អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាអន្តរជាតិនារីលើកទី ១១៣ ក្រោមប្រធានបទ៖ «កាលើកកម្ពស់ស្រ្តីគឺស្មើនឹងការផ្តល់សុខុមាលភាពដល់ស្ត្រី»

(កំពង់ឆ្នាំង)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានរៀបចំទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖ «កាលើកកម្ពស់ស្រ្តីគឺស្មើនឹងការផ្តល់សុខុមាលភាពដល់ស្ត្រី» ក្រោមវត្តមានលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជាង ៣០០នាក់

(រូបភាពពីអង្គការ AHF Cambodia)

គួរបញ្ជាក់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាអន្តរជាតិនារីដើម្បី អបអរសាទរ ចំពោះការអភិវឌ្ឍន៍ដ៏អស្ចារ្យ ដែលស្ត្រីជាច្រើនបាននិងកំពុងប្រឹងប្រែងដើម្បីឆ្ពោះទៅរកការទទួលបានសិទ្ធិស្មើគ្នាជាមួយបុរស ការទទួលបានសេវាថែទាំសុខភាព តែមកទល់បច្ចុប្បន្ន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទូទាំងពិភពលោកក៏ដោយ ក៏បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គម នៅតែបន្តកើតមាន ហើយការប្រារព្ធទិវាជារៀងរាល់ឆ្នាំនេះ ។

(រូបភាពពីអង្គការ AHF Cambodia)

ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិត សឿ សុជាតា បានបញ្ជាក់ឱ្យដឹងថា ការប្រារព្ធទិវាអន្តរជាតិនារីជារៀងរាល់ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឱ្យមានការគិតគូរបន្ថែមដល់ស្ត្រី និងក្មេងស្រីឱ្យកាន់តែខ្លាំងបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។

(រូបភាពពីអង្គការ AHF Cambodia)

លោកស្រីបណ្ឌិត បានបន្ថែមថា ទិវាអន្តរជាតិនារីមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរំលឹកឱ្យយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ជាពិសេសយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារីជាចម្បង ពិសេសស្ត្រីនិងក្មេងស្រីរស់នៅជាមួយនឹងជំងឺអេដស៍ ជំងឺអេដស៍ ដែលថ្វីដ្បិតថា យើងមើលពីខាងក្រៅឃើញមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាលហើយភាគច្រើននៃជំងឺនេះគឺកើតលើអ្នកដែលស្រឡាញ់ភេទដូចគ្នា។

(រូបភាពពីអង្គការ AHF Cambodia)

ជាមួយគ្នានោះលោកស្រីបណ្ឌិត សឿ សុជាតា ក៏បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ពិសេសសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងចៀសឱ្យផុតពីអំពើអបាយមុខនានាក្នុងសង្គម ធ្វើខ្លួនឱ្យក្លាយខ្លួនជាមូលធនដ៍សំខាននៃសង្គម ប្រកបដោយបញ្ញា ស្មារតី និងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍សង្គម ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

(រូបភាពពីអង្គការ AHF Cambodia)

បើតាមលោក យិន សាវ៉េន «ទិវាអន្តរជាតិនារី» ដែលរៀបចំឡើងដោយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ក៏ស្របគ្នាជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលអាណត្តិថ្មីមាន គោលជំហរនយោបាយ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជា ត្រូវបានដាក់ចេញអនុវត្តយ៉ាងសកម្ម។

(រូបភាពពីអង្គការ AHF Cambodia)

ក្នុងនាមលោកអភិបាលខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន ក៏បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលបានចូលរួមឆ្លើយតបប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ជាមួយរាជរដ្ឋាភិបាល និងជាពិសេសខេត្តកំពង់ឆ្នាំង លើសេវាផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ និងការថែទាំនៅមន្ទីរពេទ្យ ខេត្ត ស្រុក ហើយជាពិសេស បានយកចិត្តទុកដាក់ និងដែលបានរៀបចំឱ្យមានកម្មវិធីដ៏មានអត្ថន័យនេះផងដែរ។

(រូបភាពពីអង្គការ AHF Cambodia)

អង្កការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានបង្កើតកម្មវិធី ក្មេងស្រី របស់ខ្លួន ដែលធ្វើការនៅទូទាំងប្រទេសជិត ៤០ ក្រុមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដើម្បីជួយស្ត្រី និងកុមារី ឲ្យចៀសផុតពីការឆ្លងមេរោគអេដស៍ (ឬការព្យាបាលប្រសិនបើមានផ្ទុកមេរោគអេដស៍) រក្សាពួកគេឱ្យនៅបន្តការសិក្សា និងចៀសសវាងការមានផ្ទៃពោះ ដោយមិនបានគ្រោងទុក។ ស្វែងយល់បន្ថែមនៅ GirlsAct.org

Comments (0)
Add Comment