អង្គការ២ សហការជាមួយក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើស្រ្តី

220

(ភ្នំពេញ)៖ អង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) និងអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) សហការជាមួយក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើស្ត្រី, ស្វែងយល់អំពីក្របខ័ណ្ឌគតិយុទ្ធជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងគ្រឿងស្រវឹង និងការគាំទ្រលើវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្ត្រី។

សិក្ខាសាលានេះដែរបានធ្វើឡើងនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌល ដាយកូនៀរ និងដោយមានការចូលរួមពីតំណាងអង្គការ HACC តំណាងអង្គការ CMH តំណាងក្រសួងកចិ្ចការនារី អង្គការជាតិ និងអន្តរជាតិ រួមទាំងសិក្ខាកាមជាច្រើនរូបទៀតផងដែរ។

លើកឡើងនាឱកាសនោះ តំណាងក្រសួងកិច្ចការនារី និងអង្គការជាតិនិងអន្តរជាតិ បានទទួលស្គាល់ដូចគ្នាថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សាជាដើម។ ភាពញឹកញាប់នៃអំពើហិង្សាក្នុងគ្រួសារកើនឡើងស្របគ្នា និងភាពញឹកញាប់នៃការប្រើប្រាស់គ្រឿងស្រវឹងនៃប្ដីប្រពន្ធ ឬដៃគួស្និទ្ធស្នាល។

ដោយសារគ្រឿងស្រវឹងស្រ្តីមួយចំនួនបានក្លាយជាជនពិការ មេម៉ាយវ័យក្មេង បាត់បងកូនៗនិងមនុស្សជាទីស្រលាញ់របស់ខ្លួនដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយគ្រឿងស្រវឹងផងដែរ។ លើសពីនេះស្រ្តីទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការចិញ្ចឹមបីបាច់កូនៗក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ។

អង្គការ២ សហការជាមួយក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើស្រ្តី

សូមបញ្ជាក់ដែរថា នៅសិក្ខាសាលាពិគ្រោះយោបល់នេះសមាជិកអង្គសិក្ខាសាលា ក៏បានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំមួួយចំនួនដូចជា៖

  1. បង្កើនការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងសហមគមន៍តាមមធ្យាបាយផ្សេងៗពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង
  2. ជំរុញឱ្យមានការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីសង្គមស៊ីវិល
  3. កំហិតឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលទាក់ទាញនិងជំរុញចិត្តឱ្យស្រ្តីចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន
  4. កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង
  5. កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញអោយមានការចាប់អារម្មណ៍របស់ស្រ្តីវ័យក្មេង និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់ស្រ្តី។
  6. ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង និងកាត់បន្ថយហានីភ័យលើស្រ្តីវ័យក្មេង ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។
  7. ក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់ស្រ្តី និងបង្ការស្រ្តីកុំឱ្យទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕
480×240 Banner