ជាង ១០,០០០ភព អាចកំពុងសម្ងំក្នុងទិន្នន័យ NASA?
(បរទេស)៖ តើអ្នកធ្លាប់ឈរនៅទីងងឹតមួយ ហើយសម្លឹងទៅមើលផ្ទៃមេឃ និងសង្ស័យថា អាចមានភពណាមួយដែលមានជីវិតរស់នៅ ហើយកំពុងសម្លឹងមករកអ្នកវិញដែរទេ? កាន់តែសិក្សា យើងកាន់តែដឹងថា ភពផែនដីទំនងជាមិនឯកោ គ្រាន់តែភពមានជីវិតដូចផែនដី មិនទាន់អាចឲ្យយើងស្វែងរកឃើញប៉ុណ្ណោះ…។
តួយ៉ាងដូចរូបមួយសន្លឹកនេះ ដែលជាផែនទីត្រូវបានគូសវាដោយ តេឡេស្កូបអវកាស TESS របស់អង្គការ NASA ហើយលទ្ធផលទាំងអស់នេះ ស្មើតែមួយសសៃសក់នៃ Milky Way ប៉ុណ្ណោះ…។ មិនត្រឹមតែ TESS ប៉ុណ្ណោះទេ, ទិន្នន័យពីការប្រើប្រាស់ Machine Learning ឬយើងអាចហៅថា AI ក៏បានបានដាក់ការសង្ស័យរហូតដល់ទៅជាង ១០,០០០ភពឯណោះ។
១៖ បេក្ខភាពជាង ៥,០០០ភព ស្ថិតក្នុងរូបមួយសន្លឹក
មួយសន្លឹកនេះ គឺជាទិដ្ឋភាពផ្ទៃមេឃភពផែនដីទាំងមូលតែម្តង ដែលត្រូវបានគូសវាសចេញពីទិន្នន័យ នៃតេឡេស្កូបអវកាស TESS ដែលបានចេញប្រតិបត្តិការប្រមាញ់ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) តាំងតែពីឆ្នាំ២០១៨។ តើអ្នកទាំងអស់គ្នាឃើញចំណុចអុចៗនៅក្នុងរូបភាពនេះទេ? ទាំងអស់នេះមានសរុបចំនួនជិត ៦,០០០ចំណុច ក្នុងនោះពណ៌ខៀវ (blue) មានចំនួន ៦៧៥ចំណុច តំណាងឲ្យភពដែល TESS បានបញ្ជាក់វត្តមានជាផ្លូវការ និង ៥,១៦៥ចំណុចទៀតមានពណ៌ទឹកក្រូច (orange) តំណាងឲ្យបេក្ខភាពភព ឬអ្វីដែលស្ថិតនៅក្នុងការសង្ស័យជាភព កំពុងវង់ចាំការបញ្ជាក់វត្តមានពិតដោយ TESS និងបេសកកម្មអនាគត។

ជុំវិញសមិទ្ធផលរបស់ TESS នេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Rebekah Hounsell មកពីមជ្ឈមណ្ឌលអវកាស Goddard Space Flight Center នៃអង្គការ NASA បានគូសបញ្ជាក់នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះថា «នាអំលុងពេល ៨ឆ្នាំមកនេះ TESS បានដើរជាប្រព័ន្ធលំហូរដ៏សកម្ម នៃចំណេះដឹងចំពោះវិទ្យាសាស្ត្រ Exoplanet។ TESS បានជួយយើងឲ្យរកឃើញ ភពតូចធំក្នុងចំនួនដ៏ច្រើន រាប់ចាប់ពីភពស្រដៀងភពពុធ (Mercury) រហូតដល់ភពធំជាងភពព្រហស្បតិ៍ (Jupiter) របស់យើងនេះទៅទៀត…។ អ្វីដែលកាន់តែពិសេស ភពខ្លះកំពុងស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដោយអាចមានទឹកគ្របដណ្តប់លើផ្ទៃរបស់វា ព្រមទាំងបរិយាកាសស្រដៀងភពផែនដី ដែលទាំងអស់ពិតជាកត្តាដ៏ចាំបាច់ក្នុងការជួយយើង ស្វែងរកជីវិតនៅក្រៅភពផែនដី…»។
