NASA៖ បេសកកម្ម CHAPEA ទទួលជោគជ័យក្នុងការរៀនរស់នៅលើ «ភពអង្គារ.សិប្បនិម្មិត»
(បរទេស)៖ បេសកកម្ម CHAPEA (Crew Health and Performance Exploration Analog) ឬក្រុមអវកាសយានិក ដែលហ្វឹកហាត់ផ្នែកសុខភាព និងការបំពេញកិច្ចការងារ នៅក្នុងមូលដ្ឋានភពអង្គារសិប្បនិម្មិតនោះ បានចាកចេញមកវិញហើយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីការរស់នៅក្នុងមូលដ្ឋាន ដែលមានឈ្មោះថា Mars Dune Alpha នោះអស់រយៈពេលដល់ទៅជាង ១ឆ្នាំ ដោយមិនបានចេញមកវិញសូម្បីតែម្តង។
ក្រុមអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ដែលបានដើរតួជាក្រុមអវកាសយានិកផង និងអ្នកជំនាញស្រាវជ្រាវភពផ្សេងផង នៅក្នុងមូលដ្ឋាន Mars Dune Alpha នោះមានដូចជា លោកស្រី Kelly Haston, លោកស្រី Anca Selariu, លោក Ross Brockwell និងលោក Nathan Jones បានចំណាយពេលសរុប ៣៧៨ថ្ងៃ នៃពេលវេលាលើផែនដី ដើម្បីបំពេញបេសកកម្ម CHAPEA។ NASA ក៏មានគម្រោងលើបេសកកម្ម CHAPEA 2 និង CHAPEA 3 ផងដែរ ដោយនឹងផ្តើមនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦។
Mars Dune Alpha ជាសំណង់ 3D Print មានទំហំ ១៥៨ម៉ែត្រក្រលា ដែលស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលអវកាសចនសុន (Johnson Space Center) នៃទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិកនោះ ត្រូវបានរៀបចំឲ្យមានបរិស្ថានស្រដៀងនឹងនៅលើភពអង្គារ ដោយការរស់នៅក្នុងបន្ទប់, ការចេញមកបំពេញកិច្ចការងារនៅខាងក្រៅ និងការរស់នៅជាទូទៅ គឺមានព្រំដែនកំណត់ត្រឹមនៅក្នុងនោះតែម្តង ខណៈការធ្វើទំនាក់ទំនង ជាមួយនឹងក្រុមការងារលើភពផែនដី ក៏តម្រូវឲ្យមានការពន្យារពេល ប្រៀបបីដូចជាការស្ថិតនៅលើ ភពអង្គារមែនទែនផងដែរ។
នៅក្នុងបទសង្ខេបអំពីបេសកកម្ម CHAPEA អង្គការ NASA រៀបរាប់យ៉ាងដូច្នេះថា «នៅក្នុងរយៈពេលជាងមួយឆ្នាំនេះ អវកាសយានិកទាំងអស់បានចាប់ផ្តើម បំពេញប្រតិបត្តិការលើភពអង្គារសិប្បនិម្មិត ក្នុងនោះមានដូចជា ការដើរលើភពអង្គារ (Marswalks), ដាំដុះ និងប្រមូលផលបន្លែមួយចំនួន ដើម្បីទ្រទ្រង់ផ្នែកចំណីអាហារដោយខ្លួនឯង, ថែទាំគ្រឿងបរិក្ខានានា និងកន្លែងស្នាក់នៅ ហើយធ្វើប្រតិបត្តិការក្នុងលក្ខខណ្ឌដ៏តានតឹងខ្លះៗ ដែលអ្នកនៅលើភពអង្គារនឹងត្រូវភ្លក្សបទពិសោធន៍បែបនេះ ក្នុងនោះមានដូចជាការពន្យារពេលនៃការទាក់ទងជាមួយភពផែនដី ព្រមទាំងការដាក់កំហិតលើធនធានសម្រាប់ប្រើប្រាស់ និងការស្នាក់នៅតែក្នុងមូលដ្ឋាន (ឯកោ) ជាដើម…»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ អ្នកទាំង ៤រូបបានចូលទៅកាន់ Mars Dune Alpha ដោយការស្ម័គ្រចិត្ត ប៉ុន្តែការជ្រើសរើសយកពួកគេ គឺត្រូវបានធ្វើឡើងដោយតម្រូវឲ្យមាន ជំនាញពាក់ព័ន្ធកម្រិតខ្ពស់ដូចជា វេជ្ជសាស្ត្រ, អាកាសយានិក និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រផ្សេងៗទៀត។ សរុបមកបេសកកម្ម CHAPEA លើកទី ១ នេះគឺទទួលបាន «ជោគជ័យ» ហើយអង្គការ NASA នឹងត្រូវការពេលសិក្សាបន្ថែមអំពីចំណុចខ្លាំង និងខ្សោយជុំវិញបេសកកម្មនេះ ព្រោះខ្លួនមានគម្រោងបញ្ជូនមនុស្សដំបូងទៅកាន់ភពអង្គារ នៅចុងទសវត្សរ៍ ២០៣០ ឬដើមទសវត្សរ៍ ២០៤០, នេះបើតាមការប្តេជ្ញាចិត្តចុងក្រោយ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤)