១ឆ្នាំនៃភព WASP-121b ស្មើតែជាង១ថ្ងៃលើផែនដី និងមានបរិយាកាសកញ្ជ្រោល, លទ្ធផលពី Hubble (មានវីដេអូ)

878

(បរទេស)៖ ភពក្តៅគគុកមួយដែលស្ថិតក្នុងជំពូក hot Jupiter ត្រូវបានតេឡេស្កូបអវកាស Hubble ឆ្លុះមើលបរិយាកាសយ៉ាងលម្អិត និងបង្ហាញចេញនូវលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀត សម្រាប់ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រដែលកំពុងសិក្សាអំពីភពនៅប្រព័ន្ធផ្កាយដទៃ។ ភព Exoplanet មួយនោះមានឈ្មោះថា WASP-121b ស្ថិតនៅក្នុងប្រព័ន្ធផ្កាយ WASP-121 ដែលមានចម្ងាយ ៨៨០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។

(Video From: Cambo Space Edu’s YouTube Channel)

អ្វីដែល Hubble បានឃើញនោះ គឺព្យុះជាច្រើនដែលប្រៀបបីដូចជា ព្យុះស៊ីក្លូន (cyclone) នៅលើភពផែនដី នៅក្នុងបរិយាកាសរបស់ភព WASP-121b នោះតែម្តង។ យើងត្រូវអរគុណដល់ ការអង្កេតរបស់ Hubble និងកម្មវិធីគំរូម៉ូដែលតាមកុំព្យូទ័រ ដែលបានជួយបង្កើតលទ្ធផលដ៏អស្ចារ្យទាំងនេះចេញមក ហើយវានឹងត្រូវយកទៅប្រើប្រាស់ ដើម្បីសិក្សាអំពីបរិយាកាសនៅលើភពថ្ម (rocky exoplanet) ដទៃៗទៀតបាន។

ទិដ្ឋភាពបរិយាកាសក៏ខ្មួលខ្មាញ់់ និងព្យុះរបស់ WASP-121b បង្កើតដោយកម្មវិធីកុំព្យូទ័រ (Image credit: NASA/ESA/ Quentin Changeat (ESA/STScI)/Mahdi Zamani (ESA/Hubble))

យោងតាមលទ្ធផលអង្កេតកន្លងមក ភព WASP-121b មានម៉ាស់ស្មើនឹង ១.១៦ដង នៃម៉ាស់របស់ភពព្រហស្បតិ៍ (Jupiter) នៃប្រព័ន្ធព្រះអាទិត្យយើង ហើយវាធ្វើគោចរនៅក្នុងគម្លាតតែ ៣.៨៨លានkmប៉ុណ្ណោះពីផ្កាយមេរបស់វា ដែលកម្រិតនេះពិតជាកៀកខ្លាំងណាស់ បើធៀបនឹងភពផែនដី ដែលគោចររហូតដល់ចម្ងាយ ១៥០លានkm ពីព្រះអាទិត្យនោះ។ បន្ថែមពីនេះ ថេរវេលានៃការគោចរជុំវិញផ្កាយវាមួយជុំ ក៏មានភាពឆាប់រហ័សផងដែរ នោះគឺតែ ១.២៧ថ្ងៃ នៃពេលវេលាលើផែនដីប៉ុណ្ណោះ ឬបើយើងនិយាយឲ្យងាយយល់ មួយឆ្នាំរបស់ភព WASP-121b ស្មើនឹង ១.២៧ថ្ងៃនៅលើភពផែនដី។

១ឆ្នាំនៃភព WASP-121b ស្មើតែជាង១ថ្ងៃលើផែនដី និងមានបរិយាកាសកញ្ជ្រោល, លទ្ធផលពី Hubble (មានវីដេអូ)
រូបបង្កើតឡើងដោយកុំព្យូទ័រចំពោះភព WASP-121b (Image credit: NASA/ESA/ Quentin Changeat (ESA/STScI)/Mahdi Zamani (ESA/Hubble))

គួរបញ្ជាក់ថា ដោយសារតែការគោចរកៀកផ្កាយមេវាខ្លាំងពេក ទើបធ្វើឲ្យភព WASP-121b ត្រូវស្ថិតក្នុងដំណើរគោចរបិទ (locked orbit) ឬមានន័យថា មួយចំហៀងរបស់ភពនេះ បែរទៅរកផ្កាយរបស់វារហូត (ភ្លឺរហូត) និងមួយចំហៀងទៀតងងឹតរហូត។ ទិន្នន័យពី Hubble បានឲ្យក្រុមអ្នកវិទ្យាសាស្ត្រគណនាដឹងថា ផ្នែកពេលថ្ងៃរបស់ភព WASP-121b មានកម្តៅរហូតដល់ទៅ ២,៣២៩អង្សាសេ និងសំបូរទៅដោយព្យុះយ៉ាងសាហាវ ហើយថែមទាំងមានទំហំធំធេងថែមទៀត ព្រោះទំហំរបស់ភពនេះធំជាងភពព្រហស្បតិ៍៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ESA (ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤)

480×240 Banner