យន្តហោះលឿនជាងសំឡេង១នេះ ត្រៀមធ្វើតេស្តជាប្រវត្តិសាស្ត្រ នៅសហរដ្ឋអាមេរិក
(បរទេស)៖ យន្តហោះមានឈ្មោះសម្គាល់ថា XB-1 របស់ក្រុមហ៊ុន Boom Technology ដែលទើបតែចាប់ផ្តើមដំណើរការនោះ នឹងត្រូវធ្វើតេស្តជាប្រវត្តិសាស្ត្រ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ខណៈវាត្រូវបានគេដឹងថា មានល្បឿនហោះហើរលឿនជាងល្បឿនសំឡេងទៅទៀត (សំឡេងរត់ក្នុងល្បឿន ៣៤៣ម៉ែត្រ/វិនាទី នៅក្នុងបរិយាកាសផែនដី)។
យន្តហោះ XB-1 ផលិតឡើងពី កាបូនហ្វៃប៊ឺ (carbon fiber) និងទីតាញ៉ូម (Titanium) និងមានបណ្តោយប្រវែង ២២ម៉ែត្រនេះ ត្រូវបានម្ចាស់ក្រុមហ៊ុន Boom យកទៅធ្វើតេស្តត្រួសៗបែបជា យន្តហោះតាក់ស៊ីបរលើដី កាលពីសប្តាហ៍មុន។ នាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក Blake Scholl បានគូសបញ្ជាក់ថា «តាមរយៈដំណើរវិវត្តថ្មីៗ បាននាំឲ្យការធ្វើតេស្តហោះហើរដំបូងរបស់ XB-1 ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដ៏មុះមុតរបស់ក្រុមការងារយើង ក្នុងការកសាង និងត្រៀមបញ្ជាយន្តហោះលឿនជាងសំឡេងដំបូងបំផុតលើលោក ដែលត្រូវបានអភិវឌ្ឍឡើងដោយឯករាជ្យ»។

XB-1 ត្រូវបានរចនាឡើង ឲ្យអាចហោះហើរក្នុងល្បឿន Mach 2.2 ឬស្មើនឹង ២.២ដង នៃល្បឿនរបស់សំឡេង (២,៧០០គីឡូម៉ែត្រក្នុង១ម៉ោង) ជាមួយនឹងម៉ាស៊ីន J85 របស់ក្រុមហ៊ុន General Electric ចំនួន ៣គ្រឿង។ ការហោះហើរសាកល្បងដំបូងរបស់ XB-1 នឹងកើតឡើងនៅលើតំបន់វាលខ្សាច់ Mojave ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក, ជាទីតាំងដែលកាលពីខែតុលា ឆ្នាំ១៩៤៧ អាកាសយានិក Chuck Yeager បានបញ្ជាយន្តហោះ Bell X-1 បង្កើតកំណត់ត្រាហោះលឿនជាងល្បឿនសំឡេងជាលើកដំបូង។
ក្រុមហ៊ុន Boom Technology ក៏ទើបត្រូវបានទទួលស្គាល់ជាផ្លូវការ ទៅលើលក្ខខណ្ឌបច្ចេកទេសនៃយន្តហោះ XB-1 ពីសំណាក់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ នៃសហរដ្ឋអាមេរិក (FAA) ផងដែរ ដែលនេះជាជំហានដ៏វិជ្ជមាន ដើម្បីឈានទៅរកការធ្វើតេស្តពិតប្រាកដ។ ក្រុមហ៊ុននេះបានចាត់តាំងលោក Bill Shoemaker (ប្រធានក្រុមពីឡុតធ្វើតេស្ត) និងលោក Tristan Brandenburg (ជាសហការី) ដើម្បីត្រៀមធ្វើតេស្តយន្តហោះ XB-1។

សម្រាប់ការធ្វើតេស្តយន្តហោះ XB-1 នេះនៅមិនទាន់ត្រូវបានកំណត់ កាលបរិច្ឆេទឲ្យច្បាស់លាស់នៅឡើយទេ។ យ៉ាងណាក៏ដោយ ប្រសិនបើការធ្វើតេស្តឲ្យហោះលឿនជាងសំឡេងរបស់ XB-1 សម្រេចបានជោគជ័យនាពេលខាងមុខនេះ ក្រុមហ៊ុន Boom នឹងបញ្ចេញយន្តហោះដឹកអ្នកដំណើរលឿនជាងសំឡេងរបស់ខ្លួន មានឈ្មោះថា Overture នៅឆ្នាំ២០២៦ ហើយការហោះហើរដំបូងរបស់វា នឹងអាចកើតឡើងនៅឆ្នាំ២០២៧ ខណៈក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួនរបស់អាមេរិក បានបញ្ជាទិញយន្តហោះ Overture នេះតាំងតែពីឆ្នាំ២០២២ រួចទៅហើយ។

Overture មានបណ្តោយប្រវែង ៦១ម៉ែត្រ និងអាចធ្វើដំណើរក្នុងល្បឿនកម្រិត Mach 1.7 ឬលឿនជាងសំឡេង ១.៧ដង ជាមួយនឹងអ្នកដំណើរចន្លោះពី ៦៤ – ៨០នាក់។ នៅក្នុងលឿននេះ យើងអាចធ្វើដំណើរពីទីក្រុងញូយ៉ក ទៅទីក្រុងរ៉ូម ដោយចំណាយពេលតែ ៤ម៉ោង និង ៤៥នាទី (យន្តហោះធម្មតាចាយពេលខ្ទង់ ៨ម៉ោង) និងពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទៅទីក្រុងសេអ៊ូលដោយចាយពេលជាង ៨ម៉ោង (ជាធម្មតាគឺជាង ១២ម៉ោង)។

គួរបញ្ជាក់ថា Overture នឹងក្លាយជាអ្នកស្នងដំណែងពី យន្តហោះលឿនជាងសំឡេងរបស់បារាំង Concorde ដែលបានធ្វើប្រតិបត្តិការពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ២០០៣។ យន្តហោះ Concorde ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រោះតែការកើនឡើងនៃថ្លៃចំណាយលើផ្នែកប្រតិបត្តិការ និងការធ្លាក់ចុះនៃការលក់សំបុត្រ។ បញ្ហាចម្បងៗ ២ ទៀត ដែលជំរុញការដួលរលំរបស់ Concorde នោះគឺការធ្លាក់ជើងហោះហើរ Air France Flight 4590 ដែលបានផ្លាច់ជីវិតមនុស្សទាំងអស់ ១០៩នាក់កាលពីឆ្នាំ២០០០ និងបន្ទាប់មកទៀត គឺការវាយប្រហារដោយអំពើភេរវកម្ម «១១ កញ្ញា ២០០១» លើអគារភ្លោះពាណិជ្ជកម្មពិភពលោកនៅបុរីញូយ៉ក សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យសេដ្ឋកិច្ច និងសន្តិសុខពិភពលោក រង្គោះរង្គើជាខ្លាំង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣)
