជម្រាបថា បច្ចុប្បន្ន​ក្រុមអវកាសយានិករបស់​ទីភ្នាក់ងារអវកាស​អាមេរិក NASA បានពឹងផ្អែកទាំងស្រុង​ទៅលើ​យាន និងគ្រាប់រ៉ុក្កែតរបស់​​ប្រទេសរុស្ស៊ី ដើម្បីធ្វើដំណើរ​ទៅកាន់ស្ថានីយអវកាស​អន្តរជាតិ ចាប់តាំងតែពី​កម្មវិធីយាន Space Shuttle របស់ខ្លួន​បានចូលនិវត្តន៍​កាលពី ​០៨ឆ្នាំមុន។ ឥឡូវនេះ NASA កំពុងដាក់ក្តី​សង្ឃឹមលើក្រុមហ៊ុន​ឯកជន SpaceX ក៏ដូចជា Boeing ក្នុងការផលិត​យានអវកាសមួយ ដើម្បី​ចាប់​ផ្តើម​​បញ្ជូនអវកាសយានិក​របស់ខ្លួន ឡើងទៅកាន់​ទីអវកាសវិញ​ដោយប្រើគ្រាប់រ៉ុក្កែត និងយានរបស់​អាមេរិក​ផ្ទាល់។ ​

​បន្ទាប់ពីការធ្វើតេស្ត​ខាងលើ យាន Crew Dragon នឹងត្រូវធ្វើតេស្តជា​លើកដំបូងដោយមានវត្តមានមនុស្ស​នៅខែកក្កដា ឆ្នាំ២០១៩នេះ រីឯ​យាន Starliner ដែលកំពុងស្ថិត​ក្រោមការអភិវឌ្ឍ​របស់ Boeing ត្រូវគេរំពឹងថា នឹង​​អាចធ្វើការ​សាកល្បងបាញ់​បង្ហោះដោយ​​​គ្មានដឹក​មនុស្ស​ ​ជា​លើក​ដំបូង​​ទៅកាន់​ស្ថានីយ ISS នៅខែមេសា​ខាងមុខ ខណៈការហោះហើរ​ដោយមានដឹកមនុស្ស​ គឺនៅអំឡុងរដូវ​​ក្តៅឆ្នាំនេះ​​ (ចន្លោះ​ខែ​មិថុនា​ និង​ខែកញ្ញា)៕

Comments (0)
Add Comment