ប្រទេសឯករាជ្យដំបូង នឹងត្រូវបង្កើតឡើងនៅទីអវកាស? តើវាអាចកើតមានឡើងយ៉ាងដូចម្តេចទៅ?

(បរទេស)៖ ជំហ៊ានដំបូងនៃការបង្កើត ប្រទេសរាជ្យដំបូងបំផុតមិនធ្លាប់មាននៅទីអវកាស បានចាប់ផ្តើមហើយ បន្ទាប់ក្រុមការងារ​នៃគម្រោងដ៏​អស្ចារ្យនេះ​បានប្រកាសថា ពួកគេនឹងធ្វើការបង្ហោះ​ផ្កាយរណប ដើម្បីទៅប្រមូល​ព័ត៌មានក្នុងឆ្នាំ២០១៧នេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​​ចេញពី សារព័ត៌មាន Express UK នៅល្ងាចថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

ផែនការ​សម្រាប់ Asgardia ដែលជាឈ្មោះ​របស់ប្រទេសជាជាតិ​មួយ​នៅក្នុងលំហអាកាស និងមានឯករាជ្យភាព​ដោយខ្លួនឯង មិនជាប់​ពាក់​ព័ន្ធ​ជា​មួយប្រទេសណាមួយ​នៅលើផែនដី​ឡើយនោះ ត្រូវបានប្រកាសជា​សាធារណៈកាលពី​ចុងឆ្នាំមុន​ ហើយបច្ចុប្បន្ន​គម្រោងនេះបានចាប់ផ្តើម​​បោះ​ជំហានដំបូងហើយ ស្របពេលក្រុម​ការងានៅពី​ក្រោយគំនិតនេះ បានបញ្ចេញឲ្យដឹងថា ផ្កាយរណប​ប្រមូលព័ត៌មាន​ដំបូង សម្រាប់​ប្រទេស Asgardia នឹងត្រូវបញ្ជូន​ទៅកាន់អវកាស​នាចុងឆ្នាំនេះ ខណៈមនុស្ស​ប្រមាណ ១៨០,០០០នាក់ បានធ្វើការចុះឈ្មោះ ដើម្បីក្លាយជាពលរដ្ឋ​នៃប្រជា​ជាតិក្នុងលំហអាកាស​ដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ថា គម្រោងបង្កើត​ប្រទេសនៅលើលំហអាកាសនេះ ទទួលបានការឧបត្ថម្ភ​ពីសំណាក់មហាសេដ្ឋីជនជាតិ​រុស្ស៊ី លោក Igor Ashurbeyli រួមជាមួយ​និងសហព័ន្ធ​អ្នកវិទ្យាសាស្រ្ត​មួយក្រុម ហើយផ្កាយរណប​ប្រភេទណាណូ (Nano) ដ៏តូចមួយ នឹងត្រូវបញ្ចូន​ទៅក្នុងទីអវកាស​ ដើម្បី​​ប្រមែប្រមូលព័ត៌មាន តាមរយៈយានអវកាស​ដឹកជញ្ជូនមួយគ្រឿង ទៅកាន់ស្ថានីយ៍អវកាស​អន្តរជាតិ ISS។

ទោះបីជាបែបនេះក្តី គេនៅមិនទាន់ដឹងថា តើគំនិតខាងលើនេះ វានឹងអាចកើតមានពិតប្រាកដ ឬមួយក៏យ៉ាងណា​នោះឡើយ ខណៈគំរោងបែបនេះ​អាចត្រឹមតែជាការស្រមើស្រមៃ លឿនជាង សមត្ថភាពមនុស្ស​ដែលអាចធ្វើទៅបាន ហើយក៏នឹងត្រូវចំណាយ​ពេលរាប់រយឆ្នាំ និងហិរញ្ញវត្ថុផងដែរ។ ជាពិសេសនោះ វាមិនមែនត្រឹម​សេដ្ឋីមួយរូប ឬប្រទេស​មហាអំណាចមួយ អាចសម្រេចកិច្ចការនេះ​តែឯងបាននោះឡើយ៕

Comments (0)
Add Comment