ឥណ្ឌាប្រឹងដាស់ «យានចន្ទ្រាទី៣» ឲ្យភ្ញាក់ពីដំណេក តែវាមិនព្រមងើបសោះ

1,859

(ញូដលី)៖ ក្រុមវិស្វករនៃអង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បាននិងកំពុងប្រឹងប្រែងដាស់ យានចន្ទ្រាទី៣ (Chandrayaan-3) ដែលបានដេកលង់លក់អស់ពេញមួយរាត្រី ដ៏ត្រជាក់លើឋានព្រះចន្ទ (ស្មើនឹង ២ សប្តាហ៍លើផែនដី) នោះឲ្យងើបឡើងវិញ ប៉ុន្តែប្រតិបត្តិការនេះហាក់ដូចជា មិនបានសម្រេចនោះឡើយ គិតចាប់តាំងពីប្រតិបត្តិដាស់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នោះមក។ តើឥណ្ឌាបានសាងស្នាដៃអ្វីខ្លះហើយ ក្នុងបេសកកម្មយានចន្ទ្រាទី៣? ទស្សនាវីដេអូខាងក្រោម៖

ការដាស់យានចន្ទ្រាទី៣ គឺក្តោបជារួមទៅលើ Lander ឈ្មោះ Vikram និង Rover ឈ្មោះ Prayan ដែលបានស្ថិតក្នុងក្នុងមុខងារសម្រាក (hibernation) អស់រយៈពេល ២សប្តាហ៍ គិតមកត្រឹមថ្ងៃទី២២ ខែកញ្ញា។ ជុំវិញបញ្ហានេះ ISRO បានបង្ហោះសារជាថ្មីតាមរយៈគណនី X (Twitter) ផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញាថា «ក្រោយការព្យាយាមបន្ថែមទៀត ដើម្បីដាស់បេសកកម្មទាំងមូលឲ្យងើបឡើងវិញនោះ យើងនៅតែមិនទាន់ទទួលបានការឆ្លើយតបអ្វីមកវិញនៅឡើយទេ…»។

ឥណ្ឌាប្រឹងដាស់ «យានចន្ទ្រាទី៣» ឲ្យភ្ញាក់ពីដំណេក តែវាមិនព្រមងើបសោះ
Landerឈ្មោះ Vikram ថតដោយកាមេរ៉ាលើ Roverឈ្មោះ Pragyan (រូបភាពពី ISRO)

បើតាមមន្ត្រី ISRO បានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃទី២៥ ខែកញ្ញា នោះទៀតថា «ការព្យាយាមទាក់ទង (ដាស់) នឹងនៅតែបន្ត… ប៉ុន្តែឱកាសនៃការភ្ញាក់ឡើងវិញរបស់ Chandrayaan-3 ក៏កាន់តែខើចទៅៗ ទៅតាមម៉ោងពេលដែលបានកន្លងផុតដែរ…»។ យ៉ាងណាក៏ដោយ បេសកកម្មគោលរបស់ Chandrayaan-3 ដែលមានរយៈពេល ១ថ្ងៃលើព្រះចន្ទនោះ ត្រូវបានសន្មត់ថាសម្រេចជោគជ័យរួចទៅហើយ គ្រាន់តែបើការដាស់យាននេះសម្រេចបានជោគជ័យ នោះគឺជាចំណុចវិជ្ជមានបន្ថែមទៀត សម្រាប់វិស័យបច្ចេកវិទ្យា និងការស្រាវជ្រាវទីអវកាសរបស់ឥណ្ឌាប៉ុណ្ណោះ។

Roverឈ្មោះ Pragyan ថតដោយកាមេរ៉ាលើ Landerឈ្មោះ Vikram (រូបភាពពី ISRO)

គួរបញ្ជាក់ថា បេសកកម្ម Chandrayaan-3 របស់ប្រទេសឥណ្ឌា បានចុះចតដោយជោគជ័យ នៅលើទីតាំងមួយដែលមានចម្ងាយ ៦០០គីឡូម៉ែត្រ ពីចំណុចប៉ូលខាងត្បូងព្រះចន្ទ ហើយឥណ្ឌាក៏ត្រូវបានចាត់ទុកជាប្រទេសទី ១ ដែលបានចុះចតយាន នៅតំបន់នោះផងដែរ។ យ៉ាងណាក៏ដោយ ឥណ្ឌាគឺជាប្រទេសទី ៤ លើលោកបន្ទាប់ពី អតីតសហភាពសូវៀត, សហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានចុះចតយានដោយជោគជ័យ លើផ្ទៃព្រះចន្ទ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ BBC (ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner