Oops! ពន្លឺអូរ៉ូរ៉ា (Aurora) ពណ៌ផ្កាឈូក (Pink) កើតមានលើផែនដី (មានរូបភាព)

442

(ន័រវែស)៖ កាលពីពេលថ្មីៗនេះ បាតុភូតពន្លឺអូរ៉ូរ៉ា (Aurora) ឬដែលយើងហៅថា «សំរាំងប៉ូល» នោះ ត្រូវបានមើលឃើញនៅលើផ្ទៃមេឃប្រទេសន័រវែស ដែលស្ថិតនៅកៀកនឹងប៉ូលខាងជើងភពផែនដី ហើយអ្វីដែលកាន់ពិសេសបំផុតនោះគឺវាជា Aurora មានពណ៌ផ្កាឈូក (Pink) ដ៏ប្លែកភ្នែកជាទីបំផុត។

ទោះបីជាពេលខ្លះយើងហៅវាថា កាំរស្មី ៧ពណ៌ តែតាមពិតទៅពណ៌នៃពន្លឺ Aurora ភាគច្រើនបំផុតដែលភ្នែកមនុស្សអាចមើលឃើញ គឺបៃតង (Green) ប៉ុណ្ណោះ។ Aurora តែងតែកើតមាននៅពេលដែលភាគល្អិត ជះចេញពីព្យុះព្រះអាទិត្យ (Solar Storm) ខ្ទាតមកប៉ះត្រូវភាគល្អិតនៅក្នុងស្រទាប់បរិយាកាសផែនដី ហើយក៏បំប្លែងចេញទៅជា បណ្តុំពន្លឺពីលើប៉ូលទាំង របស់ផែនដី ដែលជាចំណុចប្រសព្វនៃដែនម៉ាញេទិច (Magnetic field) នោះតែម្តង។

បាតុភូតពន្លឺ Aurora (រូបភាពពីបរទេស)

* តើកត្តាអ្វីដែលបានជំរុញឲ្យបាតុភូតពន្លឺ Aurora នៅប្រទេសន័រវែស កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នោះមានពណ៌ផ្កាឈូក?

យោងតាមអ្នកជំនាញបានបកស្រាយថា ពន្លឺ Aurora ពណ៌ Pink ដ៏កម្របែបនេះ អាចកើតមានឡើងទៅរួច ក៏ព្រោះតែភាគល្អិត (solar particles) ដែលចល័តមកតាមរយៈព្យុះព្រះអាទិត្យ ប្រកបដោយថាមពលខ្លាំងក្លា បានបោកត្រូវផែនដី និងបង្កើតឲ្យមានចន្លោះប្រហោងមួយ នៅលើខែលម៉ាញេទិចរបស់ផែនដី។ បាតុភាពបែបនេះហើយ ដែលបានអនុញ្ញាតឲ្យភាគល្អិតពីព្យុះព្រះអាទិត្យ អាចចូលកាន់តែជ្រៅមកក្នុងបរិយាកាសផែនដីជាងធម្មតា ហើយបង្កើតចេញជាពន្លឺ Aurora បែបមិនធម្មតានោះឡើង។

ពន្លឺ Aurora ទូទៅ (រូបភាពពី ISS)

បាតុភូត Aurora ពណ៌ផ្កាឈូកខាងលើនេះ ត្រូវបានមើលឃើញដោយ លោក Markus Varik ជាមគ្គុទេសក៍ទេសចរ ឲ្យក្រុមហ៊ុនទេសចរណ៍ Greenlander។ លោក Varik បានអះអាងថា «ទាំងនោះគឺជាពន្លឺ Aurora ពណ៌ផ្កាឈូកដ៏ចែងចាំង ដែលខ្ញុំមិនធ្លាប់បានជួបប្រទះឡើយ នៅក្នុងការបំពេញភារកិច្ចជាង ១០ឆ្នាំមកនេះ។ វាជាបទពិសោធន៍ផ្ទាល់ខ្លួន ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ»។

Oops! ពន្លឺអូរ៉ូរ៉ា (Aurora) ពណ៌ផ្កាឈូក (Pink) កើតមានលើផែនដី (មានរូបភាព)
ពន្លឺ Aurora ពណ៌ Pink ពីលើប្រទេសន័រវែស (Image Credit: Markus Varik/Greenlander)

គួរបញ្ជាក់បន្ថែមថា ពន្លឺ Aurora ពណ៌ Pink អាចកើតមានឡើងភ្លាមៗ ក្រោយពីមានការធ្លុះធ្លាយតូចមួយប៉ុណ្ណោះ នៃស្រទាប់ម៉ាញេទិចផែនដី (magnetosphere) ដែលបង្កឡើងដោយព្យុះព្រះអាទិត្យចាប់ពីលំដាប់ G1 (G1 ជាកម្រិតក្រោមគេ ខណៈ G5 ជាកម្រិតខ្ពស់បំផុត)។ ដែនម៉ាញេទិច (magnetic field) ជាខែលដែលយើងមិនអាចមើលឃើញដោយភ្នែកឡើយ ហើយវាកើតចេញពីស្នូលដ៏ក្តៅគគុករបស់ភពផែនដីនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner