Hubble ផ្តិតបានរូបភាពស្នូលកាឡាក់ស៊ីភ្លោះដ៏កម្រ ស្ថិតនៅចម្ងាយ ១០ពាន់លានឆ្នាំពន្លឺពីយើង

(បរទេស)៖ ទោះបីជាពិភពលោកទាំងមូល កំពុងតែរងការវាយលុកកាន់តែធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការស្រាវជ្រាវទីអវកាស នៅតែមិនថមថយនោះឡើយ។ ជាក់ស្តែងកែវយឺតអវកាសចាស់វស្សារបស់ NASA នោះគឺ Hubble ទើបតែបានផ្តិតយកទិដ្ឋភាពថ្មីសន្លាងក្នុងចក្រវាល នោះគឺពន្លឺដ៏ភ្លឺចិញ្ចាចនៃស្នូលកាឡាក់ស៊ីភ្លោះ កាលពីអតីតកាល។

រូបភាព៖ NASA/Hubble

ស្នូល ឬណ្វៃយ៉ូកាឡាក់ស៊ី (quasar) មួយគូខាងលើនេះស្ថិតនៅចម្ងាយ ១០ពាន់លានឆ្នាំពន្លឺពីផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយការរកឃើញពួកវាទាំងពីរនោះ គឺមិនសូវខុសពីការរាវរកម្ជុល នៅក្នុងបាតសមុទ្រនោះឡើយ ឬបើយើងធៀបទៅនឹងការរក quasar ទោលវិញនោះ វាមានការលំបាកខុសគ្នាប្រមាណជា ១,០០០ដងឯណោះ។

រូបភាព៖ NASA/Hubble

បើតាមរូបភាពដែល Hubble ផ្តិតបាន quasars ភ្លោះមួយគូនេះមានគម្លាត ១០,០០០ពន្លឺពីគ្នា។ ដើម្បីឲ្យងាយយល់យើងអាចប្រៀបធៀបគ្នាបែបនេះវិញ ដោយព្រះអាទិត្យរបស់យើងស្ថិតចម្ងាយ ២៦,០០០ពន្លឺ ពីចំណុចកណ្តាល Milky Way ឬពីប្រហោងខ្មៅមហាយក្ស (supermassive black Hole) Sagittarius A* ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីយើងនេះ។

រូបភាព៖ NASA/Hubble

ជុំវិញការរកឃើញដ៏អស្ចារ្យខាងលើ អ្នកដឹកនាំការស្រាវជ្រាវឈ្មោះ Nadia Zakamska មកពីសាកលវិទ្យាល័យ Johns Hopkins ស្ថិតនៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិកបានលើកឡើងថា ស្នូលកាឡាក់ស៊ីទាំងពីរត្រូវបានមើលឃើញ ស្ថិតនៅកៀកគ្នាខ្លាំងបែបនេះ ក៏ព្រោះតែពួកវាកំពុងស្ថិតនៅពាក់កណ្តាលផ្លូវ នៃការរួមបញ្ចូលគ្នាទៅហើយ។

ណ្វៃយ៉ូ ឬស្នូលនៃកាឡាក់ស៊ី (quasar) មានពន្លឺខ្លាំងអស្ចារ្យ ដែលអាចឲ្យតេឡេស្កូបចាប់បានរូបភាពវា បើទោះជាស្ថិតនៅចម្ងាយរាប់ពាន់លានឆ្នាំពន្លឺបែបនេះ គឺព្រោះតែពួកវាជាស្នូលនៃកាឡាក់ស៊ីនោះឯង។ ស្នូលនៃកាឡាក់ស៊ីនីមួយៗ តែងតែជាតំបន់ដ៏ក្តៅគគុកនៃវត្តមានតារា, ឧស្ម័ន, ធូលីអវកាស និងជាពិសេសគឺប្រហោងខ្មៅមហាយក្ស (supermassive Black Hole) ដែលជាកម្លាំងចលករ ស្ថិតនៅចំកណ្តាលស្នូលនោះតែម្តង។

រូបភាព៖ NASA/Hubble

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា នៅពេលដែលកាឡាក់ស៊ីពីររួមបញ្ចូលគ្នា រូបធាតុពោពេញដោយកម្លាំងទំនាញរៀងៗខ្លួន ក៏បានត្របាញ់បញ្ចូលគ្នាដែរ មិនខុសពីការធ្វើសង្គ្រាមនោះឡើយ។ ក្រោយការប៉ះទង្គិចដោយកម្រោលនោះ រូបធាតុបែកខ្ញែកនានា ត្រូវបានស្រូបចូលប្រហោងខ្មៅ ដែលជាស្ថិតនៅក្បែរៗពួកវាវិញ។ បាតុភូតបែបនេះ ក៏អាចធ្វើឲ្យមានបំភាយនៃ ខ្យល់កាឡាក់ស៊ី (galactic winds) ដែលធ្វើឲ្យឧស្ម័នយ៉ាងច្រើន ជះចេញទៅក្នុងទីអវកាស នៅអំឡុងពេលដែលកាឡាក់ស៊ីពីររូបបញ្ចូលគ្នា។

ដំណើរការខាងលើនេះហើយ ទើបអាចបង្កើតចេញទៅជាកាឡាក់ស៊ីរាងអេលីប (elliptical galaxy) មួយបាន។ អនាគតស្រដៀងគ្នានេះ ក៏ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសន្និដ្ឋានរួចទៅហើយថា នឹងកើតមានឡើងចំពោះកាឡាក់ស៊ី មាលគីវេយ៍ (Milky Way) និងអាន់ដ្រូមេដា (Andromeda) ផងដែរនៅក្នុងរយៈពេល ៤ ទៅ ៥ពាន់លានឆ្នាំទៀត។ Andromeda ស្ថិតនៅជិតកាឡាក់ស៊ីយើងជាងគេបំផុត នៅក្នុងរយៈចម្ងាយ ២.៥លានឆ្នាំពន្លឺ និងកំពុងចល័តមករកគ្នាក្នុងល្បឿន ១១០គីឡូម៉ែត្រក្នុងមួយវិនាទី៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ space.com (ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១)

Comments (0)
Add Comment