ប្រទេសឯករាជ្យដំបូង នឹងត្រូវបង្កើតឡើងនៅទីអវកាស? តើវាអាចកើតមានឡើងយ៉ាងដូចម្តេចទៅ?
(បរទេស)៖ ជំហ៊ានដំបូងនៃការបង្កើត ប្រទេសរាជ្យដំបូងបំផុតមិនធ្លាប់មាននៅទីអវកាស បានចាប់ផ្តើមហើយ បន្ទាប់ក្រុមការងារនៃគម្រោងដ៏អស្ចារ្យនេះបានប្រកាសថា ពួកគេនឹងធ្វើការបង្ហោះផ្កាយរណប ដើម្បីទៅប្រមូលព័ត៌មានក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Express UK នៅល្ងាចថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

ផែនការសម្រាប់ Asgardia ដែលជាឈ្មោះរបស់ប្រទេសជាជាតិមួយនៅក្នុងលំហអាកាស និងមានឯករាជ្យភាពដោយខ្លួនឯង មិនជាប់ពាក់ព័ន្ធជាមួយប្រទេសណាមួយនៅលើផែនដីឡើយនោះ ត្រូវបានប្រកាសជាសាធារណៈកាលពីចុងឆ្នាំមុន ហើយបច្ចុប្បន្នគម្រោងនេះបានចាប់ផ្តើមបោះជំហានដំបូងហើយ ស្របពេលក្រុមការងានៅពីក្រោយគំនិតនេះ បានបញ្ចេញឲ្យដឹងថា ផ្កាយរណបប្រមូលព័ត៌មានដំបូង សម្រាប់ប្រទេស Asgardia នឹងត្រូវបញ្ជូនទៅកាន់អវកាសនាចុងឆ្នាំនេះ ខណៈមនុស្សប្រមាណ ១៨០,០០០នាក់ បានធ្វើការចុះឈ្មោះ ដើម្បីក្លាយជាពលរដ្ឋនៃប្រជាជាតិក្នុងលំហអាកាសដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ថា គម្រោងបង្កើតប្រទេសនៅលើលំហអាកាសនេះ ទទួលបានការឧបត្ថម្ភពីសំណាក់មហាសេដ្ឋីជនជាតិរុស្ស៊ី លោក Igor Ashurbeyli រួមជាមួយនិងសហព័ន្ធអ្នកវិទ្យាសាស្រ្តមួយក្រុម ហើយផ្កាយរណបប្រភេទណាណូ (Nano) ដ៏តូចមួយ នឹងត្រូវបញ្ចូនទៅក្នុងទីអវកាស ដើម្បីប្រមែប្រមូលព័ត៌មាន តាមរយៈយានអវកាសដឹកជញ្ជូនមួយគ្រឿង ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ISS។

ទោះបីជាបែបនេះក្តី គេនៅមិនទាន់ដឹងថា តើគំនិតខាងលើនេះ វានឹងអាចកើតមានពិតប្រាកដ ឬមួយក៏យ៉ាងណានោះឡើយ ខណៈគំរោងបែបនេះអាចត្រឹមតែជាការស្រមើស្រមៃ លឿនជាង សមត្ថភាពមនុស្សដែលអាចធ្វើទៅបាន ហើយក៏នឹងត្រូវចំណាយពេលរាប់រយឆ្នាំ និងហិរញ្ញវត្ថុផងដែរ។ ជាពិសេសនោះ វាមិនមែនត្រឹមសេដ្ឋីមួយរូប ឬប្រទេសមហាអំណាចមួយ អាចសម្រេចកិច្ចការនេះតែឯងបាននោះឡើយ៕