២៖ ភពជាង ១០,០០០ អាចកំពុងលាក់ខ្លួនក្នុងទិន្នន័យ NASA
បន្ថែមពីលើទិន្នន័យរបស់ TESS ខាងលើនេះ កម្មវិធីសិក្សា Machine Learning ឬយើងអាចចាត់ទុកថាជា AI ក៏បាន បានបង្ហាញថា ភពដែលស្ថិតនៅក្នុងការសង្ស័យ នៅក្នុងទិន្នន័យផ្តិតបានដោយតេស្តនោះអាចមានដល់ទៅ ១០,០៩១ភពឯណោះ។ ទោះជាបែបនេះក្តី វាត្រឹមជាទិន្នន័យសរុបចំពោះការសង្ស័យ ហើយប្រសិនបើការសិក្សាស្វែងរក ធ្វើឡើងចំពោះចំណុចសង្ស័យទាំងនោះ វាក៏មានលទ្ធភាពជាច្រើនអាចកើតឡើងដូចរាល់ដងផងដែរ នោះគឺចំណុចខ្លះអាចត្រឹមវត្ថុអ្វីផ្សេង, ខ្លះទៀតអាចជាភពមែន និងខ្លះទៀតត្រឹមជាចំណុចមិនច្បាស់ (noise) តែប៉ុណ្ណោះ។
៣៖ ចំនួនភពផ្លូវការសរុប និងផ្កាយដែល TESS បានសង្កេត
គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ភព Exoplanets សរុប ៦,២៩១ ភពហើយ ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ នៅក្នុងប្រព័ន្ធផ្កាយសរុបជាង ៤,៧០០ប្រព័ន្ធ ដែលតេឡេស្កូបអវកាស Kepler, Hubble និង TESS ជាដើមបានធ្វើការសង្កេតជាបន្តបន្ទាប់។ យ៉ាងណាក៏ដោយ នៅក្នុងរយៈពេល ៨ឆ្នាំនៃប្រតិបត្តិការរបស់ TESS តេឡេស្កូបអវកាសនេះ បានចោលក្រសែភ្នែកកាត់ផ្កាយសរុប ៨៣លានដួង នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ តែយើងទទួលបានលទ្ធផលទាំងអស់នេះ ត្រឹមតែអ្វីៗដែលយើងអាចឃើញជុំវិញយើងប៉ុណ្ណោះ។

គួរបញ្ជាក់តាមការព្យាករណ៍ដោយអ្នកជំនាញអង្គការ NASA បង្ហាញថា នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ អាចមានភព Exoplanets សរុបចាប់ពី ១០០ពាន់លាន រហូតដល់ទៅ ១ទ្រីលានភព ឯណោះ ខណៈប្រព័ន្ធផ្កាយវិញគឺអាចមានចំនួនចាប់ពី ១០០-៤០០ពាន់លានដួង។ ការគណនានេះក៏មានន័យថា នៅជុំវិញប្រព័ន្ធផ្កាយនិមួយៗ អាចមានភពយ៉ាងហោចណាស់ ១ ជាមធ្យមគោចរជុំវិញពួកវា…។ នៅក្នុងអត្ថបទ (វីដេអូថ្មី) នេះ យើងសូមនិយាយតែពីចំនួនប៉ុណ្ណោះ បើទោះបីជាពេលនេះ យើងត្រឹមមានលទ្ធភាពអាចព្យាករណ៍ពីចំនួនដែលអាចទៅរួច តែចំនួនពិតក៏យើងបានរកឃើញជាបណ្តើររួចមកហើយដែរ…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA via SPACE (ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦)
